ជាតិ
ខេត្តឧត្តរមានជ័យ ផ្ដល់បណ្ណសរសើរ ដល់មន្ត្រីសុខាភិបាលជាង៦០០នាក់ ក្នុងការរួមចំណែកប្រឆាំងកូរីដជោគជ័យ
22, Jul 2023 , 11:09 am        
រូបភាព
ដោយ៖ គន្ធ ស្រីនីន 
 
ឧត្តរមានជ័យ៖ ខេត្តឧត្តរមានជ័យ បានផ្ដល់បណ្ណសរសើរ ដល់មន្រ្តីសុខាភិបាលចំនួន ៦០៨ នាក់ ដែលបានចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងទៅ។

 
ក្នុងពិធីប្រគល់បណ្ណសរសើរ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថាពិធីនេះ មានអត្ថន័យយ៉ាងធំធេងដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល។  ជាពិសេស គឺលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងកំពុងបំពេញភារកិច្ចអនុវត្តតួនាទី ក្នុងការទប់ស្កាត់ជំងឺកូវីដយ៉ាងជោគជ័យ។
 
អភិបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖ « ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមរដ្ឋបាល ខេត្តនិងប្រជាពលរដ្ឋខេត្តឧត្តរមានជ័យទាំងមូល  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់  និងការទទួលខុសត្រូវរបស់អស់លោក លោកស្រីទាំងអស់ នាគ្រាប្រឈមគ្រាលំបាក។ ដោយហេតុថាគ្រានោះមន្ទីរពេទ្យយើង នៅខ្វះធនធានមនុស្ស ដែលមានជំនាញឯកទេស  និងខ្វះមូលដ្ឋានផ្តល់សេវាសំខាន់ៗដូចជា  អគារជំងឺឆ្លង អគារសង្គ្រោះបន្ទាន់  មិនទាន់សមស្របសម្ភារៈបរិក្ខារមណ្ឌលចត្តាឡីស័កនិងគ្រែសម្រាប់អ្នកជំងឺសម្រាក»។ 
 
លោក ប៉ែន កុសល្យ បានកោតសរសើរ ជោគជ័យដែលក្រុមកងទ័ពអាវស ខេត្តឧត្តរមានជ័យសម្រេចបាននាពេលនេះ គឺកើតឡើងពីការលះបង់ទាំងកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈ៕

© រក្សាសិទ្ធិដោយ thmeythmey.com