កីឡាជាតិ
ជាតិ
លើសពីក្លិបប្រដាល់គុនខ្មែរ លោក រស់ សុជា ឲ្យសិស្សមានអារម្មណ៍ថាក្លិបជាកន្លែងអប់រំ និង ផ្ទះទី២
25, Jul 2023 , 7:59 am        
រូបភាព
កីឡាករថ្នាល់ក្លិប្រដាល់ចក្រវាឡគុនខ្មែរ រូបពី គ្រួសារគុនខ្មែរ
កីឡាករថ្នាល់ក្លិប្រដាល់ចក្រវាឡគុនខ្មែរ រូបពី គ្រួសារគុនខ្មែរ
លោក រស់ សុជា ប្រធានក្លិបប្រដាល់ចក្រវាឡគុនខ្មែរ ចង់ឲ្យសិស្សគុនរបស់លោក ដែលមានជីវភាពខ្វះខាត មានអារម្មណ៍ថា ក្លិបប្រដាល់ប្រៀបដូចជាផ្ទះ និងជាកន្លែងផ្ដល់ចំណេះដឹងអប់រំ ក្នុងសង្គម ដ៏ល្អសម្រាប់ពួកគេ។ ដោយសារបញ្ហាជីវភាពសិស្សប្រដាល់ខ្វះខាត ប្រធានក្លិបរូបនេះ បានផ្ដល់អាហារថ្ងៃត្រង់ដោយមិនគិតថវិកា ដោយសង្ឃឹមថា ពួកគេអាចផ្ដោតអារម្មណ៍ហ្វឹកហាត់បានល្អប្រសើរ។

 
លោក រស់ សុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញ Messenger ថា កីឡករ-កីឡាការិនីថ្នាល នៅក្នុងក្លិបប្រដាល់ចក្រវាឡគុនខ្មែរ មានឆន្ទៈខ្លាំង ទាំងសម្រាប់ការប្រកួត និងការហ្វឹកហាត់ ដែលជាហេតុធ្វើឲ្យរូបលោក សប្បាយចិត្ត និងចង់បណ្ដុះធនធានទាំងនោះឲ្យខ្លាំង ដើម្បីឲ្យក្លាយជាទំពាំងស្នងគុនខ្មែរ នាថ្ងៃអនាគត។ ប្រធានក្លិបរូប​នេះ បានប្រាប់បន្ថែមថា ដោយសារតែបញ្ហាជីវភាពខ្វះខាតរបស់ពួកគេ  ធ្វើឲ្យក្មេងៗទាំងនោះត្រូវចំណាយពេលធ្វើការរោងចក្រ ហើយខ្លះរើសអេតចាយ ដើម្បីរកចំណូលខ្លះ សម្រាប់គ្រួសារ។ នេះជាហេតុធ្វើឲ្យសិស្សប្រដាល់ទាំងនោះ ខ្ជះខ្ជាយកម្លាំង ស្មារតី និងមិនអាចផ្ដោតអារម្មណ៍ហ្វឹកហាត់បានល្អ។
 
លោក រស់ សុជា បានផ្ដល់អាហារសម្រាប់សិស្សទាំងនោះ ហើយក៏បានបង្រៀន បន្ថែមទៀត បន្ទាប់ពីហាត់ប្រដាល់ចប់ នៅរៀងរាល់ពេលល្ងាច។ ជាទូទៅថ្នាក់ចំណេះដឹងទូទៅ លោក សុជា ចាប់បង្រៀន ពីម៉ោង ៩:០០ យប់ រហូតដល់ម៉ោង ៩:៣០ យប់។ 
 
«ខ្ញុំសប្បាយចិត្តពេលឃើញ ពួកគាត់ប្រឹងហ្វឹកហាត់។ កីឡាករ-កីឡាការិនី សម្រុកហាត់ខ្លាំង ហើយឥឡូវពួកគាត់ មានឆន្ទៈ ចង់ឈ្នះណាស់។ អ៊ីចឹង ខ្ញុំ ត្រូវជួយសម្រួលគាត់ ឲ្យគាត់មានអារម្មណ៍ថា កន្លែងហាត់ប្រដាល់ មិនត្រឹមតែមកហាត់ប្រដាល់ តែជាផ្ទះ និងជាកន្លែងអប់រំរបស់ពួកគេ។»។ លោក រស់ សុជា បាននិយាយដូច្នេះ។
 
ក្លិបប្រដាល់គុនខ្មែរមួយនេះ បានបិទម្ដងរួចមកហើយ គឺក្នុងដើមឆ្នាំ២០២០ ព្រោះវិបត្តិកូវីដ-១៩ ហើយបានបើកជាថ្មីម្ដងទៀត នៅខែកុម្ភៈ ឆ្នាំ២០២៣។ លោក រស់ សុជា បើកក្លិបនេះ មានគោលដៅសំខាន់មួយ គឺបណ្ដុះធនធានថ្នាលឲ្យមានសមត្ថភាពក្នុងវិស័យប្រដាល់គុនខ្មែរ។
 
បច្ចុប្បន្ន ក្លិបប្រដាល់ចក្រវាឡគុនខ្មែរ មានសិស្សប្រដាល់ដែលជាកីឡាករ-កីឡាការិនីថ្នាល់ទាំងអស់ ៧នាក់។ ក្នុងចំណោម ៧នាក់នោះ កីឡាការិនី ធឿន ស្រីនី ត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៤៥គីឡូក្រាម នៅដើមខែសីហា។ ចំណែក កីឡាករ ជា វឌ្ឍនា ត្រូវប្រកួត លើប្រភទទម្ងន់ ៤៨គីឡូក្រាម៕
 

Tag:
 ប្រដាល់គុនខ្មែរ
  រស់ សុជា
© រក្សាសិទ្ធិដោយ thmeythmey.com