កីឡាជាតិ
ជាតិ
ព្រោះស្រឡាញ់គុនខ្មែរ លោក សល់ ពិសិដ្ឋ ចង់ឱ្យកូនប្រុសស្នងតំណែង ទោះធ្លាប់លំបាកក្នុងអាជីពនេះ
22, Jul 2023 , 9:59 am        
រូបភាព
អតីតកីឡាករគុនខ្មែរ សល់​ ពិសិដ្ឋ ក្នុងពេលផ្តល់បទសម្ភាសផ្ទាល់
អតីតកីឡាករគុនខ្មែរ សល់​ ពិសិដ្ឋ ក្នុងពេលផ្តល់បទសម្ភាសផ្ទាល់
ដោយ:
លោក សល់ ពិសិដ្ឋ អតីតកីឡាករប្រដាល់គុនខ្មែរមកពីខេត្តព្រៃវែង បាននាំកូនប្រុសទីពីររបស់ខ្លួនមកចូលរួមក្នុងជំរំហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ ក្នុងចេតនាចង់ឱ្យកូនប្រុសស្នងតំណែងខ្លួន ទោះធ្លាប់ឆ្លងកាត់ការលំបាកនៅពេលប្រកបអាជីពនេះ។ លោកពិសិដ្នបានលាឈប់ពីវិស័យប្រយុទ្ធគុនបុរាណខ្មែរមួយនេះរយៈ៣ឆ្នាំមកហើយ។

 
«និយាយទៅខ្ញុំស្រឡាញ់កីឡាប្រដាល់ ហើយខ្ញុំចង់ឱ្យកូនបន្តតំណែងពីខ្ញុំ»។ អតីតកីឡាករក្លិបប្រដាល់កុសលកីឡា ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះ មុនបន្តថាជីវិតគឺជូរចត់ព្រោះតែស្រឡាញ់វិស័យកម្លាំងបាយនេះ ស៊ូធ្វើការសំណង់ផង ហ្វឹកហាត់ប្រដាល់ផងដោយមិនមានពាក្យរាថយឡើយ ទោះឡើងប្រកួតម្តងៗមានតម្លៃខ្លួនទាបក្តី។
 
ទោះធ្លាប់ឆ្លងកាត់ការលំបាកក្នុងអាជីពនេះក្តី ប៉ុន្តែអតីតកីឡាករប្រដាល់ សល់ ពិសិដ្ឋ នៅតែនាំកូនប្រុស ពិសិដ្ឋ ពេជ្រ វ័យ១៣ឆ្នាំ ចូលហ្វឹកហាត់គុនខ្មែរ នៅក្លិបប្រដាល់គុនខ្មែរ ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង កីឡា។ នាំកូនឱ្យប្រឡូងគុនខ្មែរ តាមគន្លងខ្លួន ដ្បិតលោកពិសិដ្ឋ មើលឃើញថា វិស័យកីឡាមួយនេះមានទីផ្សារខ្ពស់ មិនដូចជំនាន់ខ្លួនឡើយ។
 
អ្នកលេងជើងរន្ទះ សល់ ពិសិដ្ឋ និយាយថា៖«ឃើញរៀមច្បងរត់ហាត់ ខ្ញុំឃើញក៏សុំគ្រូ(ជ័យ កុសល)ហាត់ ហើយធ្វើសំណង់បណ្តើរ ខ្ញុំមកហាត់ប្រដាល់បណ្តើរដោយការស្រឡាញ់ផង។ កាលប្រកួតដំបូងតម្លៃខ្លួនខ្ញុំបានតែ ១០០០០០រៀលទេសម្រាប់ឈ្នះ តែបើចាញ់បាន ៨០០០០រៀល»។ កីឡាករមានដើមកំណើតមកពីខេត្តព្រៃរំឮកថាការប្រកួតដំបូងរបស់ខ្លួនគឺមានអារម្មណ៍ភ័យខ្លះដែរ តែនូវពេលត្រូវគេវាយបានពីរទៅបីដៃ បែរជាលែងភ័យវិញ។
 
យ៉ាងណាកីឡាករ សល់ ពិសិដ្ឋ បង្ហាញអំពីអារម្មណ៍រំភើបនូវពេលដែលឃើញវិស័យកីឡាគុនខ្មែរឡើងកូដមានប្រជាប្រិយភាពខ្លាំង ដែលខុសឆ្ងាយពីកាលជំនាន់លោកប្រកួត។ «ខ្ញុំស្តាយខ្លួនឯងមែនទែន ព្រោះឥឡូវគេគាំទ្រកីឡាច្រើនមែនទែន តែធ្វើម៉េចកម្លាំងខ្ញុំជ្រេរចាស់ទៅហើយខ្ញុំស្តាយដែរ តែកម្លាំងខ្ញុំលែងដល់ក្មេងៗ»។ លោក ពិសិដ្ឋ និយាយដូច្នេះ។
 
អតីតកីឡាករគុនខ្មែរ សល់ ពិសិដ្ឋ ក៏រំលឹកពីដើមចមដែលខ្លួនសម្រេចចូលហ្វឹកហាត់ប្រដាល់ដំបូងគឺព្រោះខ្លួនមានម្ចាស់ចិត្តដែលជានិមិត្តរូបក្នុងបេះដូងរបស់ខ្លួនតាំងពីយូរនោះគឺស្តេចប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង៕

Tag:
 កីឡាប្រដាល់គុនខ្មែរ
 សល់ ពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com