ជាតិ
បោះឆ្នោត
គ.ជ.ប ប្រាប់គ្រប់បក្ស រួមទាំងអ្នកគាំទ្រឱ្យស្ងប់ស្ងាត់ នៅថ្ងៃបោះឆ្នោត
23, Jul 2023 , 11:25 am        
រូបភាព
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ស្ថិតក្នុងពិធីមួយកាលពីខែឧសភា ឆ្នាំ២០២៣ (រូបពីគ.ជ.ប
លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ស្ថិតក្នុងពិធីមួយកាលពីខែឧសភា ឆ្នាំ២០២៣ (រូបពីគ.ជ.ប
ដោយ:
គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យគ្រប់គណបក្សនយោបាយ និងអ្នកគាំទ្រ រួមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១០យប់ ថ្ងៃទី២១ រហូតដល់ម៉ោង១២យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ២២កក្កដា ជាថ្ងៃស ហើយ២៣កក្កដា ជាថ្ងៃបោះឆ្នោត។



តាមរយៈសារព័ត៌មានថ្មីៗ លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប ពន្យល់បន្ថែមពីលើលិខិតអំពាវនាវរបស់គ.ជ.ប យ៉ាងដូច្នេះថា៖«ពាក្យស្ងប់ស្ងាត់ គឺគ្រប់គណបក្ស មិនត្រូវបង្ហោះសារ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវផ្សព្វផ្សាយអ្វីដែលមិនពិត និងមិនត្រូវផ្សព្វផ្សាយអ្វី ដែលមិនគួរផ្សព្វផ្សាយ»។

លោក បញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ គឺថ្ងៃស និងថ្ងៃបោះឆ្នោត ស្ថាប័នសារព័ត៌មាន នៅតែអាចផ្សព្វផ្សាយបានជាធម្មតា តែត្រូវផ្សព្វផ្សាយអ្វីដែលជាប្រយោជន៍ដល់ការបោះឆ្នោត ដូចជា ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការបោះឆ្នោត ជាដើម។

ក្នុងសេចក្តីអំពាវនាវរបស់ខ្លួន គ.ជ.ប ថែមទាំងដាស់តឿនគ្រប់គណបក្ស អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ ឲ្យគោរពច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនានា។ គ.ជ.ប ព្រមានទុកថា៖«គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប»។
ជាមួយគ្នានេះ គ.ជ.ប ស្នើឱ្យអាជ្ញាធរ សហការជាមួយខ្លួន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងរយៈពេល២ថ្ងៃនេះ ជាពិសេសដើម្បីចាត់វិធានការទប់ស្កាត់រាល់សកម្មភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត។

សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីណែនាំមួយផងដែរ ដោយហាមប្រជាពលរដ្ឋខ្មែរ រួមទាំងជនបរទេសទាំងអស់ មិនឱ្យលក់ និងទទួលទានគ្រឿងស្រវឹងក្នុងអំឡុង២ថ្ងៃនេះឡើយ៕  
អត្ថបទទាក់ទង




Tag:
 ថ្ងៃស
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com