ជាតិ
តំបន់មាត់សមុទ្រ បន្តធ្លាក់ភ្លៀងលាយឡំខ្យល់​ខ្លាំង និង​រលក​សមុទ្រធំៗមួយសប្ដាហ៍ទៀត
19, Jul 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ដោយសារឥទ្ធិពលព្យុះចំនួនពីរ និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ បានធ្វើឱ្យកម្ពុជា បន្តមានភ្លៀងធ្លាក់មួយសប្ដាហ៍ទៀត។ ដោយឡែក នៅតំបន់មាត់សមុទ្រឯណោះវិញ នឹងបន្តធ្លាក់ភ្លៀង លាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកក្កដា។



តាមការព្យាករ ចាប់ពីថ្ងៃទី១៩ដល់២៥ខែកក្កដា កម្ពុជាបន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះតាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ជាមួយគ្នានេះ មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន ក៏មានសម្ពាធទាបសកម្មមួយដែលអាចវិវត្តជាព្យុះថ្មីមួយទៀត ផងដែរ។ 
 
លក្ខណៈបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម និងបង្គួរដោយផ្នែក លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ តំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ 
 
ចំណែក តំបន់មាត់សមុទ្រវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។​ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់ខ្លាំង ព្រមទាំងរលកសមុទ្រខ្ពស់ៗ។ 

ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕

Tag:
 ក្រសួងធនធានទឹក
  តំបន់មាត់សមុទ្រ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com