អន្តរជាតិ
កូរ៉េខាងជើង បានបាញ់មីស៊ីលជាលើកទី៣ ត្រឹមរយៈពេល១សប្តាហ៍
25, Jul 2023 , 11:37 am        
រូបភាព
រូបភាព KCNA
រូបភាព KCNA
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែកក្កដា បានបាញ់មីស៊ីលប៉ាលីស្ទិកចំនួន២គ្រាប់ ជាថ្មីនៅក្នុងសមុទ្រខាងកើត។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS)។ វាជាលើកទីបីហើយ ដែលកូរ៉េខាងជើង បានបាញ់មីស៊ីលក្នុងពេល១សប្ដាហ៍។



ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីលដល់ទៅ ៣លើក ដើម្បីបង្ហាញសាច់ដុំដាក់អាម៉េរិក ដែលបានបញ្ជូននាវាមុជទឹកមកកំពង់ផែកូរ៉េខាងត្បូង។ តាមសេចក្តីប្រកាសរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង កូរ៉េខាងជើង បានបាញ់មីស៊ីលលើកចុងក្រោយនៅពាក់កណ្តាលយប់។ 
 
«យោធារបស់យើង បានចាប់សញ្ញាមីស៊ីលប៉ាលីស្ទិកពីរគ្រាប់របស់កូរ៉េខាងជើង ដែលបានបាញ់ចេញពីតំបន់ក្បែរក្រុងព្យុងយ៉ាងទៅសមុទ្រខាងកើតនៅម៉ោង ១១ និង៥៥ នាទី និងមួយគ្រាប់ទៀតនៅពាក់កណ្តាលយប់»។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា ដោយបន្តថា មីស៊ីលទាំងពីរគ្រាប់នេះ ហោះបានចម្ងាយ ៤០០គីឡូម៉ែត្រ មុនធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
មកទល់ពេលនេះ យោធាកូរ៉េខាងត្បូង កំពុងវិភាគពីការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង ដែលបានធ្លាក់ទៅក្នុងសមុទ្រខាងកើត។ ការបាញ់មីស៊ីលនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយនាវាមុជទឹកអាម៉េរិកថាមពលនុយក្លេអ៊ែរមួយទៀតឈ្មោះ USS Annapolis ទៅដល់កំពង់ផែកូរ៉េខាងត្បូង។​
 
កន្លងមក ក្រោយនាវាមុជទឹកអាម៉េរិកដែលអាចបំពាក់មីស៊ីលប៉ាលីស្ទិក និងក្បាលគ្រាប់នុយក្លេអ៊ែរ USS Kentucky ទៅដល់កូរ៉េខាងត្បូង រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានបាញ់មីស៊ីលប៉ាលីស្ទិកចម្ងាយខ្លីពីរគ្រាប់ និងមីស៊ីលប្រដេញជាច្រើនគ្រាប់ទៅសមុទ្រខាងកើតដែរ។ 
 
កូរ៉េខាងត្បូង ធ្លាប់បានព្រមានកូរ៉េខាងជើងយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងប្រឈមទីបញ្ចប់របបរបស់ខ្លួនក្នុងហេតុការណ៍វាយប្រហារនុយក្លេអ៊ែរមកលើខ្លួន និងអាម៉េរិក៕ 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com