ជាតិ
បោះឆ្នោត
ក្រុមហ៊ុន រោងចក្រសហគ្រាស ដែលមិនអនុញ្ញាតឱ្យបុគ្គលិកទៅបោះឆ្នោត នឹងត្រូវពិន័យតាមច្បាប់
19, Jul 2023 , 4:39 pm        
រូបភាព
ដោយ:
ម្ចាស់ក្រុមហ៊ុន រោងចក្រ ឬសហគ្រាស ដែលមិនអនុញ្ញាតឱ្យបុគ្គលិកទៅបោះឆ្នោត នឹងត្រូវរងពិន័យដោយច្បាប់ជាធរមាន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកក្កដា។



បើតាមក្រសួងការងារ កម្មករនិយោជិត អាចឈប់សម្រាក ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ សេចក្ដីណែនាំរបស់ក្រសួងនេះ គឺជាការក្រើនរំឭកដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ដើម្បីជួយសម្រួល​បុគ្គលិក​ខ្លួន ឱ្យទៅចូលរួមបោះឆ្នោត។ ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះ៖ «ភារកិច្ចនេះ នឹងប្រគល់ជូនក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានីខេត្តទាំងអស់ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យ និងអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះ យ៉ាងម៉ឹងម៉ាត់។ ករណីឃើញបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។
 
សូមជម្រាបថា ការអនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិត ឈប់សម្រាក ៣ថ្ងៃជាប់គ្នា ដើម្បីមានពេលទៅចូលរួមបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដានេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។
 
បើតាមរយៈលិខិតដែលចុះកាលបរិច្ឆេទ ថ្ងៃទី៣ ខែមិថុនា នៅទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ «ការឈប់សម្រាករបស់កម្មករនិយោជិត នឹងទទួលបានប្រាក់ឈ្នួល»។ ជាមួយគ្នានេះ ទីស្តីការគណៈរដ្ឋមន្រ្តី ណែនាំឱ្យក្រសួងការងារ ចេញសេចក្តីណែនាំបន្តទៅកាន់បណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាន ឲ្យអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ស្តីពីការ​ឈប់សម្រាកខាងលើនេះ៕ 
 

Tag:
 ឈប់សម្រាក
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com