ជាតិ
ចង្រ្កានធ្វើពីថ្មភក់ ភស្ដុតាងបន្ថែមនៃរឿងរ៉ាវចម្អិនអាហារនៅសម័យបុរាណ
22, Jul 2023 , 6:59 pm        
រូបភាព
សៀមរាប៖ ការប្រទះឃើញចង្រ្កានធ្វើពីថ្មភក់ ជាតឹងតែងមួយបន្ថែមទៀត ដើម្បីស្វែងយល់អំពីទិដ្ឋភាពដាំស្លហូបចុកក្នុងជីវភាពរស់នៅរបស់ប្រជាជននាសម័យបុរាណ។ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានសម្គាល់ឃើញមានចង្រ្កាន ឬជើងក្រានមួយ ដែលធ្វើពីថ្មភក់នៅបរិវេណប្រាសាទតាព្រហ្ម។ ជើងក្រាននេះ ស្ថិតក្នុងចំណោមគំនរថ្មបុរាណផ្សេងទៀត ដែលស្ថិតនៅក្បែររានថ្មរាងកាកបាទនៃខ្លោងទ្វារខាងកើតចូលប្រាសាទតាព្រហ្ម។ លោកថាជើងក្រានថ្មនេះនៅទីនេះយូមកហើយ ដែលពុំទាន់មានអ្នកសម្គាល់ឃើញទេ ទោះបីវានៅកណ្ដាលវាលក្ដី។

 
មើលទៅដូចជាធម្មតា ប៉ុន្តែវាមិនធម្មតាសម្រាប់អ្នកស្រាវជ្រាវ។ វាជាភស្តុតាងមិនសាមញ្ញទេសម្រាប់អ្នកស្រាវជ្រាវ ដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់ខ្មែរបុរាណ នៅពីក្រោយសំណង់ស្ថាបត្យកម្មដ៏ស្កឹមស្កៃទាំងប៉ុន្មាននៅអង្គរ។ ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានបង្ហោះរូបភាពដែលលោកថតតាមទូរសព្ទស្មាតហ្វូន លើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ កក្កដា និងបានសរសេរថា «ជើងក្រានថ្មបុរាណ»។ 
 
លោក អ៊ឹម សុខរិទ្ធី ពន្យល់អ្នកសារព័ត៌មានឌីជីថលថ្មីៗថា ថ្មដែលគេយកមកធ្វើជើងក្រាននេះ ជាថ្មចម្លាក់របស់ប្រាសាទតាព្រហ្ម អាចជាជើងទម្រនាគដែលបាក់បែក ហើយក្រោយមកត្រូវបានគេដាប់ឆ្លាក់ឱ្យបានជាជើងក្រាន សម្រាប់ប្រើប្រាស់ដាំស្លប្រចាំថ្ងៃតែម្ដង។ តាមការអង្កេតលើផ្ទៃខាងក្នុងជើងក្រាននេះ អាចស្មានបានថាមានគេប្រើប្រាស់ក្នុងរយៈពេលយូរ ព្រោះមានជាប់ស្នាមខ្មៅដានជ្រៅទៅក្នុងសាច់ថ្មនោះ។ 
 
«តាមរយៈស្លាកស្នាមនៅលើថ្មចង្រ្កាននេះ មិនមែននៅសម័យអង្គរទេ តែជាចម្លាក់ថ្មសម័យអង្គររបស់ប្រាសាទតាព្រហ្ម ជាជើងទម្រនាគលើរានថ្មកាកបាទមុខខ្លោងទ្វារប្រាសាទតាព្រហ្ម ដែលក្រោយសម័យអង្គរ ពេលពុទ្ធបរិស័ទថេរវាទ មករស់នៅជុំវិញទីនោះ បាន កែច្នៃថ្មចាស់ជារបស់ប្រើប្រាស់នៅទីនោះតែម្ដង»។ នេះជាការលើកឡើងរបស់លោក សាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី និងបន្ថែមថា សម័យក្រោយអង្គរ ក្នុងបរិវេណប្រាសាទតាព្រហ្ម មានឧបោសថាគារ  ដែលមានព្រះសង្ឃ ពុទ្ធបរិស័ទច្រើនគង់និងរស់នៅជុំវិញទីនោះ។ 


 
តាមការពន្យល់បន្ថែមពីលោក អ៊ឹម សុខរិទ្ធី ចង្រ្កានខាងលើមិនធំពេកទេ មានរាងបួនជ្រុង ទ្រវែង មានទទឹងជាង១០ស.ម និងបណ្ដោយជិត២០ស.ម ដែលអាចប្រើប្រាស់ដាំស្ល ដាំទឹក និងផ្សេងៗ។ ចង្រ្កាននេះ បានបែកជាពីរបំណែក និងត្រូវបានក្រុមអភិរក្ស ក្នុងប្រាសាទ តាព្រហ្ម យកមកផ្គុំដាក់ឲ្យជាប់គ្នាវិញគរលើថ្មផ្សងៗទៀត។ 
 
កន្លងមកអ្នកស្រាវជ្រាវតែងបានប្រទះឃើញជើងក្រាននៅក្នុងរណ្ដៅកំណាយ ជាជើងក្រាន ធ្វើពីដីដុត។ ប្រហែលនេះជាលើកទី១ហើយ ដែលគេប្រទះជើងក្រានធ្វើពីថ្មភក់ដូច្នេះ។ ជើងក្រានធ្វើពីថ្មភក់ និងមានការលុង ដាប់ឆ្លាក់ជាជើង និងកន្លែងដាក់ភ្លើងដូច្នេះ អាចជា តឹងតែងថ្មីដែលអ្នកស្រាវជ្រាវទើបប្រទះ។ នេះជាការយល់ឃើញរបស់លោក អ៊ឹម សុខរិទ្ធី ហើយលោកបន្ថែមថា៖« វាអាចជាភស្ដុតាងបន្ថែម លើកំណាយស្រាវជ្រាវផ្សេងៗទៀត កំណាយស្រាវជ្រាវតែងប្រទះចង្រ្កាន ធ្វើពីដីដុត ដូចជាថ្មីៗនៅវត្តចេតិយ គេឃើញមាន បំណែកចង្រ្កានពីដីដុត ដូច្នេះនេះជាផ្នែកមួយដែលឱ្យយើងឃើញថា ប្រភេទនៃចង្រ្កានដែលប្រើប្រាស់នៅសម័យបុរាណ ក្រៅពីដីដុតមានធ្វើពីថ្មដែរ។ នេះជាការវិវត្តរបស់ ប្រើប្រាស់នៅក្នុងចង្រ្កានបាយខ្មែរសម័យបុរាណ»៕


ជើងក្រានដែលអ្នកស្រាវជ្រាវប្រទះឃើញនៅក្នុងប្រាសាទតាព្រហ្ម។ រូបភាពពីលោក អ៉ឹម សុខរិទ្ធី

 

Tag:
 ចង្រ្កាន
  ជើងក្រាន
  ចង្រ្កានថ្មភក់
  តាព្រហ្ម
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com