អន្តរជាតិ
បក្សភឿថៃនឹងចរចាជាមួយសមាជិកព្រឹទ្ធសភាដើម្បីរកការគាំទ្រឱ្យបេក្ខជននាយករដ្ឋមន្រ្តីខ្លួន
24, Jul 2023 , 11:29 am        
រូបភាព
មេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew (កណ្តាល)។ រូបភាព AFP
មេដឹកនាំបក្សភឿថៃ លោក Cholnan Srikaew (កណ្តាល)។ រូបភាព AFP
ប្រមុខបក្សភឿថៃ លោក Chonlanan Srikaew នៅថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់យ៉ាងច្បាស់ៗថា បក្សរបស់លោក បានចាត់ចែងឱ្យសមាជិករបស់ខ្លួន ឱ្យទាក់ទងទៅសមាជិកព្រឹទ្ធសភាជាលក្ខណៈបុគ្គល នៅក្នុងការស្វះស្វែងរកការគាំទ្របេក្ខជននាយករដ្ឋមន្រ្តីរបស់ខ្លួន។



ប្រសិនបើគ្មានការប្រែប្រួលទេ សភាទាំងពីរថ្នាក់របស់ថៃ រដ្ឋសភា និងព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំរួមគ្នាជាថ្មីនៅថ្ងៃទី២៧ ខែកក្កដា។ ម្តងនេះ បក្សភឿថៃ ដឹកនាំសម្ព័ន្ធបក្សនយោបាយទាំង ៨ និងស្នើបេក្ខជននាយករដ្ឋមន្រ្តីវិញម្តង។ លោក Srettha Thavisin ទំនងជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្ស នៅក្នុងបោះឆ្នោតថ្ងៃខាងមុខ។ 
 
ដើម្បីទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភា លោក Chonlanan Srikaew មេដឹកនាំបក្សភឿថៃ បានអះអាងថា បក្សភឿថៃ បានចាត់ចែងឱ្យលោក Suriya Juangroongruangkit សមាជិកដ៏សំខាន់មួយរូប ដឹកនាំក្រុមទៅចរចាជាមួយសមាជិកព្រឹទ្ធសភាជាលក្ខណៈបុគ្គល។
 
ទន្ទឹមនេះ មេដឹកនាំបក្សរូបនេះ បាននិយាយការពារជំហររបស់ខ្លួន ក្នុងការទាក់ទងជាមួយបក្សដទៃក្រៅពីសម្ព័ន្ធបក្សនយោបាយរបស់ខ្លួន ហើយបានអះអាងថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជាក់ពីសកម្មភាពរបស់ខ្លួន។ 
 
នៅក្នុងថ្ងៃទី២២ ខែកក្កដាកន្លងមក ថ្នាក់ដឹកនាំបក្សភឿថៃ បានជួបក្រៅផ្លូវការជាមួយបក្ស Bhumjaithai, បក្សជាតិថៃរួបរួម និងបក្ស Chart Pattana Kla ដើម្បីជជែកពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាស្វែងរកដំណោះស្រាយ លើភាពជាប់គាំងនយោបាយ។ ក្នុងថ្ងៃដដែលនោះ បក្សភឿថៃ បានជួបជាមួយបក្សផ្សេងផងដែរ ដូចជា បក្ស Chartthaipattana និងបក្ស Palang Pracharath ជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS។ 
 
វាពិតជាចាំបាច់ណាស់សម្រាប់បក្សភឿថៃ ក្នុងការចរចាជាមួយសមាជិកព្រឹទ្ធសភា។ ដើម្បីក្លាយជាប្រមុខរដ្ឋាភិបាលថ្មី បេក្ខជននាយករដ្ឋមន្រ្តី ត្រូវតែទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភា និងរដ្ឋសភា លើសពីពាក់កណ្តាល ពោលគឺ៣៧៦កៅអី ក្នុងចំណោម ៧៥០អាសនៈ។ 
 
កន្លងមក លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ មិនបានទទួលសំឡេងគ្រប់គ្រាន់ឡើយ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី មុននឹងតុលាការធម្មនុញ្ញព្យួរសមាជិករដ្ឋសភារបស់លោក។ ការមិនគាំទ្រនេះ ធ្វើឡើងដោយសារសមាជិកព្រឹទ្ធសភាមិនពេញចិត្តនឹងបក្សឆ្ពោះទៅមុខ ដែល មានបំណងធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com