កីឡាជាតិ
ជាតិ
អ៊ុក ស្រីមុំ និងជម្រើសជាតិប៉េតង់កម្ពុជា៣រូបទៀត ទៅប្រកួតជើងឯកពិភពលោក នៅប្រទេសបេណាំង
20, Jul 2023 , 8:59 am        
រូបភាព
កីឡាការិនី អ៊ុក ស្រីមុំ ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កីឡាការិនី អ៊ុក ស្រីមុំ ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ចំនួន៤រូប ត្រូវបានជ្រើសរើស ឲ្យត្រៀមខ្លួនប្រកួតជើងឯកពិភពលោក (World Championship in Benin) នៅប្រទេសបេណាំង។ អត្ដពលិកទាំង ៤រូបនោះ មានកីឡាករ ថោង ឈឿន, កីឡាករ ស៊ិន វង់, កីឡាការិនី អ៊ុក ស្រីមុំ និង កីឡាការិនី កឹម រតនា។


សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបង្ហាញនូវសមាសភាពអត្ដពលិក ចំនួន ៤រូបដែលត្រូវត្រៀម ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Petanque World Championship ដែលនឹងចាប់ផ្តើមប្រកួត នៅថ្ងៃទី៩-១២ ខែកញ្ញា ឆ្នាំ២០២៣។ អត្ដពលិកទាំងនោះ សុទ្ធតែធ្លាប់មានកំណត់ត្ រាក្នុងការសាងស្នារដៃជាច្រើន សម្រាប់កម្ពុជា។ 
 
កីឡាករ ថោង ឈឿន ធ្លាប់ឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៨, មេដាយមាស កីឡាប៊ូលជើងឯកអាស៊ីលើកទី៤ និងមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​៣២ នៅកម្ពុជា។ ក្រៅពីនេះ ក៏មានជ័យលាភីផ្សេងទៀតដែរ។
  
កីឡាករ ថោង ឈឿន ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣២

ចំណែក កីឡាករ ស៊ិន វង់ ធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម លើកទី៣១ និងមេដាយប្រាក់ ស៊ីហ្គេម លើកទី៣២។
 
រីឯម្ចាស់មេដាយមាសជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ ដណ្ដើមបានជ័យលាភីអន្ដរជាតិជាច្រើន ក្នុងមានមេដាយមាស World Championship នៅប្រទេសអេស្ប៉ាញ, មេដាយមាស World Games នៅ Birmingham និងមេដាយមាស ស៊ីហ្គេម លើកទី២៩ ។ល។
  
កីឡាករ ស៊ិន វង់ ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១
ដោយឡែក កីឡាការិនី កឹម រតនា ត្រូវបានជ្រើសរើសឲ្យចេញទៅប្រកួតនេះ បន្ទាប់ពីរូបខ្លួនបានជាប់ជាជម្រើសជាតិ ក្រោយចប់ការប្រកួតជ្រើសរើសកីឡាករ-កីឡាការិនី ជម្រើសជាតិ ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
 
 
កីឡាការិនី កឹម រតនា រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

គួរបញ្ជាក់ផងដែរថា បេណាំង នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នា ខែកញ្ញា ឆ្នាំ២០២៣ ក្នុងទីក្រុង Cotonou ៕
 

Tag:
 ប៊ូល និងប៉េតង់
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com