ជាតិ
បោះឆ្នោត
គ.ជ.ប ផ្សាយឡើងវិញនូវព្រះរាជសារ ដែលអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត
19, Jul 2023 , 3:32 pm        
រូបភាព
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ កញ្ញា ប៉ូ សាគុន
ប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូបដោយ៖ កញ្ញា ប៉ូ សាគុន
ដោយ៖ ទេពញាណ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានយកព្រះរាជសាររបស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ដែលទ្រង់ចេញតាំងពី៤-៥ខែមុន ទៅផ្សព្វផ្សាយលើបណ្តាញសង្គមឡើងវិញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះ នឹងមកដល់។



ព្រះរាជសារ ដែលព្រះមហាក្សត្រចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ គឺជាសេចក្តីអំពាវនាវរបស់ទ្រង់​ ឲ្យប្រជានុរាស្រ្ត ដែលមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះឲ្យបានគ្រប់គ្នា។ ព្រះអង្គ ទ្រង់ជំរុញឲ្យប្រជានុរាស្រ្ត ប្រើសិទ្ធិសេរីភាពក្នុងការបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តលើគណបក្សនយោបាយណាមួយ។
 
ព្រះបរមបពិត្រ ទ្រង់មានព្រះរាជឱង្ការទៅកាន់ប្រជានុរាស្រ្តខ្មែរតាមរយៈព្រះរាជសារយ៉ាងដូច្នេះថា៖«ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសាកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ដូចនេះ សូមកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬការសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ»។
 
កន្លងមក គ.ជ.បខ្លួនឯង ធ្លាប់បានចេញសេចក្តីអំពាវនាវម្តងជាពីរដងរួចមកហើយ ឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ ការបោះឆ្នោតជាតិលើកនេះ មានគណបក្ស១៧ ចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៕  
 

Tag:
 គជប
  ព្រះរាជសារ
© រក្សាសិទ្ធិដោយ thmeythmey.com