ជាតិ
កញ្ញា ឆន បូរុិ ជិះរទេះទៅបំពេញកាតព្វកិច្ចបោះឆ្នោតនៅក្រុងតាខ្មៅ
23, Jul 2023 , 2:59 pm        
រូបភាព
កញ្ញា ឆន បូរុី ជាអ្នករស់នៅក្បែរវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ
កញ្ញា ឆន បូរុី ជាអ្នករស់នៅក្បែរវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ភ្នំពេញ៖ កញ្ញា ឆន បូរ៉ី បានជិះរទេះរុញ  ដោយមានឪពុកម្តាយរបស់កញ្ញាជាអ្នកជូនមកបោះឆ្នោត នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។ អង្គុយលើរទេះ កញ្ញា បូរ៉ី បានលើកឡើងថា ការមកបោះឆ្នោតនេះ គឺដើម្បីបំពេញតួនាទីជាប្រជាជនម្នាក់ ក៏ដូចជាជ្រើសរើសថ្នាក់ដឹកនាំដែលកញ្ញាពេញចិត្ត។


 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

កញ្ញា ឆន បូរ៉ី ជាអ្នករស់នៅក្បែរវត្តសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កញ្ញា បានមកចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលតី៧ នៅការិយាល័យ សាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅ។ នេះមិនមែនជាលើកទីមួយនោះឡើយ នៃការបំពេញកាតព្វកិច្ចបោះឆ្នោត ទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសតាំងតំណាងរាស្រ្តជាដើម។
 
កញ្ញា បានរៀបរាប់ថា ក្រុមអ្នកសង្កេតការណ៍ បានជួយសម្រួលដ៏កញ្ញា រាប់ចាប់តាំងពីជួយរុញរទេះក្នុងមណ្ឌលបោះឆ្នោត ផ្តល់អតិភាពឱ្យកញ្ញាដែលមានពិការភាព និងជួយរុញរទេះទៅទីតាំងបន្ទប់សម្ងាត់ផងដែរ។ បូរ៉ី បន្តថា កញ្ញាបានបោះឆ្នោត ដោយមិនមានការបង្ខិតបង្ខំនោះឡើយ ។ ក្រោយគូសសន្លឹកឆ្នោតរួចរាល់ ក្រុមអ្នកសង្កេតការណ៍ បានជូនកញ្ញាយកសន្លឹកឆ្នោត ដាក់ក្នុងហិបឆ្នោតផងដែរ។

កញ្ញា​ ឆន​ បូរុី​ ជិះ​រទេះទៅ​បំពេញ​កាតព្វកិច្ចបោះឆ្នោតនៅ​ក្រុងតាខ្មៅ
 
កញ្ញា ឆន បូរ៉ី បន្ថែមដូច្នេះ៖«ខ្ញុំគិតថាការបោះឆ្នោតនេះមានភាពល្អ សេរីភាពក្នុងការជ្រើសរើស សុក្រឹតយុត្តិធម៌។ ខ្ញុំរំពឹងថា នឹងមានលើកកម្ពស់កាន់តែខ្លាំងចំពោះអ្នកអសមត្ថភាព អ្នកមានពិការភាពផ្សេងៗ។»
 
សូមបញ្ជាក់ថា គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញរបាយការណ៍ដំបូងរបស់ខ្លួនពីចំនួនអ្នកទៅបោះឆ្នោតក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជី ដោយគិតត្រឹមវេលាម៉ោង១១ព្រឹក ថ្ងៃអាទិត្យទី២៣ ខែកក្កដា នេះ។ របាយការណ៍បានបង្ហាញថា ចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេស មានជាង៥,៧លាននាក់ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីជាង៩,៧លាននាក់ ពោលគឺ៥៩,១៥ភាគរយ នារយៈពេល៤ម៉ោងដំបូង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕

Tag:
 កញ្ញា ឆន បូរ៉ី
 បោះឆ្នោត២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com