កីឡាជាតិ
ជាតិ
ណាហ្គាវើលដ៍ នឹងបោះជំរំហ្វឹកហាត់នៅថៃ ដើម្បីផ្លាស់ប្ដូបរិយាកាស និងបង្កើតការយល់ចិត្តកីឡាករ
21, Jul 2023 , 5:52 pm        
រូបភាព
ក្លិបណាហ្គាវើលដ៍ ចូលរួមសិក្ខាសាលា រូបពី Cambodian Premier League
ក្លិបណាហ្គាវើលដ៍ ចូលរួមសិក្ខាសាលា រូបពី Cambodian Premier League
លោក រ៉ៃ វិចទ័រ អ្នកចាត់ការទូទៅក្លិបណាហ្គាវើលដ៍ បានបញ្ជាក់ប្រាប់ថា ក្លិប នឹងបោះជំរំហ្វឹកហាត់ នៅ Bang Na ប្រទេសថៃ ដោយនឹងត្រូវចេញដំណើរ នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ អ្នកចាត់ការរូបនេះ និយាយថាការបោះជុំរុំហ្វឹកហាត់នៅទីនោះ ដើម្បីផ្លាស់ប្ដូបរិយាកាសហ្វឹកហាត់ និងជាឱកាសឲ្យកីឡាករ បានស្វែងយល់ពីគ្នា ស្វែងយល់ពីក្រុមការងារ គ្រូបង្វឹក កាន់តែស៊ីជម្រៅ។



លោក រ៉ៃ វិចទ័រ បានប្រាប់សារព័ត៌មានថ្មីៗ​ តាមតេលេក្រាមថា ការបោះជុំរុំហ្វឹកហាត់ នៅ Bang Na ប្រទេសថៃ គឺដើម្បីផ្លាសប្ដូ បរិយាកាសហ្វឹកហាត់ និងទទួលបានបទពិសោធន៍ប្រកួតមិត្តភាព ជាមួយក្លិបនៅទីនោះ។ អ្នកចាត់ការទូទៅរូបនេះ បន្ថែមទៀតថា ការបោះជុំរុំហ្វឹកហាត់ក្រៅប្រទេស ក៏ជាឱកាសសម្រាប់ឲ្យកីឡាករ បានស្វែងយល់ពីគ្នា ស្វែងយល់ពីគ្រូបង្វឹក និងក្រុមការងារទាំងអស់ ឲ្យកាន់តែមានភាពជិតស្និត។
 
«គោលដៅ ដើម្បីឲ្យកីឡាករ យល់ចិត្តគ្នា ហើយពួកគាត់ មានឱកាសបានបោះជុំរុំ ជាមួយគ្នា និងស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅ។ នៅស្រុកខ្មែរ កីឡាករ ហាត់ជុំគ្នាមែន ប៉ុន្ដែ នៅពេលយើងផ្លាស់ប្ដូបរិយាកាស ទៅប្រទេសថៃ សូម្បីតែទីតាំង យើងបោះជុំរុំ នៅកន្លែងហ្វឹកហាត់មួយ មិនមែននៅក្រុង គឺនៅជាយក្រុង ស្ងាត់ល្អ ដើម្បីឲ្យពួកគាត់ប្រមូលអារម្មណ៍ ស្វែងយល់ពីគ្នាទៅវិញទៅមក ពីគ្រូ ពីក្រុមការងារ ស្វែងយល់ពីសិទ្ធិ របស់ពួកគាត់ ក្នុងនាមជាកីឡាករអាជីព។»។ លោក រ៉ៃ វិចទ័រ បាននិយាយប្រាប់ដូច្នេះ។
 
អ្នកចាត់ការរូបនេះ ក៏បានបញ្ជាក់ផងដែរថា ក្លិប ក៏បានធ្វើសិក្ខាសាលាពិសេសមួយ ដែលទាក់ទងនិងចិត្តវិទ្យា និងការប្រើប្រាស់សិទ្ធិផ្សេងៗ ឲ្យបានត្រឹមត្រូវត្រូវក្រោមបរិបទរបស់ក្លិប។
ដោយឡែក ក្នុងការត្រៀមខ្លួនការប្រកួត Cambodian Premier League 2023-2024 ក្លិបណាហ្គាវើលដ៍ បានបង្ហាញសមាសភាពកីឡាករ បរទេសចំនួន ៦រូប ដូចជា៖ Bektur Amangeldiev កីឡាករកៀហ្ស៊ីស៊ីស្ថាន, Cristian Roque កីឡាករប្រេស៊ីល, Marques Marcio កីឡាករប្រស៊ីល, Alexadro Cardoso កីឡាករប្រេស៊ីល, Rafli Mursalim កីឡាករឥណ្ឌូណេស៊ី និង Yuta Kikuchi កីឡាករជប៉ុន៕
 

Tag:
 ណាហ្គាវើលដ៍
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com