កីឡាជាតិ
ជាតិ
អត្ដពលិកកីឡាយុទ្ធគុនចម្រុះ ៤រូប នឹងចូលរួមប្រកួតក្នុងទ្រុង ព្រឹត្តិការណ៍ជើងឯកអាស៊ី នៅថៃ
23, Jul 2023 , 9:59 am        
រូបភាព
កីឡាករ កម្ពុជា ប្រកួតក្នុង One Championship រូបពី Cambodian MMA Federation
កីឡាករ កម្ពុជា ប្រកួតក្នុង One Championship រូបពី Cambodian MMA Federation
សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ៤រូប ចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣។ លោក ហ៊ុន ច័ន្ទរាជ្យ អនុប្រធាន និងជាគ្រូបង្វឹក មិនរំពឹកចំពោះលទ្ធផលខ្ពស់ពេកទេដ្បិតជាការប្រកួតក្នុងទ្រុង ប៉ុន្ដែជឿជាក់អត្ដពលិក នឹងធ្វើបានល្អ បើទោះជាសហព័ន្ធ ទើបតែបង្កើតឡើងក៏ដោយ។


 
ប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជា ៩រូប នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ។ ប្រតិភូកីឡា ៩រូបនោះ មាន៖លោក សេង ប៊ុនសុង ប្រធានប្រតិភូ, លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹក, លោក ជឹម ធារ៉ា គ្រូជំនួយ, លោក ជា វ៉ាន់សាន្ត សិក្ខាកាម, លោក ស៊ុន ចាន់បូរ៉ី សិក្ខាកាម, កីឡាករ មាស ម៉ើ , កីឡាករ សូ សុវណ្ណរតនា, កីឡាករ ធាន អាត, និងកីឡាការិនី ផល រតនា។ 
 
លោក ជា វ៉ាន់សាន្ដ និងលោក ស៊ុន ចាន់បូរ៉ី នឹងត្រូវចូលរួមសិក្ខាសាលា មុនការប្រកួតចាប់នាថ្ងៃទី១៨-២០ ខែសីហា ឆ្នាំ២០២៣។ ចំណែកកីឡាករ ៤រូប អ្នកទាំងនោះ មាន៖ កីឡាករ មាស ម៉ើ ត្រូវប្រកួតលើវិញ្ញាសា ៧១គីឡូក្រាម, កីឡាករ សូ សុវណ្ណរតនា វិញ្ញាសា ៦០គីឡូក្រាម, កីឡាករ ធាន អាត ៦០គីឡូក្រាម និងកីឡាការិនី ផល រតនា ៥៤គីឡូក្រាម។

លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹក រូបពី Cambodian MMA Federation
 
លោក ហ៊ុន ច័ន្ទរាជ្យ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា រូបលោក មិនរំពឹកលើលទ្ធផលខ្ពស់ប៉ុន្មានទេ ព្រោះតែសហព័ន្ធទើបតែបង្កើត ហើយនេះ ក៏ជាការចូលរួមលើកដំបូងរបស់អត្ដពលិកកម្ពុជា លើឆាកអន្ដរជាតិផងដែរ។ ប៉ុន្ដែ គ្រូបង្វឹករូបនេះ ជឿថា កីឡាករ-កីឡាការិនី នឹងធ្វើបានល្អ ព្រោះពួកគេមានស្មារតីប្រកួតជាខ្លាំង។
 
«ខ្ញុំសង្ឃឹមថា អ្វីដែលសំខាន់បំផុតនោះគឺថា អត្តពលិក និងប្រទេសជាតិរបស់យើង ចូលរួមក្នុងព្រឹត្តិការណ៍ AMMA ដែលទើបបង្កើតថ្មី ដើម្បីតំណាងឱ្យជាតិរបស់យើងឱ្យអស់ពីសមត្ថភាព។ លទ្ធផលមិនសំខាន់នៅពេលនេះទេ ដោយសារយើងជាសហព័ន្ធថ្មីត្រឹមត្រូវ ហើយនៅតែស្ថិតក្រោមការអភិវឌ្ឍន៍ដោយគ្មានថវិកា ឬជំនួយ ដូច្នេះយើងសង្ឃឹមថានឹងធ្វើបានល្អ និងទទួលបានការទទួលស្គាល់ និងការគាំទ្រពេញទំហឹងពីក្រសួង និងប្រទេសរបស់យើង។»។ លោក ហ៊ុន ច័ន្ទរាជ្យ បានបញ្ជាក់ប្រាប់ដូច្នេះ៕
 
 

Tag:
 យុទ្ធគុនចម្រុះ
  ជើងឯកអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com