ជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ៣ថ្ងៃ
23, Jul 2023 , 7:59 am        
រូបភាព
រូបភាពពី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
រូបភាពពី៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងវប្បធម៌ នឹងរៀបចំ មហោស្រពសិល្បៈចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ តុលា នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ។ មហោស្រពនេះ ក៏នឹងត្រូវចាក់ផ្សាយនៅទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។


 
មហោស្រពសិល្បៈចាប៉ីដងវែងឆ្នាំ២០២៣ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ«វប្បធប្រពៃណីជាតិ និងអត្ដសញ្ម៌សន្តិភាព»។ ការរៀបចំមហាស្រពនេះ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈ វប្បធម៌ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម និងលើកកម្ពស់កិត្យានុភាពជាតិ។ 
 
ជាមួយគ្នានេះ  ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់ សិល្បករ សិល្បការិនី ដែលមានជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែង ចូលរួមប្រឡងក្នុងមហាស្រពដ៏មានសារៈសំខាន់នេះ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ី។ 
 
ដោយឡែក សិល្បករ សិល្បការិនីទាំងអស់ដែលមានបំណងចង់ប្រកួតប្រជែងក្នុងកម្មវីធីមហោស្រពនេះ អាចដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ សីហា នៅទីស្នាក់ការនាយកដ្ឋានសិល្បៈ ឬតាមលេខទូរសព្ទ ០៨៩ ៥៧០ ៧៧៧/ ០៧០ ៨៨២ ៤៩៨/ ០៦៦ ៩៨៦ ៦៧៦ ៕

Tag:
 មហាស្រពចាប៊ីដងវែង
© រក្សាសិទ្ធិដោយ thmeythmey.com