ជាតិ
បោះឆ្នោត
«២៥កុម្ភៈ២០២៤» បោះឆ្នោតព្រឹទ្ធសភា
19, Jul 2023 , 5:39 pm        
រូបភាព
កិច្ចប្រជុំពេញអង្គមួយរបស់ព្រឹទ្ធសភា កាលពីចុងឆ្នាំ២០២២
កិច្ចប្រជុំពេញអង្គមួយរបស់ព្រឹទ្ធសភា កាលពីចុងឆ្នាំ២០២២
ដោយ៖ ទេពញាណ 

បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងត្រូវកន្លងផុតទៅ នៅក្រោយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជា នឹងមានការបោះឆ្នោត១បន្តទៀត គឺការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ 



សេចក្តីសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានកំណត់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ (ដែលជានីតិកាលថ្មី) នឹងប្រព្រឹត្តទៅ នៅអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះ ចេញកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ តាមសំណើរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ 
 
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោត១ ក្នុងចំណោមការបោះឆ្នោតទាំង៤ នៅកម្ពុជា។ ការបោះឆ្នោត៣ទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មី ទើបនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលឆ្នាំ២០២២។  
 
សម្រាប់នីតិកាលទី៤នេះ (២០១៨-២០២៤) សមាជិក​-​សមាជិក​ព្រឹទ្ធសភា មាន​ចំនួន​៦២រូប​ ដោយក្នុងនោះ សមាជិក​-​សមាជិកាទាំងអស់ចំនួន​៥៨​រូប​ ដែល​កើតចេញ​ពី​ការបោះឆ្នោត​អសាកល គឺ​សុទ្ធតែ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឯ​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ​២​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​ដោយ​រដ្ឋសភា​។ សមាជិក​​​ព្រឹទ្ធសភា២រូប ដែល​ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង គឺ​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ សមាជិករដ្ឋសភាទាំងអស់ ដែលមាន១២៥រូប ក្នុងនីតិកាលទី៦នេះ (២០១៨-២០១៣) ក៏សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជាដែរ។ 
 
ខុសពីរដ្ឋសភា ដែលមាននីតិកាលរយៈពេល៥ឆ្នាំ នីតិកាលរបស់ព្រឹទ្ធសភា មានរយៈពេល៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា ត្រូវមានអាយុយ៉ាងតិច៤០ឆ្នាំ ឯសមាជិករដ្ឋសភា ឬតំណាងរាស្រ្ត ត្រូវមានអាយុ២៥ឆ្នាំយ៉ាងតិច។ អ្នកដែលអាចចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលជាការបោះឆ្នោតតាមបែបអសាកល គឺតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយអ្នកដែលអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលជាការបោះឆ្នោតសាកល គឺជាប្រជាពលរដ្ឋទូទៅឲ្យតែមានអាយុចាប់ពី១៨ឆ្នាំឡើង៕   
 

Tag:
 បោះឆ្នោតព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com