ជាតិ
ខេត្តព្រះសីហនុ នៅតែឈរលេខរៀងទី១ ដែលមា​នទេសចរច្រើនជាងគេ ប្រចាំខែកក្កដា
19, Jul 2023 , 6:59 pm        
រូបភាព
front រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
front រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ នាសប្តាហ៍ទី២ ខែកក្កដានេះ ទេសចរបានដើរកម្សាន្ត ទូទាំងប្រទេសជាង ៣០ម៉ឺននាក់ ដោយភ្ញៀវបរទេសផ្ទៃក្នុងមានជាង ៣ម៉ឺននាក់។ ក្នុងនោះ ខេត្តព្រះសីហនុ មានទេសចរទៅកម្សាន្ត​ជាង ៦ម៉ឺននាក់។ ចំណែកខេត្តបាត់ដំបង ឈរលេខរៀងទី២ មានទេសចរជាង ៣ម៉ឺននាក់ផងដែរ។



គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ទេសចរដែលដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៩៦ ០០៥នាក់។ ក្នុងនោះភ្ញៀវជាតិ មានចំនួន ២៥៩ ៤៤១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣៦ ៥៦៤នាក់។
 
ស្ថិតិភ្ញៀវទេសចរនៃសប្តាហ៍ទី២នេះ កត់សម្គាល់ឃើញមានខេត្តចំនួន៤ និងរាជធានីភ្នំពេញ ដែលទេសចរទៅកម្សាន្តច្រើនជាងគេ ​គឺខេត្តព្រះសីហនុមានទេសចរ ៦៦ ៥៥៧នាក់ ក្នុងនោះភ្ញៀវបរទេសមានជាង ៤ពាន់នាក់។ ចំនួនទេសចរនៃខេត្តនេះ បានកើនឡើងជាង ៥០០នាក់ បើធៀបនឹងសប្តាហ៍ទី១។ ឯចំណាត់ថ្នាក់ទី២គឺ ខេត្តបាត់ដំបងមានទេសចរ ៣៥ ៦៦៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានជាង ៦០០នាក់។ 
 
ដោយឡែក លំដាប់ទី៣គឺ រាជធានីភ្នំពេញ មានទេសចរ ៣៣ ២១១នាក់ ដោយទេសចរបរទេសជាង ២ម៉ឺននាក់ ។ សម្រាប់ ខេត្តកំពតមានទេសចរ ២ ៦៧៥នាក់ និងទេសចរអន្តរជាតិមានជាង ១ពាន់នាក់។ ខេត្តដែលស្ថិតនៅលំដាប់ទី៥ គឺខេត្តសៀមរាបមានទេសចរ ២២ ៥៣៥នាក់ ក្នុងនោះទេសចរអន្តរជាតិ ជាង ៥ ០០០នាក់។ ទន្ទឹមនោះ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ និងខេត្តកែប ក៏មានទេសចរទៅកម្សាន្តជាង ១ម៉ឺននាក់ដូចគ្នា។
 
ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ ៣,១៥ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣,៤ភាគរយ និងភ្ញៀវអន្តរជាតិ កើនឡើង ១,៣៦​ភាគរយ​។ បើទោះជាខេត្តព្រះសីហនុ មានទេសចរកើនឡើង តែរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសពីស្ថានភាពអាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរសមុទ្រ មានការប្រុងប្រយ័ត្ន ទាំងអ្នកនេសាទ និងទេសចរជិះទូកឆ្លងទៅកម្សាន្តផងដែរ។ 
 
គិតចាប់ពីថ្ងៃទី១៩-២០ ខែកក្កដានេះ កម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ​ តាលីម(TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតមធ្យមទៅបង្គួរ។ ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន៕
 

Tag:
 ThmeyThmey25
  ខេត្តព្រះសីហនុ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com