កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសស៊ីហ្គេមមីយ៉ាន់ម៉ា ស្លាប់ដោយការធ្វើទារុណកម្មពីក្រុមយោធា
20, Jul 2023 , 2:39 pm        
រូបភាព
ដោយ:
ម្ចាស់ខ្សែក្រវាត់ WLC Lethwei Champion របស់មីយ៉ាន់ម៉ា Too Too(ទូទូ) ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតដោយការធ្វើទារុណកម្មពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា ក្រោមបទចោទថាបានចូលដៃជាមួយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ(NLD)។ នេះបើតាមការចេញផ្សាយរបស់សមាគមប្រដាល់ WLC នៃប្រទេសមីយ៉ាន់ម៉ា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

 
ជារឿងអកុសលសម្រាប់ក្រុមគ្រួសារកីឡាករប្រដាល់ Lethwei របស់មីយ៉ាន់ម៉ា ដែលទទួលដំណឹងថា Too Too បានបាត់បង់ជីវិត ក្រោមស្នាដៃក្រុមយោធាមីយ៉ាម៉ា។ ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣រូបនេះ  ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីឆ្នាំ២០២១ នៅភូមិ Minbu ស្រុក Magway ក្រុង Naypyidaw ក្នុងដំណើរបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា មីយ៉ាន់ម៉ា។ 
ទូទូ  ត្រូវបានគេដឹងថាបាត់បង់ជីវិតក្នុងមន្ទីរឃុំឃាំងមួយដែលគ្រប់គ្រងដោយប៉ូលីស មីយ៉ាន់ម៉ា ដែលសាកសពពិនិត្យឃើញថាមានការធ្វើទារុណកម្មរហូតដល់ស្លាប់នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ 
 


សំនួរជាច្រើនបានចោទសួរថា ហេតុអ្វីបានទើបតែជូនដំណឹងទៅគ្រួសារ ខណៈ Too Too បានស្លាប់រយៈពេល៣ខែកន្លងទៅហើយ? នៅថ្ងៃទី១១ ខែកក្កដា ក្រុមគ្រួសាររបស់កីឡាករប្រដាល់ Lethwei ជួរមុខរបស់មីយ៉ាន់ម៉ា បានដាក់ញាត្តិប្រឆាំងទៅនឹងក្រុមប្រឹក្សាយោធា បន្ទាប់ពីទទួលដំណឹងពីការស្លាប់របស់ ទូទូ។ នេះបើតាមការបញ្ជាក់ពីលោក Jame Rees អ្នកថតរូបកីឡា Unseen និងលោក Jake Hanrahan នៅលើបណ្តាញសង្គមធ្វីតធឺ ថ្ងៃទី១៤ ខែកក្កដា។
 
សូមរំលឹកថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលជាប់ឆ្នោត ត្រូវបានផ្តួលរំលំដោយរបបយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក មីន អ៊ុងឡាំ(Min Aung Hlaing) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ការបង្ក្រាបការតវ៉ា របស់យោធាមីយ៉ាន់ម៉ា បានបណ្តាលឱ្យមនុស្សបាត់បង់ជីវីតរហូតដល់ ១៧០០នាក់៕
 

Tag:
 កីឡាប្រដាល់
 Too Too
© រក្សាសិទ្ធិដោយ thmeythmey.com