ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រាសាទវត្តចេតិយ ទំនងជាតំបន់ជាយក្រុងសម័យអង្គរ និងសហគមន៍ធំនៅសម័យក្រោយអង្គរ
14, Oct 2023 , 4:09 pm        
រូបភាព
សៀមរាប៖ ប្រាសាទវត្តចេតិយ សង់នៅទីទួលមួយនៅប៉ែកខាងក្រោម ក្រុងសៀម រាប ជិតបឹងទន្លេសាប។ អ្នកស្រាវជ្រាវយល់ថា តំបន់នេះជាទីប្រជុំជនសំខាន់មួយ ស្ថិតនៅជាយរាជធានីសម័យអង្គរ និងជាសហគមន៍ដ៏ធំ នៅសម័យក្រោយអង្គរ។ ប្រាសាទវត្តចេតិយ  ស្ថិតនៅវត្តចេតិយ ភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាបបច្ចុប្បន្ន ត្រូវបានកែប្រែ និងរៀបចំឱ្យទៅជាវិហារពុទ្ធសាសនាវិញ នៅ សម័យក្រោយអង្គរ កំឡុងពេលកម្ពុជា ដូរសាសនាពីព្រហ្មញ្ញមកពុទ្ធសាសនា។

 
ព័ត៌មានពិស្ដារ សូមអានបទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 
 
អ្នកស្រី អ៊ីសា រ៉ហានី៖ តំបន់វត្តចេតិយនេះ បានកកើតឡើងនៅពេលណាដែរ?
 
លោក អ៊ឹម សុខរិទ្ធី៖ តាមការស្រាវជ្រាវបុរាណវិទ្យា ភស្ដុតាងដែលមានសព្វថ្ងៃនេះ ទឹកដី នេះប្រហែលជាចាប់ផ្តើមមានមនុស្សរស់នៅ យ៉ាងហោចណាស់ក៏ត្រឹមសតវត្សទី១០មកដែរ។ ការកកើតបន្ដិចម្ដងៗ គឺបានបង្កើតជាសហគមន៍យ៉ាងធំនៅតំបន់នេះ។ ភស្ដុតាង ដែលធំជាងគេ គឺយើងឃើងថា សំណល់ប្រាសាទដែលនៅពីក្រោយយើងនេះ គឺប្រាសាទ ដែលធ្វើពីឥដ្ឋ ហើយមានទំហំ សមរម្យ គួរសមដែរ ប្រហែលនៅព្រះឥន្ទកោសី ប្រហែល នឹងបក្សីចាំក្រុងដែរ ប៉ុន្តែសង់នៅលើលានទាប មានចម្លាក់បដិមាដែលនៅសល់ ហើយមាន រូបរាងខ្លះដែលអាចយកមកគិតថា យ៉ាងហោចណាស់ប្រាសាទនេះធ្វើនៅដើមសតវត្ស ទី ១០ ដែលជាពេលមួយដែលមនុស្សចាប់ផ្តើមចូលមករស់នៅលើទឹកដីនេះ។ សតវត្សទី១០ នៃដំណើររីកចម្រើនគួរសម នៃចក្រភពខ្មែរ ទើបកកើត១០០ឆ្នាំ (កកើតនៅសតវត្សទី៩) ១០០ឆ្នាំក្រោយមក ការពង្រីកទឹកដីវិសាលភាពនៃរាជធានីកាន់តែធំឡើងៗ។ បើយើងយក ការរីកចម្រើននៃរាជធានីមកគិត បានន័យថា ទឹកដីនៃវត្តចេតិយ ដែលមានប្រាសាទនេះ ឱ្យយើងឃើញថា ការដែលរីកសាយរាជធានីយើង ចេញពីតំបន់រលួស ទៅភ្នំបាខែង ចេញ ពីបាខែងជុំវិញតំបន់អង្គរសព្វថ្ងៃ មករីកសាយនៅតំបន់មាត់ទន្លេ។ ដូច្នេះហើយ ទីតាំងនេះ ជាតំបន់ជាយក្រុងផ្នែកខាងត្បូង នៃរាជធានី តាមបណ្ដោយមាត់ឆ្នេរទន្លេសាប ដែលយើង ទៅខាងកើតបន្ដិចទៅ យើងឃើញមានភ្នំក្រោម ទៅទៀតទៅមានប្រៃមន្ទីរ។ បើយើង ត្រឡប់ថយក្រោយមកវិញ យើងមានប្រាសាទច្រើនទៀត វត្តខ្នាត រហូតដល់ខាងលិចពួក និងរហូតដល់ស្រណាល (ឃុំស្រណាលនៅស្រុកក្រឡាញ់)។ នៅតាមបណ្ដោយឆ្នេរ ប្រហែល ចាប់ពីដើម សតវត្សទី១០នេះ ក្រុងរីកសាយមកខាងត្បូងបន្តបន្ទាប់មក។  នេះ ហើយឱ្យយើងឃើញសារសំខាន់ នៃនគរូបនីយកម្មនៃការវិវត្ត នៃរាជធានីរបស់យើង ដែល ធំបន្ដិចម្ដងៗ ដែលយើងដឹងនៅសម័យកាលសតវត្សទី១២ ដែលរាជធានីយើងមានទំហំ ប្រហែលជា ៣ពាន់គីឡូម៉ែត្រក្រឡា ហើយមានមនុស្សរស់នៅជិត១លាននាក់ បានន័យថា ៨០ម៉ឺននាក់ជាង រួមទាំងសហគមន៍នៅតំបន់វត្តចេតិយនេះ។  តើសហគមន៍ក៏កើតរបៀប ម៉េច? សហគមន៍កកើតឡើងដោយសារ ការបង្កើតឱ្យមានមូលនិធិប្រាសាទ គឺប្រពៃណី យើងពីបុរាណដើម្បីកកើតជាសហគមន៍ កកើតជាភូមិ ជាស្រុក គឺតែងតែមានប្រាសាទ។ ហើយរបៀបបែបហ្នឹងនៅសម័យក្រោយមកក៏ដូចគ្នាដែរ! សម័យក្រោយអង្គរមក គឺយើង មានវត្ត។ កាលណាមានវត្ត គឺមានចំណុះជើងវត្ត។ ដូចសម័យបុរាណដែរគឺថា មាន ប្រាសាទ មានចំណុះរបស់ប្រាសាទបម្រើការឱ្យប្រាសាទ។ ទីតាំងរបស់ប្រាសាទ ប្រៀប ដូចជា ទីតាំងមេដែកដែលឆក់មនុស្សឱ្យមកនៅជុំវិញ ហើយកកើតជាភូមិជាស្រុកជុំវិញ ប្រាសាទ។ អ៊‍ីចឹងបានថា ទេសភាពវប្បធម៌របស់សហគមន៍ខ្មែរ របស់ភូមិស្រុកនៅសម័យ បុរាណគឺមានប្រាសាទ អគារសាសនាជាគោល បន្ទាប់មកទៀតយើងមានបណ្ដាញផ្លូវ គមនាគមន៍ ប្រព័ន្ធទឹក។ល។ គឺរីកចេញពីក្រុង ចេញមកខាងក្រៅ រហូតដល់សម័យ ក្រោយ មក គឺមនុស្សរស់នៅតៗគ្នាដូចតំបន់នេះ គឺរហូតដល់សព្វថ្ងៃ។ ពីមុនជាតំបន់ជាយក្រុង ឥឡូវក៏ជាតំបន់ជ្រាយនៅតំបន់ក្រុងសៀមរាបដដែល។ 


ប្រាសាទវត្តចេតិយដែលត្រូវបានកែសម្រួលជាចេតិយនៅក្រោយសម័យអង្គរ ពេលមានការដូរសាសនា។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ ហេតុអ្វីបានគេហៅថាវត្តចេតិយ?
 
លោក អ៊ឹម សុខរិទ្ធី៖ យើងដឹងហើយថា មានប្រាសាទមួយនៅសតវត្សទី១០ ហើយទៅ បានក្លាយជាប្រាសាទព្រហ្មញ្ញសាសនា។ យើងឃើញមានបដិមា ដូចរូបអ្នកតាជាដើម ទាំងអស់នេះ ជាវត្ថុដែលបូជាទៅនិកាយព្រះឥសូរ ហើយបានបន្ដិចម្ដងៗមកដល់សម័យ ក្រោយមក ប្រាសាទស្ទើរទាំងអស់នៅទូទាំងប្រទេសខ្មែរយើង ត្រូវបានកែសម្រួល ខ្លះកែ សម្រួលរៀបចំឱ្យទៅជាចេតិយ ខ្លះទៀតក៏ថែមថយឱ្យទៅជាចេតិយ ហើយខ្លះទៀតធ្វើ ចេតិយ មួយថ្មីក្របតែម្ដង។ ដូច្នេះហើយអាធ្វើចេតិយថ្មីក្របពីលើប្រាសាទចាស់ អាចមាន ទម្រង់ជារចនាបថជាសិល្បៈសម័យមួយ ប្រហែល២០០ទៅ៣០០ឆ្នាំមុន។ នេះហើយដែលឱ្យ ឈ្មោះមកទីតាំងវត្តនេះ ជាវត្តចេតិយ។  ដោយសារអ៊ីបានមានចេតិយ? ចេតិយ ហ្នឹងគឺយើងមើលសព្វថ្ងៃ មើលពីក្រៅ ចេតិយមិនមែនបុរាណពេកទេ ប៉ុន្តែខាងក្នុងជា ប្រាសាទបុរាណ ដូច្នេះហើយប្រាសាទវត្តចេតិយ យកឈ្មោះទៅតាមចេតិយដែលនៅពីក្នុង ធ្វើស្រោបប្រាសាទនៅពីក្នុង។ 
 
យើងមើលស្ថាបត្យកម្ម ប្រាសាទវត្តអារាមដែលចេញពីសម័យអង្គរ ស្ទើរទូទាំងប្រទេស យើងតែងឃើញថា ប្រាសាទបុរាណសម័យព្រហ្មញ្ញសាសនាមិនដែលបោះបង់ចោលទេ ហើយតែងតែពុទ្ធសាសនានៅសម័យ ក្រោយមក សតវត្សទី១៦ បន្តរហូតមកដល់ បច្ចុប្បន្ន នេះ ៥០០-៦០០ឆ្នាំមកនេះ ទីតាំងប្រាសាទបុរាណ ប្រែក្លាយជាទីតាំងនៃវត្តអារាម នៃ ពុទ្ធសាសនាវិញ គេគ្រាន់តែកែប្រែប្រាសាទបុរាណដែលពីដើមជាព្រហ្មញ្ញ សាសនា រៀប ឱ្យក្លាយជាចេតិយវិញ ជួនកាលគេកែសម្រួលកំពូល ខ្លះទៅគេទុកទាំងមូល ជួនកាលទៀតគេស្រោបធ្វើសំណង់ថ្មីក្របពីលើ ដូចករណីគឺធ្វើស្រោបពីលើ ចេតិយនៅពីក្រោយ បន្ទាប់ មកគេធ្វើឧបោសថាគារ ឬក៏ជាសាឡុម ក្រោយមកខ្លះទៀតទៅ ក៏ជាវិហារគឺនៅពី ខាងកើត។ នេះជាសំណង់ពិសេស នៃអារាមពុទ្ធសាសនាចាប់ពីសតវត្សទី១៦មក  គឺ វត្តបុរាណដែលចាប់ផ្តើមវិវត្តន៍ចេញពីព្រហ្មញ្ញសាសនា ពីក្រោយសម័យអង្គរមក គឺវត្តយើង តែងតែធ្វើរបៀបហ្នឹង គឺថាប្រាសាទបុរាណនៅពីក្រោយ កែរូបរាងឱ្យទៅជាចេតិយ ហើយ ធ្វើឧបោសថាគារ ឬព្រះវិហារ នៅពីកើតជាប់នឹងចេតិយ។ ព្រះវិហាររបស់យើង គឺតម្កល់ ព្រះជី តម្កល់ព្រះធំៗដែលជារូបតំណាង រូបស្នងរបស់ព្រះពុទ្ធសមណគោតម ជាព្រះពុទ្ធ ទីបួន បន្ទាប់មកយើងដាក់រូបព្រះពុទ្ធដទៃទៀតនៅក្នុងហ្នឹង។ បានន័យថា ព្រះពុទ្ធបួនអង្គ បានត្រាស់ដឹងរួចហើយ គេរៀបចំបង្ហាញឱ្យឃើញតាមពុទ្ធប្រវត្តិនៅក្នុងឧបោសថាគារ នៅក្នុងព្រះវិហារ នៅក្នុងសាឡុម នៅពីមុខនៅខាងកើត។ ចំណែកនៅពីក្រោយ គឺចេតិយ។ ចេតិយគេតែងដាក់តម្កល់ព្រះពុទ្ធចូលព្រះរាជនិព្វាន ឬព្រះពុទ្ធដទៃទៀត ជាពិសេសគឺគេតែងតម្កល់អង្គទី៥ ដែលនឹងត្រាស់ដឹងគឺព្រះសេអាមេត្រី។ ចេតិយនៅពីក្រោយ ប្រៀបដូចជាទីកន្លែងដែល ព្រះសេអាមេត្រី នឹងយោងកំណើតមកគ្រប់គ្រងផែនដី បន្ទាប់ពីព្រះពុទ្ធសមណគោតម។ នេះជាលក្ខណៈពិសេសដែលសំខាន់ នៃអារាមពុទ្ធសាសនា របស់ខ្មែរ។ ហើយយើងតាំងពីសម័យក្រោយអង្គរមក គឺយើងតែងធ្វើជានិច្ច ឲ្យមានទំនាក់ ទំនងរវាងព្រះពុទ្ធបួនអង្គនៅខាងកើត ហើយនិងព្រះពុទ្ធទីប្រាំ នឹងយោងកំណើត ក្នុងពេល ឆាប់ៗខាងមុខនេះគឺនៅពីក្រោយ ពីខាងលិច ហើយចេញអំពីប្រាសាទបុរាណជាពិសេស។ ប្រាសាទបុរាណមានបន្ទប់បិទជិត ប្រៀបដូចជាគត៌គ្រឹះ ជាកន្លែងដែលកកើតមកវិញ។ ដូច្នេះហើយជំនឿបែបហ្នឹងគឺឆ្លងគ្នា គឺតែងធ្វើរបៀបហ្នឹងដូចគ្នា ចេតិយជាកន្លែងដែលបិទ ជិត ហើយដែលជាទីកំណើតមនុស្សនាពេលអនាគត។ ទំនៀមនេះ ដូចប្រពៃណីយើង សព្វថ្ងៃ ដែលយើងធ្វើចេតិយតម្កល់ធាតុឱ្យដូនតាឪពុកម្ដាយយើង ឱ្យស្កឹមស្កៃ ដាក់នៅ ក្នុងវត្តជាទីកន្លែងដែលយើងដាក់ឱ្យដូនតាដែលស្លាប់ ទៅយកធាតុមកបញ្ចុះ ហើយរង់ចាំ ការកកើតមកវិញ។ 


ប្រាសាទវត្តចេតិយដែលត្រូវបានកែសម្រួលជាចេតិយនៅក្រោយសម័យអង្គរ ពេលមានការដូរសាសនា។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ មានន័យថា នៅសម័យអង្គរ និងក្រោយអង្គរ ពលរដ្ឋតែងយកធាតុដាក់ក្នុងចេតិយ ឬទីវត្តអារាម?
 
លោក អ៊ឹម សុខរិទ្ធី៖ យើងមើលប្រវត្តិសាស្រ្តនៃវប្បធម៌យើង យើងអាចសួរថាហេតុអ្វីបាន មានប្រាសាទ ច្រើនម្ល៉េះ? គេធ្វើដើម្បីអ្វី? គេធ្វើប្រាសាទមិនមែនដើម្បីមនុស្សរស់នៅ។ គេធ្វើប្រាសាទមិនមែន ជាកន្លែងសម្រាប់ស្ដេច ឬមន្រ្តីផ្សេងៗតាំងទីនៅទេ។ ប្រាសាទជា កន្លែងដូចវិហារអ៊‍ីចឹង។ កន្លែងមនុស្សមកធ្វើបុណ្យ មិនមែនមកស្នាក់នៅទេ ហើយប្រាសាទនោះនឹងក្លាយជាទីអាស្រ័យ បានន័យថាអ្នកកសាង នៅរស់គឺរៀបចំធ្វើប្រាសាទ ដើម្បី គោរពព្រះដែលខ្លួនឯងជឿ ពេលអ្នកកសាងនោះស្លាប់ទៅវិញ គឺប្រាសាទនោះហើយ ជាទី បញ្ចុះធាតុ ដើម្បីឱ្យអ្នកស្លាប់នោះរស់នៅក្នុងសំណង់ ក្នុងអាគារដែលខ្លួនឯង បានសាង សង់។ ប្រាសាទប្រៀបដូចទីឋានរស់នៅរបស់អ្នកកសាង។ ហើយទំនៀមនោះវាតៗមក។ វា ចេញផុតពីសម័យបុរាណ សម័យអង្គរ មកដល់សម័យក្រោយអង្គរ ពេលយើងដូរសាសនា ក៏ប្រពៃណីនេះនៅតគ្នា យើងមានមូលដ្ឋានធំមកហើយ អ៊‍ីចឹងហើយបានគេកែប្រែអារាម គេអត់វាយចោល ប្រសិនជាមានទំនាស់សាសនារវាងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា គឺអត់មានអ៊‍ីចឹងទេ ដោយសារអត់មានទំនាស់ បានន័យថាប្រពៃណីដែលគិតដូចគ្នា សំខាន់ បំផុត គឺទីឋានបរមសុខរបស់យើងទៅអនាគត ទៅកាន់ឋានសួគ៌លែងកើតមកវិញ។ ដូច្នេះ ហើយបានជំនឿហ្នឹងវានៅតៗគ្នា សំណង់នៅតែធ្វើតៗគ្នាជាប្រពៃណីមួយ ដែលយើង ឃើញថា អារ្យធម៌សម័យបុរាណវាមិនទាន់ស្លាប់ទេ វានៅរស់គ្រាន់តែវាដូររូបភាព មកដល់ សម័យក្រោយ។ តាមរយៈកំណាយដែលយើងឃើញដែរ មនុស្សអ្នកដែលមិនបានកសាង ប្រាសាទខ្លួនឯងផ្ទាល់ទេ ប៉ុន្តែជាចំណុះជើងវត្តជាអ្នកថែទាំប្រាសាទនៅទីនេះ ពេលដែល ដូនតាខ្លួនឯងស្លាប់ ក៏យកធាតុមកបញ្ចុះ ភ្ជាប់និស្ស័យជាមួយព្រះអ្នកដែលកសាង ប្រាសាទហ្នឹង ដើម្បីពេលអនាគតទៅ អ្នកហ្នឹងរស់នៅក្នុងទីឋាន បរមសុខនឹងព្រះដូចគ្នា។ នេះហើយដែលជាប្រពៃណី ជាវប្បធម៌ធំ ដែលយើងនៅបន្ត។ យើងមិនអាចកាត់ផ្ដាច់បាន ហ្នឹងហើយជាទំនៀម តម្លៃនៃវប្បធម៌យើងគឺនៅត្រង់ហ្នឹង។ បើសិនជាផ្ទុយទៅវិញទៅតាមនិន្នាការសាសនាជំនឿសម័យថ្មី បើកាត់ផ្ដាច់ចំណុចទាំងនេះ ដូចយើងកាត់ឫសគល់ នៃ ប្រពៃណីយើង យើងបញ្ចប់អារ្យធម៌ប្រវត្តិកំណើតរបស់យើងត្រឹមហ្នឹង យើងចូលសម័យថ្មី ប្រពៃណីថ្មីវាពុំមានតម្លៃដូចបុរាណ ហើយយើងក៏បាត់អត្តសញ្ញាណ ដែលរុងរឿងពីបុរាណ មកក៏បាត់ដែរ។ ដូច្នេះហើយទៅអនាគត មហាជនយើងត្រូវពិចារណា តើប្រពៃណីយើង ហ្នឹងវាមានប្រភពមកពីណា វាមិនមែនទើបមានកកើតថ្មីនេះទេ  វាតពីបុរាណមក។ នេះជា មោទកភាពរបស់យើងមនុស្សខ្មែរ ដែលមានប្រវត្តិយូរអង្វែងរាប់ពាន់ឆ្នាំ ជាសាសន៍ដើម ហើយដែលមិនមែនទើបតែកើតឡើងថ្មីៗ អាបង្កើតថ្មីជារបស់ឥតប្រយោជន៍ ហើយរបស់ ទើបកើតថ្មី វាមិនមែនដូចកំណើតដូនតាយើងមានយូរមកហើយទេ។


ប្រាសាទវត្តចេតិយដែលត្រូវបានកែសម្រួលជាចេតិយនៅក្រោយសម័យអង្គរ ពេលមានការដូរសាសនា។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ តាមការសិក្សាតើសំណង់វិហារ និងចេតិយនេះអាចធ្វើអំឡុង សតវត្សទីប៉ុន្មាន?
 
លោក អ៊ឹម សុខរិទ្ធី៖ វត្តចេតិយ និងវិហារ អាចធ្វើនៅកំឡុងពេល២០០ទៅ៣០០ឆ្នាំមុន។ មានភស្ដុតាងថ្មីឥឡូវនេះ គឺយើងមានឃើញសល់កាក់ធ្វើពីលោហៈ នៅរាជការព្រះបាទ អង្គឌួង។ ដូច្នេះហើយបើសិនជាកាក់ហ្នឹង ហើយនិងរបស់ប្រើប្រាស់ផ្សេងៗទៀត មានភាជន៍ យើងយល់ថា ចេតិយន និងវិហារនេះ ប្រហែលអាចកសាងក្នុងរាជ្យព្រះបាទអង្គឌួង។ ប៉ុន្តែនៅជាលើកឡើងតៗគ្នា។ បើយើងមើលសីមា ចាប់ពីសតវត្សទី១៦មក គឺទីតាំងនេះលែងជាព្រហ្មញ្ញសាសនា ជានិគមនៃពុទ្ធសាសនា ហើយនៅជាប់មាត់ទន្លេ។ ដោយសារនៅជាប់មាត់ទន្លេហ្នឹងហើយ គឺជាការទំនាក់ទំនងគ្នាពីខេត្តបាត់ដំបង ខេត្តត្រើយខាង ណោះ និងខេត្តត្រើយខាងណេះ (សៀមរាប) ហើយឆ្លើយឆ្លងគ្នាមកនេះ។ តាមការឆ្លើយ ឆ្លង (ជំនួញ) ហ្នឹងហើយបានមានសំណល់កាក់។ តើព្រះបាទអង្គឌួងគង់នៅឯណា? ព្រះ បាទអង្គឌួង ទ្រង់គង់នៅត្រើយខាងណោះ នៅខាងឧដ្ដុង។ ទំនាក់ទំនងមនុស្សពីដើម ទោះ បីកន្លែងនេះលែងជារាជធានី ប៉ុន្តែនៅមាននិគមធំ មនុស្សរស់នៅច្រើន ហើយមានទំនាក់ ទំនងបន្តៗដែរ។
 
អ្នកស្រី អ៊ីសា រ៉ហានី៖ ចុះបើសហគមន៍នេះនៅជាប់មាត់ទឹក តើវាប្រឈមនឹងការជន់លិចទេកាលណោះ?
 
លោក អ៊ឹម សុខរិទ្ធី៖ ប្រពៃណីខ្មែរគឺយើងតែងរស់នៅលើគោក គេហៅថាគោកស្រុក ដូច្នេះភូមិសាស្រ្តនេះ មិនអាចលិចទឹកទេ តំបន់ជុំវិញអាចលិច។ ទីតាំងផ្សេងៗគ្នា ទីតាំងប្រាសាទ ទីតាំងមនុស្សរស់នៅតែងខ្ពស់ជាងទឹកជានិច្ច។ អ្នកសិក្សាផ្នែកវិស្វកម្ម នគរូបនីយកម្មគេដឹង ទើបទួលទាំងអស់ គឺជាទីតាំងដែល មានមនុស្សរស់នៅ។ 


សសរពេជ្រនៅប្រាសាទវត្តចេតិយបច្ចុប្បន្ន។ 
 
អ្នកស្រី អ៊ីសា រ៉ហានី៖ តើអ្វីទៅជាសារសំខាន់នៃទីតាំងនេះ?
 
លោក អ៊ឹម សុខរិទ្ធី៖ សារសំខាន់នៅទីនេះ ដូចជាផលិតផលថ្មីមួយសម្រាប់អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ក្នុងតំបន់នេះ។ យើងឃើញមានទេសភាពទាំងប្រាំងទាំងវស្សា។ ទីនេះល្អ ហើយមានបុរាណដ្ឋានរបស់ខ្លួនឯង យើងស្មានមានត្រឹមតែវត្ត ប៉ុន្តែវាមានប្រវត្តិសាស្រ្តតាំងពីណា ពីណាមក ឱ្យយើងចង់សិក្សា ហើយអ្នកដែលចង់សិក្សាពីប្រវត្តិ នគរូបនីយកម្ម ប្រវត្តិនៃការកកើត ហើយចង់ដឹងពីជីវភាពរស់នៅប្រជាជនសម័យអង្គរ សម័យក្រោយអង្គរផ្សេងៗនោះគឺថា ទីតាំងនេះមានសារសំខាន់ខ្លាំងដែលជាផលិតផលថ្មីសម្រាប់ទេសចរ។ ប្រសិនជាយើងមើលផែនការរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍវិស័យទេសចរណ៍រហូតដល់ឆ្នាំ ២០៣៥នោះ ហើយបើគិតពីភ្នំគូលែន ដល់ទន្លេសាបគឺថាទីតាំងនេះ ចូលទៅក្នុងផែនការនៃការអភិវឌ្ឍន៍ទេសចរណ៍។ ហើយសំខាន់ជាងគេបង្អស់ រឿងនោះ គឺសហគមន៍តំបន់នេះនឹងអាស្រ័យផល បានផលអំពីវិស័យហ្នឹង។ យើងមានសក្តានុពលផ្សេងក្រៅពីអង្គរ យើងមានទន្លេសាប យើងមានស្រែប្រាំងវស្សាពេញហ្នឹង ទេសភាពយើងផ្សេង។ ថ្ងៃក្រោយទៅ អ្នកដែលមកលេងសៀមរាប អាចដូររូបភាពមកលេងអង្គរ ទន្ទឹមនឹងនោះមានស្ថានីយ មានទឹកដីមួយថ្មីទៀត ដែលមានប្រវត្តិពីអង្គររហូតដល់បច្ចុប្បន្ន គឺនៅវត្តចេតិយនេះ៕


សំណង់វិហារដែលសង់នៅខាងកើតមុខប្រាសាទវត្តចេតិយ ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម និងពុំមានការប្រើប្រាស់ទៀតឡើយ។ 

 

Tag:
 ប្រាសាទវត្តចេតិយ
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com