ជាតិ
កុមារកំព្រាកម្ពុជា ៨នាក់ កំពុងត្រូវការឪពុកម្ដាយធម៌យកទៅចិញ្ចឹម
19, Jul 2023 , 8:19 pm        
រូបភាព
 រូបតំណាង
រូបតំណាង
ដោយ:
ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក ដើម្បីស្វែងរកឪពុកម្ដាយចិញ្ចឹមឱ្យក្មេងកំព្រាចំនួន ៨នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។ ក្នុងចំណោម​កុមារ​ទាំង​ ៨នាក់ ​គឺ​មាន ៤នាក់​ជា​កុមារ​មាន​កាយសប្បទារធម្មតា ​និង​ ៤នាក់ទៀត​ជា​កុមារមាន​ពិការ​។ បច្ចុប្បន្នពួកគេ​កំពុង​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ទារក​ និង​កុមារ​ជាតិ​ ​និង​មណ្ឌល​បុរី​ទី​១​ ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។​



​បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច​ ​អ្នកមានបំណង​ចង់​ស្មុំ​កូនចិញ្ចឹម​នៅ​ក្នុង​ប្រទេស​ ​ក៏ដូចជា​ចង់​ផ្សារភ្ជាប់​មនោសញ្ចេតនា​ ​ជាគ្រួសារ​ចិញ្ចឹម​ដោយ​ទឹក​ចិត្តសប្បុរស ​និង​សេចក្ដី​អាណិត​ចំពោះ​កុមារ​ណា​ម្នាក់​ ​ឬ​ធ្វើជា​អាណាព្យាបាល​ស្រប​ច្បាប់​ចំពោះ​កុមារ​កំព្រា​ទាំង ​៨​នាក់​នោះ​ ​អាច​ដាក់​ពាក្យ​ស្នើសុំ​នៅ​នាយក​ដា្ឋ​ន​កិច្ចការពារ​កុមារ​ ​នៃ​ក្រសួង​សង្គមកិច្ច។​
 
​សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ថា៖« ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ និង​មានបំណង​ចង់​ស្មុំ​កូន​ចិញ្ចឹម​ក្នុង​ប្រទេស ​ត្រូវតែ​ជា​​សញ្ញា​តិ​ខ្មែរ​ និង​មាន​ទីលំនៅ​អ​ចិន្រ្ទៃយ៍​​ក្នុង​ប្រទេស​កម្ពុជា​»។​
 
លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៩ ខែកក្កដា ថា បុគ្គលដែលមានបំណងចង់ស្មុំកុមារក្នុងចំណោម ៨នាក់ខាងលើ ត្រូវទៅក្រសួងសង្គមកិច្ចដើម្បីស្ដាប់ការណែនាំរបស់អ្នកបច្ចេកទេសពីរបៀបរៀបចំឯកសារទទួលកូនយកទៅចិញ្ចឹម។

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ។ រូបភាព៖ ហ្វេសប៊ុកក្រសួងសង្គមកិច្ច
 
អ្នកនាំពាក្យក្រសួងសង្គមកិច្ចរូបនេះ បន្តថា ការស្វែងរកឪពុកម្ដាយចិញ្ចឹមឱ្យកុមារកំព្រា គឺអនុវត្តជាជំហានៗ។ ដំបូងឡើយត្រូវជួយស្វែងរកសាច់ញ្ញាតិឱ្យពួកគេជាមុនសិន បើពួកគេគ្មានឪពុកម្ដាយបង្កើត បងប្អូន យាយតា អ៊ុំពូមីងទេ គឺក្រសួងនឹងអនុវត្តន៍តាមគោលការណ៍នីតិវិធី ដោយប្រកាសឱ្យមានការស្មុំកូននៅក្នុងប្រទេស ហើយបន្ទាប់មកស្មុំកូនក្រៅប្រទេស ។ តែបើមិនមានការស្មុំកូននោះទេ ចុងក្រោយគេយកក្មេងទាំងនោះ ទៅដាក់នៅមណ្ឌលកុមារកំព្រា។
លោក តូច ចាន់នី បានបញ្ជាក់ថា៖ «ជាគោលដៅរបស់ក្រសួងសង្គមកិច្ច មិនចង់ចិញ្ចឹមក្មេងក្នុងមណ្ឌលកុមារកំព្រាទេ គឺចង់ឱ្យក្មេងរស់នៅមានសាច់ញ្ញាតិ មានគ្រួសារធម៌ និងរស់នៅក្នុងសហគមន៍»។
បើតាមលោក តូច ចាន់នី ក្មេងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ចមានច្រើន ប៉ុន្តែលោកពុំទាន់អាចប្រាប់ពីតួលេខរួមជាក់លាក់បានទេ។
 
លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បានលើកឡើងថា ការប្រកាសស្វែងរកឪពុកម្ដាយធម៌ឱ្យក្មេងនៅក្នុងប្រទេសគឺល្អសម្រាប់ពួកគេ ប៉ុន្តែក្មុងចំណោមក្មេង ៨នាក់ មាន ៤នាក់ជាកុមារពិការភាព។ ត្រង់ចំណុចនេះ លោក សំអាត មានការព្រួយបារម្ភពួកគេមានការលំបាក ឬរងការធ្វើទានុកម្មក្នុងរូបភាពណាមួយ ។
ដូច្នេះលោកសំណូមពរឱ្យក្រសួងតាមដានពីការរស់នៅរបស់ពួកគេ បន្ទាប់ពីមានសប្បុរសជនយកពួកគេទៅចិញ្ចឹម។
  
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ។ រូបភាព៖ screenshot ពីវីដេអូឡាយរបសើអង្គការលីកាដូ

លោក អំ សំអាត បានបញ្ជាក់ថា៖ «ការបើកឱ្យមានការស្មុំកូន អាចមានក្នុងប្រទេសផង និងក្រៅប្រទេសផង ដូច្នេះបើមានក្រៅប្រទេសគួរមានយន្តការក្នុងការពារលើសិទ្ធកុមារ។ ហើយក្នុងប្រទេស ត្រូវត្រួតពិនិត្យ និងតាមដានសុវត្ថិភាពពីការរស់នៅរបស់ក្មេង ឱ្យប្រាកដថាឪពុកម្ដាយចិញ្ចឹមពួកគេមើលថែបានល្អ»។
 
លោក អំ សំអាត បានបន្តថា ទិដ្ឋភាពការស្មុំកូនអន្តរប្រទេស កន្លងមកឃើញមានបញ្ហាច្រើនដូចជា ការបែកបាក់គ្រួសារ មិនទាន់មានយន្តការដើម្បីការពារក្មេងឱ្យច្បាស់លាស់ពិតប្រាកដ និងបាត់អត្តសញ្ញាណក្មេងជាដើម៕ 
 
 

Tag:
 កុមារកំព្រា
© រក្សាសិទ្ធិដោយ thmeythmey.com