ជាតិ
សេដ្ឋកិច្ច
លោកស្រី ជា សិរី​ ពន្យល់ពីការយល់ច្រឡំរបស់ពលរដ្ឋក្នុងការចាយលុយយ័ននៅកម្ពុជា
16, Jul 2023 , 5:59 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន នាព្រឹកថ្ងៃទី១៦កក្កដា​
លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន នាព្រឹកថ្ងៃទី១៦កក្កដា​
គ្មានការចរាចរក្រដាសប្រាក់យ័ននៅកម្ពុជា ហើយក៏គ្មានការចរាចរក្រដាសប្រាក់រៀល​នៅប្រទេសចិនដែរ នៃការចុះអនុ​ស្សរណៈ​យោគ​យល់​​គ្នា​ស្តីពី «​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code» រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនចិន UnionPay International។ លោកស្រី ជា សិរី​ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ បញ្ជាក់ថា កិច្ចសហការនេះធ្វើឡើងក្នុងគោលដៅជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​របស់​កម្ពុជា និង​ប្រាក់​យ័នរ​បស់​ចិន​ ឱ្យមាន​លក្ខណៈកាន់តែ​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រទេសទាំងពីរ​ តាមរយៈប្រតិបត្តិការលើប្រព័ន្ធឌីជីថល(ស្កេនQR Code)។

 
 
នាពេលថ្មីៗនេះ មានពលរដ្ឋមួយចំនួនបង្ហាញនូវក្តីបារម្ភជាខ្លាំងដោយខ្លាចមានលុយយ័នរបស់ចិនមកចរាចរវាយលុកនៅកម្ពុជា បន្ទាប់ពីធនាគារជាតិនៃកម្ពុជាសម្រេចបាននូវកិច្ចសហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាមរយៈ ​QR-Code ជាមួយ​​ក្រុមហ៊ុ​នចិន​ UnionPay International។ ជុំវិញនូវក្តីបារម្ភនេះ លោកស្រី ជា សិរី បានលើកឡើងថា​ កិច្ចសហការនេះ គឺជាការជួយសម្រួលការទូទាត់ថ្លៃទំនិញ​-សេវា​កម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសចិនឱ្យមានភាពងាយស្រួលតាមរយៈ​ការស្កេន QR Code ដែលនេះជាយន្តការមួយ​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​​ឱ្យកាន់តែទូលាយ។​
 
ពលរដ្ឋដែលមានគណនីធនាគារជា«លុយរៀល​» នឹងអាចចាយ ឬ ទូទាត់ទំនិញនិងសេវានានា នៅប្រទេសចិនបាន ដោយភាពងាយស្រួល តាមរយៈការស្កេនប្រព័ន្ធQR Code។​ ត្រង់ចំណុចនេះ​លោកស្រី ជា សិរី បានពន្យល់ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៦កក្កដា នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ថា ៖ «ពលរដ្ឋខ្មែរទៅស្រុកចិន ទាល់តែមានគណនីជាលុយរៀល ទើបអាចចាយតាមប្រព័ន្ធបាគង ឬ KHQR Code នៅចិនបាន ដោយមានការប្តូរប្រាក់ពីរៀលទៅជាលុយយ័នដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធធនាគារ។ ចំពោះពលរដ្ឋ ឬទេសចរចិនមកខ្មែរវិញ អាជីវករយើង​ គឺត្រូវតែមាន QR Code ជាលុយរៀល​ ទើបពលរដ្ឋចិនអាចទូទាត់ថ្លៃទំនិញ-សេវាពីលុយយ័នមកជាលុយរៀលយើងបាន»។
បើតាមទេសាភិបាលរងធនាគារជាតិ ប្រតិបតិ្តតាមទូទាត់តាមប្រព័ន្ធQR Code នេះ គឺជាយន្តការល្អមួយសម្រាប់កម្ពុជា ក្នុងការជំរុញឱ្យទេសចរចិនដែលមកលេងកម្ពុជាទូទាត់តាមរយៈទូរសព្ទដោយប្រើ Mobile App របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ធនាគារជាតិធ្វើបែបនេះ ក៏ដើម្បីជំរុញពលរដ្ឋខ្មែរឱ្យមានការប្រើប្រាស់ និងសន្សំ​ប្រាក់រៀលកាន់តែច្រើនក្នុងប្រព័ន្ធធនាគារ ផងដែរ។​
 
ជាមួយគ្នានេះ លោកស្រី ជា សិរី ប្រាក់ពលរដ្ឋកុំឱ្យព្រួយបារម្ភចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ឆ្លង​ដែន​តាម ​QR-Code ជាមួយក្រុមហ៊ុន UnionPay International ដោយលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ លោកស្រី​បានអះអាងថា៖ « ចំពោះគោលបំណងនៃកិច្ចសហប្រតិបត្តិការនោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ័នចិនមកចាយនៅកម្ពុជាទេ»៕
 
 
 
 
 
 
 
 
 
 

Tag:
 NBC
  ជា សិរី
© រក្សាសិទ្ធិដោយ thmeythmey.com