កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ផូ ផល្លា នឹងប្រើពេល៤១ថ្ងៃ ជិះកង់៣ពាន់គីឡូម៉ែត្រនៅតំបន់អឺរ៉ុបដើម្បីរៃអង្គាសថវិកាជូនពេទ្យកុមារអង្គរ
19, Jul 2023 , 6:19 pm        
រូបភាព
ប៉ារីស៖ បច្ចុប្បន្នរស់នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង លោក ផូ ផល្លា នឹងចំណាយពេល៤១ថ្ងៃ ដើម្បីជិះកង់ឱ្យបានចម្ងាយ៣០០០គីឡូម៉ែត្រនៅបណ្តាប្រទេសចំនួន៨នៅតំបន់អឺរ៉ុប។ ជាព្រឹត្តិការណ៍ដែលលោករៀបចំដើម្បីបុព្វហេតុសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។




លោក ផូ ផល្លា ក្នុងពេលសម្ភាសជាមួយ​លោក អុឹង ចំរើន នៃសារព័ត៌មានឌីជីថលថ្មីៗនៅក្រុងប៉ារីស កាលពីថ្ងៃទី១៤ ខែកក្កដា 

«ខ្ញុំមិនរំពឹងខ្ពស់ពេកនោះទេ ព្រោះខ្ញុំមិនមែនជាបុគ្គលល្បីដែលគេស្គាល់ច្រើនឡើយ គ្រាន់ជាបុគ្គលសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្តែខ្ញុំនឹងព្យាយាមដើម្បីជាចំណែកមួយជួយដល់កុមារកម្ពុជា»។ លោក ផូ ផល្លា បានបញ្ជាក់យ៉ាងដូច្នេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ ក្នុងបទសម្ភាសមួយនៅក្រុងប៉ារីស។
 
ផ្តើមពីថ្ងៃទី២៥ ខែកក្កដា ព្រឹត្តិការណ៍សប្បុរសធម៌ «ជិះកង់ចម្ងាយ៣០០០គីឡូម៉ែត្រ» របស់ លោក ផល្លា នឹងបញ្ចប់នៅថ្ងៃទី៣ ខែកញ្ញា ពោលគឺរយៈពេល៤១ថ្ងៃ ដោយប្រព្រឹត្តនៅតាមបណ្តាក្រុង និងតំបន់នានានៅប្រទេសបារាំង ស្វីស លុចសំបួរ អង់គ្លេស  បែលហ្សិក ហូឡង់ អ៊ីតាលី និងអាល្លឺម៉ង់។

បណ្តាទូតកម្ពុជាគាំទ្រជាបន្តបន្ទាប់
 
ក្រៅពីទទួលលិខិតអនុញ្ញាតពីមន្ទីរពេទ្យកុមារអង្គរ លោក ផូ ផល្លា ដែលជាសហព័ទ្ធមន្ត្រីការទូតមួយរូបនៃស្ថានឯកអគ្គរាជទូតកម្ពុជានៅក្រុងប៉ារីស ក៏ទទួលនូវការឆ្លើយតប និងការគាំទ្រពេញទំហឹងពីបណ្តាស្ថានទូតមួយចំនួននៃបណ្តាប្រទេសដែលត្រូវជិះកង់ឆ្លងកាត់ផងដែរ។
 
លោកលើកឡើងថា៖ «តាមរយៈការជួយផ្សព្វផ្សាយពីបណ្តាស្ថានទូតនានា ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់ នឹងចូលរួមជាមួយខ្ញុំ ដើម្បីបរិច្ចាកប្រាក់ទៅកាន់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលជាការរួមចំណែកនៅក្នុងបេសកម្មរបស់មន្ទីរពេទ្យក្នុងការធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា»។
 

លោក ផូ ផល្លា លើកកង់​របស់ខ្លួននៅពីមុខ La Tour Eiffel ក្រុងប៉ារីស 

ហេតុអ្វីបានជាប្រើប្រាស់កង់ ជាមធ្យោបាយដើម្បីព្រឹត្តិការណ៍សប្បុរសធម៌? អ្នកដើមកំណើតពីខេត្តកំពង់ឆ្នាំង ដែលចូលចិត្តជិះកង់តាំងពីឆ្នាំ១៩៩៨មក រូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ជិះកង់ផ្តល់ប្រយោជន៍សំខាន់បី គឺ ការសន្សំសំចៃ សុខភាព និងបរិស្ថាន ហើយលោកសម្រេចបានប្រើប្រាស់ដើម្បីសកម្មភាពមនុស្សធម៌។
 
តាមពិតទៅមុននឹងសម្រេចចិត្តប្រឈមចំពោះព្រឹត្តិការណ៍ខាងមុខនេះ លោក ផល្លា បានឆ្លងកាត់បទពិសោធមួយរួចទៅហើយ ដោយចន្លោះពីខែមិនា ដល់ខែឧសភា កន្លងមក លោកសម្រេចបានចម្ងាយ២៣០២គីឡូម៉ែត្រក្នុងរយៈពេល៤០ថ្ងៃ លើការជិះកង់នៅក្នុងទីក្រុង ជាយក្រុងប៉ារីស និងខេត្តមួយចំនួននៅប្រទេសបារាំង ដើម្បីអបអរកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ជាប្រវត្តិសាស្ត្រ។ «បទពិសោធ និងជាការសាកល្បងដ៏ល្អនេះហើយ ដែលធ្វើឱ្យខ្ញុំជឿជាក់ថា ខ្ញុំអាចធ្វើបានសម្រាប់ចម្ងាយ៣០០០គីឡូម៉ែត្រក្នុងរយៈពេល៤១ថ្ងៃ»។ លោកអះអាងយ៉ាងដូច្នេះ។
 
ជិះបែប Tour de France
ដោយសារជាប់ភារកិច្ចក្នុងការងារស្ម័គ្រចិត្ត និងកាតព្វកិច្ចក្នុងក្រុមគ្រួសារ លោក ផល្លា មិនអាចជិះពីទីតាំងចាប់ផ្តើមបន្តរហូតដល់ទីតាំងបញ្ចប់ក្នុងរយៈពេល៤១ថ្ងៃពេញនោះឡើយ ដោយលោករៀបចំជាលក្ខណៈដូចព្រឹត្តិការណ៍ Tour de France តាមរយៈការបូកបញ្ចូលចម្ងាយគ្នា។ 
 
ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា លោក ផល្លា ចេញពីក្រុង Lausanne ឆ្ពោះទៅកាន់ក្រុងហ្សឺណែវ ប្រទេសស្វីស ហើយលោកវិលត្រឡប់មកបារាំងវិញ រួចជិះចេញពីក្រុង Colmar ប្រទេសបារាំងទៅកាន់ក្រុង Basel ប្រទេសស្វីស រួមទាំងគោលដៅផ្សេងៗទៀតជាបន្តបន្ទាប់ទៅតាមកាលវិភាគដែលបានកំណត់ទុក។ ថ្ងៃខ្លះលោកជិះឆ្លងប្រទេស ឬឆ្លងភូមិសាស្ត្រ ហើយខ្លះលោកក៏ជិះនៅជុំវិញក្រុងតែមួយផងដែរ ជាក់ស្តែងនៅទី៣ ខែកញ្ញា លោកកំណត់យកការជិះក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ជាគោលដៅចុងក្រោយ។

រៀបចំម្នាក់ឯងសុទ្ធសាធ
 
«អ្វីៗទាំងអស់ ខ្ញុំត្រូវរៀបចំតែម្នាក់ឯងសុទ្ធសាធ ដោយមិនមាន ឬមិនទាន់មានក្រុមហ៊ុនណាឧបត្ថម្ភនោះឡើយ។ ខ្ញុំមិនបានទាក់ទងទៅបណ្តាក្រុមហ៊ុន ព្រោះគិតថា គេមិនទុកចិត្ត ដោយសារតែខ្ញុំមិនមែនជាបុគ្គលដែលល្បីឈ្មោះ ប៉ុន្តែយ៉ាងហោចណាស់ ក៏មានបងប្អូន និងពលរដ្ឋខ្មែរមួយចំនួន ផ្តល់ការស្នាក់នៅសម្រាប់ខ្ញុំផងដែរនៅពេលដែលខ្ញុំសំចតនៅក្រុងដែលពួកគាត់រស់នៅ»។ លោកបានបន្ថែមថា កង់ដែលលោករចនា នឹងភ្ជាប់ដោយទង់ជាតិខ្មែរ អក្សរខ្មែរ និងភាសាបរទេស ដើម្បីផ្សព្វផ្សាយឱ្យគេដឹងឮ និងមើលឃើញពីសកម្មភាពសប្បុរសធម៌របស់លោក។


លោក ផូ ផល្លា ជិះកង់ជាមធ្យម​៣០គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ពីផ្ទះ ទៅ​កន្លែង​ដែល​លោកបម្រើការងារស្ម័គ្រចិត្ត

នៅកម្ពុជា លោក ផល្លា បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌ជាច្រើនលើកផងដែរ តាមរយៈការជិះកង់ ក្នុងនោះមាន​ពីភ្នំពេញទៅកំពតជាដើម ប៉ុន្តែ​នេះជាលើកដំបូង​បំផុត​ដែល​លោក​រៀបចំដោយខ្លួនឯង ហើយនៅ​បណ្តា​ប្រទេសដែលមិនមែនជាប្រទេសកំណើត​របស់ខ្លួន។ លោកមើលឃើញពីភាពលំបាក ប៉ុន្តែ​លោក​មិនរួញរានោះឡើយ។
 
ក្នុងលិខិតមួយចុះថ្ងៃទី៤ ខែកក្កដា លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានអរគុណ និងកោតសរសើរគម្រោងសកម្មភាពសប្បុរសធម៌ដើម្បីកុមារកម្ពុជា របស់លោក ផល្លា។ «ការិយាល័យរៃអង្គាសមូលនិធិនៃមន្ទីរពេទ្យកុមារអង្គរ នឹងផ្តល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពជោគជ័យ»។ នេះជាការបញ្ជាក់របស់នាយកមន្ទីរពេទ្យ ដោយវាយតម្លៃថា គំនិតផ្តួចផ្តើមបែបនេះ ជាការរួមចំណែកទ្រទ្រង់ដល់វិស័យសុខាភិបាលកម្ពុជា ក្នុងការសង្គ្រោះ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងប្រទេសជាតិ។
 
សម្រាប់លោក ផល្លា គឺ កង់ កង់ កង់...៩៥ភាគរយដែលលោក​ប្រើប្រាស់ក្នុងការធ្វើដំណើរ
 
ជាសហព័ទ្ធមន្ត្រីការទូតខ្មែរមួយរូបប្រចាំក្រុងប៉ារីស លោក ផល្លា ប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃរហូតដល់៩៥ភាគរយ ហើយលោកអាចជិះមេត្រូ រថភ្លើង ឬរថយន្តក្រុង សម្រាប់តែដំណើរផ្លូវឆ្ងាយប៉ុណ្ណោះ។ បើគិតចាប់តាំងពីដើមឆ្នាំ២០២២ ដែលលោកមករស់នៅបារាំង លោកជិះកង់បានជាង១ម៉ឺនគីឡូម៉ែត្ររួចទៅហើយ។ នៅផ្ទះ លោកក៏មានកង់សម្រាប់ដឹកកូនៗទាំងពីរផងដែរ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំជិះកង់ជាមធ្យម៣០គីឡូម៉ែត្រក្នុង១ថ្ងៃ ហើយកូនៗរបស់ខ្ញុំក៏ចូលចិត្តជិះកង់ដែរ។ ពេលចង់ញ៉ាំអាហារ ឬដើរលេងជាលក្ខណៈគ្រួសារ និងចំពេលភរិយារវល់ គាត់អាចប្រើប្រាស់មធ្យោបាយផ្សេងទៅកាន់គោលដៅ ហើយខ្ញុំជិះកង់ឌុបកូនៗទាំងពីរទៅកាន់ទីនោះ។ សម្រាប់ចរាចរណ៍នៅក្រុងប៉ារីស ពេលវេលា ក៏ដូចជាមិនសូវខុសគ្នាប៉ុន្មាននោះដែរ»។
 

ក្រៅពីកង់ជិះជាប្រចាំ លោក ផូ ផល្លា មាន​កង់ដោយឡែក​ផ្សេងទៀត​ដើម្បី​ឌុបកូនៗ​របស់ខ្លួន
 
លោក ផល្លា ដែលកន្លងមក ធ្លាប់មកសិក្សានៅក្រុងប៉ារីសដែរនោះ មើលឃើញពីការវិវត្តដ៏គួរឱ្យកត់សម្គាល់នៅក្រុងទេសចរណ៍លំដាប់ពិភពលោកមួយនេះ។ លោកថា កាលពីប៉ុន្មានឆ្នាំមុន ប៉ារីស មិនសូវមានផ្លូវសម្រាប់កង់ច្រើននោះឡើយ ប៉ុន្តែពេលនេះ មានគ្រប់ទីកន្លែង ទាំងនៅប៉ារីស ឬបណ្តាក្រុងនានា ជាពិសេសរដ្ឋាភិបាលបារាំងក៏មានថវិកាលើកទឹកចិត្តសម្រាប់ពលរដ្ឋដែលទិញកង់អេឡិចត្រូនិកប្រើប្រាស់ផងដែរ។
 
«ខ្ញុំរំពឹងថា កម្ពុជា ជាពិសេសរាជធានីភ្នំពេញ នឹងមានការរៀបចំផ្លូវដោយឡែកសម្រាប់កង់ ព្រោះពលរដ្ឋខ្មែរបច្ចុប្បន្ននិយមជិះកង់កាន់តែច្រើន។ ជាការកាត់បន្ថយការចំណាយ និងល្អសម្រាប់សុខភាព ហើយវាការជាចំណែកមួយនៃការការពារបរិស្ថានថែមទៀតផង។ សម្រាប់លោក ផល្លា ការប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃបែបនេះហើយ ទើបលោកស្គាល់គ្រប់ទីកន្លែងនៅក្រុងប៉ារីស ប៉ុន្តែទីក្រុងនៃអ្នកជិះកង់ដែលលោកចូលចិត្តបំផុតនោះ គឺក្រុងកូប៉ិនហាក នៃប្រទេសដាណឺម៉ាក និងក្រុងអាំស្ទែរដាម នៃប្រទេសហូឡង់៕
 

នៅភ្នំពេញ កង់ក៏ជាមធ្យោបាយធ្វើដំណើរ​ប្រចាំថ្ងៃរបស់លោក ផូ ផល្លា ផងដែរ


លោក ផូ ផល្លា ជិះកង់ នៅបារាំង កាលពីឆ្នាំ២០១៦



© រក្សាសិទ្ធិដោយ thmeythmey.com