កីឡាជាតិ
ជាតិ
គ្រូគិរីវង់ ចាត់ទុកសិក្ខាសាលាច្បាប់ប្រកួតបាល់ទាត់របស់ CPL ផ្តល់ចំណេះបន្ថែមដល់កីឡាករ-គ្រូបង្វឹក
24, Jul 2023 , 2:39 pm        
រូបភាព
កីឡាករ គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យ ចូលរួមក្នុងសិក្ខាសាលាស្ដីពីច្បាប់នៃការប្រកួត រូបពី CPL
កីឡាករ គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យ ចូលរួមក្នុងសិក្ខាសាលាស្ដីពីច្បាប់នៃការប្រកួត រូបពី CPL
លោក សាប៊ូន វិនតា គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យ បង្ហាញសុទិដ្ឋិនិយមចំពោះការរៀបចំសិក្ខាសាលា ស្ដីពីច្បាប់ នៃការប្រកួតរបស់ក្រុមហ៊ុន Cambodian Premier League (CPL) មានសារៈសំខាន់ សម្រាប់កីឡាករ គ្រូបង្វឹក និងមន្ដ្រីរៀបចំការប្រកួតមួយចំនួន ឲ្យដឹងកាន់តែច្បាស់ពីការផ្លាស់ប្ដូរ ឬក៏ការធ្វើបច្ចុប្បន្នភាព ពីនីតិវិធីមួយដែលបានកែប្រែថ្មីក្នុងការប្រកួត។ គ្រូបង្វឹករូបនេះ បន្ថែមថា ការធ្វើបទបង្ហាញពីបច្ចុប្បន្នភាពច្បាប់ នៃការប្រកួត ជាទូទៅ ក្លិបទាំងអស់តែងធ្វើជាមួយមន្ដ្រីជំនាញ ដើម្បីបង្ហាញដល់កីឡាករ និងមន្ដ្រីក្រុមទាំងអស់ សម្រាប់ត្រៀមមុនពេលបើករដូវកាលប្រកួតថ្មី។



លោក សាប៊ូន វិនតា​ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា  សិក្ខាសាលាស្ដីពីច្បាប់ នៃការប្រកួត ត្រូវបានធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុន Cambodian Premier League មានសារសំខាន់ សម្រាប់ផ្ដល់ចំណេះដឹងបន្ថែម ក៏ដូចជាការយល់ដឹង ក្នុងការប្រកួតខេប៊ូឌាព្រីមាលីគ ដែលនឹងមកដល់ឆាប់ៗនេះ។ ជាទូទៅក្រុមទាំងអស់ តែងធ្វើបទបង្ហាញទៅដល់កីឡាករ មុនរដូវកាលចាប់ផ្ដើម។ ក្រុមហ៊ុន CPL និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ចុះធ្វើបទបង្ហាញនូវច្បាប់ទាំងអស់នេះ គឺដើម្បីឲ្យក្លិបទាំងអស់យល់ដឹងពីអ្វី ដែលបានអភិវឌ្ឍ និងបច្ចុប្បន្នភាព នៃបទបញ្ជារ និងច្បាប់ទម្លាប់ពីការប្រកួតនីមួយ។
 
«សិក្ខាសិលាច្បាប់នៃការប្រកួតដែលរៀបចំដោយក្រុមហ៊ុនលីគCPL និងសហព័ន្ធបាល់ទាត់កម្ពុជាពិតជាមានសារះសំខាន់សម្រាប់កីឡាករនិងក្រុមការងារមន្ត្រីគ្រូបង្វឹកអោយបានយល់ដឹងបន្ថែមពីច្បាប់នៃការប្រកួតដែលផ្លាស់ប្តូរថ្មីមួយចំនួននិងត្រូវប្រើប្រាស់ក្នុងការប្រកួតលីគខាងមុខនេះដែលអាចធ្វើអោយកីឡាករនិងក្រុមទាំងមូលបានត្រៀមលក្ខណៈមួយផ្នែកទៀតទៅលើការប្រកួតផងដែរ។ ជាទូទៅក្នុងរដូវកាលត្រៀមក្នុងបាល់ទាត់ក្រុមទាំងអស់តែងតែធ្វើបទបង្ហាញច្បាប់នៃការប្រកួតជាមួយអ្នកជំនាញទៅកាន់កីឡាករនិងក្រុមរបស់ខ្លួនផងដែរព្រោះវាជាផ្នែកមួយសំខាន់សម្រាប់ការប្រកួត។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។ 
 
គ្រូបង្វឹកក្លិបគិរីវង់សុខសែនជ័យរូបនេះ បានកត់សម្គាល់ថា ច្បាប់នៃការប្រកួត តែងមានផ្លាស់ប្ដូរ ឬកែសម្រួលមួយចំនួន ដើម្បីជួយជម្រុញឲ្យការប្រកួត កាន់តែទាក់ទាញ់ និងយុត្តិធម៌ ស្មើភាពសម្រាប់ការកាត់សេចក្ដី។ 
 
ដោយឡែក គ្រូបង្វឹករូបនេះ បានប្រាប់ពីគោលច្បាប់មួយចំនួន ដែលសិក្ខាសាលា បានធ្វើបទបង្ហាញ មានដូចជា៖
 
- ច្បាប់ ស្ដីពីបញ្ហាកីឡាករជ្រៀតជ្រេតចូលក្នុងទីលាន
- ច្បាប់ ស្ដីពីថេរវេលានៃការប្រេកួត (ទាក់ទងនិងម៉ោងបន្ថែមដើម្បីអោយកីឡាករនិងគ្រូបង្វឹកបានយល់)
- ច្បាប់ ស្ដីពីការកំណត់ការទាត់បាល់ប៉េណាល់ទី (Penalty Shoot-out)
- ច្បាប់ ស្ដីពីជំហរក្រៅល្បែង (Offside) 
- ច្បាប់ ស្ដីពីការកំណត់ការពិន័យទៅលើកំហុសកើតឡើងនៅលើទីលាន
 
គួរបញ្ជាក់ផងដែរថា ក្នុងសិក្ខាសាលានេះ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ មានសិក្ខាកាមចូលរួម សរុបទាំងអស់ ៣៥នាក់ ក្នុងនោះកីឡាករ ២៧នាក់ និង មន្ត្រីក្រុមការងារគ្រូបង្វឹក ៨នាក់៕
 

Tag:
 សាប៊ូន វិនតា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com