ជាតិ
«អាហារូបករណ៍រេដបូក» ជួយអភិវឌ្ឍន៍ធនធានមនុស្សនៅតំបន់ជួរភ្នំក្រវាញ
22, Jul 2023 , 5:59 pm        
រូបភាព
សិស្សត្រូវឆ្លងដជារៀងរាល់ថ្ងៃ ដើម្បីឆ្លងទៅវិទ្យាល័យជីផាត។ រូបភាព៖ ឈុំ ចន្ថា
សិស្សត្រូវឆ្លងដជារៀងរាល់ថ្ងៃ ដើម្បីឆ្លងទៅវិទ្យាល័យជីផាត។ រូបភាព៖ ឈុំ ចន្ថា
កោះកុង៖ តាមរយៈគម្រោងរេដបូក (REDD+) ដែលដឹកនាំដោយក្រសួងបរិស្ថាន និងអនុវត្តដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ១៦រូប មកពីតំបន់ជួរភ្នំក្រវាញ។ អាហារូបករណ៍រយៈពេល៤ឆ្នាំនេះ ផ្ដល់ឱ្យសិស្សសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងជួយសហគមន៍របស់ពួកគេ ក្រោយពេលបញ្ចប់ការសិក្សា។


 
កម្មវិធីអាហារូបករណ៍រេដបូកជួរភ្នំក្រវាញ បានបង្កើតឡើងនៅឆ្នាំ២០១៩ និងដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២០ ក្នុងគោលបំណងជួយអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសហគមន៍។ ទាំងនេះ ជាផ្នែកមួយជួយកាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ។
 
ជួរភ្នំក្រវាញ គឺជាតំបន់មួយសម្បូរដោយព្រៃឈើ និងជីវៈចម្រុះ ដែលជារបាំងធម្មជាតិដ៏សំខាន់នៅកម្ពុជា។ ដោយសារបញ្ហាជីវភាព និងខ្វះការយល់ដឹង ព្រៃឈើត្រូវបានបំផ្លាញជារៀងរាល់ឆ្នាំ ដើម្បីបានចំណូល។ ដើម្បីរក្សាព្រៃនៅតំបន់ជួរភ្នំក្រវាញបាន គឺចាំបាច់ធ្វើឱ្យជីវភាព និងការយល់ដឹងរបស់ពលរដ្ឋមូលដ្ឋានប្រសើរឡើង ជាមុនសិន។
 
ជុំវិញការងារការពារនេះ គម្រោងរេដបូក បានផ្ដល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យជារៀងរាល់ឆ្នាំដល់យុវជននៅតំបន់ជាភ្នំក្រវាញ ឱ្យពួកគេសិក្សាលើជំនាញផ្សេងៗ ដើម្បីយកទៅអនុវត្ត និងជួយសហគមន៍ ក្រោយពេលបញ្ចប់ការសិក្សា។ នៅឆ្នាំ២០២០ ដល់២០២៣ គម្រោងរេដបូក បានផ្ដល់អាហារូបករណ៍ដល់សិស្ស១៦រូបហើយ ក្នុងភូមិសាស្រ្តខេត្តកោះកុង, ពោធិ៍សាត់ និងកំពង់ស្ពឺ។ 
 
កម្មវិធីអាហារូបករណ៍រេដបូក មានរយៈពេល៤ឆ្នាំ ដោយរ៉ាប់រងទាំងស្រុងលើថ្លៃសិក្សា សម្លៀកបំពាក់, សម្ភារៈសិក្សា, ម្ហូបអាហារ, ប្រាក់ឧបត្ថម្ភ, កន្លែងស្នាក់នៅ, ធានារ៉ាប់រងសុខភាព ជាពិសេសផ្ដល់ថ្នាក់រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ ក្រោយបញ្ចប់ការសិក្សា និស្សិតត្រូវយកចំណេះ និងជំនាញរបស់ខ្លួនមកអនុវត្ត និងជួយសហគមន៍រយៈពេល៣ឆ្នាំ។
 
លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា ការផ្ដល់ដ៏ច្រើនបែបនេះ បានជួយសម្រួលបន្ទុកគ្រួសារនិស្សិតយ៉ាងច្រើន។ លោក បន្តថា ប្រសិនបើគ្មានគម្រោងអាហារូបករណ៍រេដបូកនោះទេ យុវជនជាច្រើននឹងគ្មានឱកាសសិក្សាថ្នាក់មហាវិទ្យាល័យនោះទេ ដោយសារកត្តាជីវភាព។

លោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍ នៃអង្គការសម្ព័នមិត្តសត្វព្រៃ។ រូបភាព៖ ឈុំ ចន្ថា
 
លោក បន្ថែមដូច្នេះថា៖«គម្រោងអាហារូបករណ៍នេះពិសេសមែនទែន ដែលអាចជួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ជួរភ្នំក្រវាញរបស់យើង ជាពិសេស ជួយអភិរក្សធនធានធម្មជាតិ ព្រោះនៅពេលគាត់រៀនចប់ គាត់នឹងត្រឡប់មកជួយអភិវឌ្ឍន៍ភូមិឃុំរបស់គាត់វិញ»។
 
លោក ទុយ ហុង នាយកវិទ្យាល័យជីផាត ស្ថិតក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ពេញចិត្តចំពោះកម្មវិធីអាហារូបករណ៍របស់គម្រោងរេដបូកនៅពេលនេះ។ កម្មវិធីនេះ បានផ្ដល់ឱកាសដល់យុវជននៅតំបន់ដាច់ស្រយាលបានបន្តការសិក្សាថ្នាក់មហាវិទ្យាល័យតាមក្ដីស្រមៃរបស់ខ្លួន។
 
ដ្បិតសម្បូរកន្លែងទេសចរណ៍ ប៉ុន្តែពលរដ្ឋជីផាតមានជីវភាពខ្វះខាតនៅឡើយ។ ការណ៍នេះ បានធ្វើឱ្យក្មេងជាច្រើនបោះបង់ការសិក្សា។ លោក ទុយ ហុង បន្ថែមដូច្នេះថា៖«មិនសម្បូរអ្នកចេះដឹងនោះទេ ព្រោះប្រជាជនយើងក្រីក្រ ហើយខ្លះគ្មានអីបញ្ជូនកូនទៅរៀនទៀត។ អ៊ីចឹង! បើចប់ត្រឹមថ្នាក់ទី១២ហ្នឹង គឺចប់ហើយ អត់បានរៀនតទៀតទេ។ ដូច្នេះ បើមានអាហារូបករណ៍ពួកអាចខំរៀនច្រើន»។ 

លោក ទុយ ហុង នាយកវិទ្យាល័យជីផាត។ រូបភាព៖ ឈុំ ចន្ថា
 
កម្មវិធីអាហារូបករណ៍របស់រេដបូកនេះ គឺក្ដីសង្ឃឹមសម្រាប់យុជនជីផាត នាយកវិទ្យាល័យរូបនេះ ស្នើឱ្យក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្តផ្ដល់អាហារូបករណ៍បន្ថែមទៀត ដើម្បីផ្ដល់ឱកាសឱ្យយុវជនកាន់តែច្រើនក្នុងការកសាងសមត្ថភាព។ វិទ្យាល័យជីផាត មានសិស្ស៦នាក់ បានជាប់អាហារូបករណ៍ពីគម្រោងរេដបូក។ នៅឆ្នាំសិក្សា ២០២៣នេះ សិស្សានុសិស្សជិតបញ្ចប់ថ្នាក់ទី១២ជាច្រើន សុទ្ធសឹងមានក្ដីស្រមៃចង់បានអាហារូបករណ៍ដ៏សារៈសំខាន់មួយនេះ។
 
លោក អ៊ុត អន ជាឪពុកយុវជនម្នាក់ក្នុងចំណោម៦នាក់ នៅឃុំជីផាត ដែលទទួលបានអាហារូបករណ៍ពីរេដបូក បានឱ្យដឹងថា រេដបូក បានផ្ដល់គ្រប់យ៉ាងដល់កូនរបស់លោក ក្នុងការបន្តការសិក្សាជំនាញទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ មូលហេតុដែលកូនរបស់លោកចាប់អារម្មណ៍លើជំនាញនេះ ដោយសារតែភូមិសាស្រ្តជីផាតពោរពោញទៅដោយសក្ដានុពលទេសចរណ៍បែបធម្មជាតិ។ លោក រំពឹងថា ក្រោយបញ្ចប់ការសិក្សាកូនប្រុសរបស់លោក នឹងយកជំនាញយកចំណេះ និងជំនាញរបស់ខ្លួនមកជួយគ្រួសារ និងសហគមន៍ឱ្យរីកចម្រើនថែមទៀត។

លោក អ៊ុត អន ជាឪពុកយុវជនម្នាក់នៅជីផាត ដែលទទួលបានអាហាររូបករណ៍ពីរេដបូក។ រូបភាព៖ ឈុំ ចន្ថា
 
កម្មវិធីអាហារូបករណ៍របស់រេដបូកនេះ ជួយសម្រាលបន្ទុកគ្រួសារលោកច្រើន។ ប្រសិនបើគ្មានអាហារូបករណ៍នេះទេ លោក ក៏គ្មានលទ្ធភាពឱ្យកូនបន្តការសិក្សាបានដែរ។ លោក រៀបរាប់ដូច្នេះ៖« អាហារូបករណ៍បានជួយជីវភាពយើងបានច្រើន ព្រោះគេ(អង្គការសម្ព័ន្ធមិត្តសត្វព្រៃ) ចេញឱ្យទាំងអស់ហើយ ទាំងថ្លៃសាលា,បន្ទប់,ម្ហូប និយាយទៅមួយកញ្ចប់ម៉ង។ អ៊ីចឹង! កូនខ្ញុំដឹងតែរៀនមួយមុខប៉ុណ្ណោះ»។
 
រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ព្រៃឈើ។ កម្មវិធីនេះ ផ្ដោតលើការការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរព្រៃឈើដូចជាកម្ពុជា ឱ្យខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាពីការលក់ឧស្ម័នកាបូន ទៅកាន់ក្រុមហ៊ុនអន្តរជាតិដែលបានបំពុលបរិស្ថាន។

សិស្សានុសិស្សនៅវិទ្យាល័យជីផាត ស្ថិតឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ រូបភាព៖ ឈុំ ចន្ថា 
 
តាមរយៈការអនុវត្តគម្រោងរេដបូក (REDD+) កម្ពុជាជោគជ័យលើការលក់ឥណទានបូនទៅកាន់ទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក ដោយមិនកាប់ព្រៃ។ ថវិកាដែលបានពីការលក់កាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ សហគមន៍ទេសចរណ៍ និងចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន តាមរយៈការគាំទ្រជាថវិកាកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹកស្អាត សូឡា និងផ្ដល់អាហារូបករណ៍ដល់សិស្សក្នុងតំបន់ជួរភ្នំក្រវាញ ជាដើម៕




 

Tag:
 រេដបូក
  អប់រំ
  ក្រសួងបរិស្ថាន
  អង្គការសម្ព័នមិត្តសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com