ជាតិ
ពលរដ្ឋខេត្តបាត់ដំបង អាចស្នើសុំសេវាផ្សេងៗតាមអនឡាញ
19, Jul 2023 , 9:29 am        
រូបភាព
រូបពីហ្វេសប៊ុក៖ អង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង
រូបពីហ្វេសប៊ុក៖ អង្គភាពច្រកចេញចូលតែមួយខេត្តបាត់ដំបង
ដោយ:
បើកហាងអាហារ ខារ៉ាអូខេ ស្ថានីយប្រេងឥន្ធនៈ អាជីវកម្មកាប់សាច់លក់ បើកបណ្ណាល័យ និងការបើកអាជីវកម្មផ្ទាល់ខ្លួនផ្សេងៗទៀត អាចស្នើសុំតាមប្រព័ន្ធអនឡាញ នៅក្នុងខេត្តបាត់ដំបង តាមអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្ត។



លោក លីម អ៊ីម៉េង ប្រធានអង្គភាពច្រកចេញចូលតែមួយ របស់សាលាខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗថា ការសាកល្បងឱ្យពលរដ្ឋស្នើសុំទទួលសេវាតាមអនឡាញ ទើបតែដាក់ឱ្យដំណើរការនៅក្នុងខែកក្កដានោះទេ ដែលផ្ដោតសំខាន់ទៅលើវិស័យចំនួន ៤គឺ វិស័យទេសចរណ៍, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
 
លោក លីម អ៊ីម៉េង បានបន្តថា វិស័យទាំង ៤ធំៗខាងលើនេះ មានសេវាតូចៗសរុបជាង ៧០សេវាកម្ម ដូចជាការបើកហាងអាហារ ខារ៉ាអូខេ ស្ថានីយប្រេងឥន្ធនៈ បើកការដ្ឋានសំណង់ កសិដ្ឋានចិញ្ចឹមសត្វ កសិកម្មកសិកម្ម អាជីវកម្មអនាម័យសត្វ អាជីវកម្មកាប់សាច់លក់ បើកបណ្ណាល័យ និងការបើកអាជីវកម្មផ្ទាល់ខ្លួនផ្សេងៗទៀត។ល។
 
ដើម្បីអាចស្នើសុំសេវាកម្មតាមអនឡាញនេះ ពលរដ្ឋគ្រប់រូបត្រូវចូលតាមវេបសាយ ឬQR-code ដែលរដ្ឋបាលខេត្តបាត់ដំបង បានចុះផ្សាយ។ ចំពោះលក្ខខណ្ឌ និងឯកសារពាក់ព័ន្ធ គេនឹងប្រាប់នៅក្នុងវេសាយ ទៅតាមសេវាកម្មនីមួយៗជាភាសាខ្មែរ ដែលពលរដ្ឋចង់ឱ្យអង្គភាពច្រកចេញចូលតែមួយចង់ស្នើសុំ។ នេះបើតាមលោក លីម អ៊ីម៉េង។
 
ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តបាត់ដំបង បន្ថែមថា៖ «ដើម្បីអាចចូលក្នុងវេបសាយបាន យើងត្រូវចុះឈ្មោះសិន ដើម្បីចូលតាមលីងរបស់រដ្ឋបាលខេត្ត។ បន្ទាប់​មកគេ នឹងសួរថាគាត់ជាអ្នកថ្មី ឬអ្នកចាស់។ ចុះឈ្មោះត្រូវដាក់រូប និងឈ្មោះពិតខ្លួនឯង ចៀសវាងអ្នកបន្លំ គេត្រូវពិនិត្យឈ្មោះគាត់រហូតកន្លះថ្ងៃ។ ក្រោយមក បុគ្គលនោះអាចជ្រើស​រើសសេវាដែលគាត់ចង់បាន។ សម្រាប់ឯកសារតម្រូវខុសៗគ្នា ខ្ញុំមិនអាចកំណត់បាននោះទេ»។
 
ជួយបង្កើនប្រសិទ្ធភាព ការផ្ដល់សេវាជូនពលរដ្ឋ ព្រោះអ្នកខ្លះមានការងារមមាញឹកច្រើន។ ដូច្នេះពួកគេអាចដាក់ពាក្យស្នើសុំតាមវិស័យអាជីវកម្មរបស់ខ្លួនតាមអនឡាញនេះ។ ចំពោះបុគ្គលដែលបានស្នើសុំរួចតាមអនឡាញ អាចឱ្យគេទៅយកជំនួសបាន តែត្រូវមានឯកសារច្បាប់ដើមដែលបំពេញរួចនៅតាមវេបសាយ។ បន្ថែមពីនេះ ក៏អាចជួយកាត់បន្ថយសេដ្ឋកិច្ចរបស់ពលរដ្ឋ ដោយសារពេលពួកគេធ្វើដំណើរមកតាមមធ្យោបាយ ផ្សេងៗគឺចាំបាច់ត្រូវតែចំណាយ។ លោក លីម អ៊ីម៉េង លើកឡើងបែបនេះ ហើយបញ្ជាក់ថា៖ «បង់ថ្លៃសេវាកម្មតាមការកំណត់របស់រដ្ឋបាលខេត្ត ហើយពួកគាត់បង់តាមអនឡាញដូចគ្នា។ ដូច្នេះលុយគាត់មិនបាត់ទៅណានោះទេ»។
 
បើតាម លោក អ៊ីម៉េង ការស្នើសុំផ្ដល់សេវាកម្មតាមអនឡាញនៅខេត្តបាត់ដំបង់នេះ មិនមានផ្ដល់សេវាសំបុត្រកំណើត អត្តសញ្ញាណបណ្ណ អត្រានុកូលដ្ឋាន សំបុត្រមរណភាព និងការដាក់ពាក្យបណ្ដឹងនោះទេ។ ដោយលោកអះអាងថា ការសាកល្បងជាលើកដំបូងនេះ គឺផ្ដោតសំខាន់តែលើវិស័យទេសចរណ៍, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍តែប៉ុណ្ណោះ៕
 

Tag:
 ស្នើសុំទទួលសេវាតាមអនឡាញ
 បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com