ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត៖ ចិនសរសើរ ខណៈបារាំង អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អឺរ៉ុប ស្តាយព្រោះគ្មានបក្សភ្លើងទៀន
25, Jul 2023 , 2:35 pm        
រូបភាព
អ្នកនាំពាក្យការបរទេសចិន បានសរសើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៣ ខែកក្កដា និងអបអរសាទរទុកជាមុនចំពោះគណបក្សប្រជាជនកម្ពុជា ដែលបន្តឈ្នះ។ ផ្ទុយទៅ បារាំង អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ កាណាដា និងសហភាពអឺរ៉ុប  បានលើកឡើងពីការរឹតត្បិតនៃលំហនយោបាយ ជាពិសេសការដកសិទ្ធិគណបក្សភ្លើងទៀនពីការប្រកួតប្រជែង។



អត្ថបទទាក់ទង
 
គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ? លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានក្នុងសន្និសីទប្រចាំថ្ងៃថា ចិនសាទរយ៉ាងកក់ក្តៅចំពោះដំណើរការបោះឆ្នោតដោយរលូននៅកម្ពុជា និងសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះក្នុងការបោះឆ្នោតក្រោមការដឹកនាំសម្តេច ហ៊ុនសែន។
 
លោកស្រី Mao Ning ជឿជាក់ថា កម្ពុជានឹងទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងការអភិវឌ្ឍ និងកសាងប្រទេសជាតិ ក៏ដូចជានាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។ ឆ្នាំនេះគឺជាខួប៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា និងជា «ឆ្នាំមិត្តភាពរវាងចិននិងកម្ពុជា» លោកស្រីបញ្ជាក់ថា ចិនរីករាយក្នុងកិច្ចខិតខំប្រឹងប្រែងបន្តវេនមិត្តភាពល្អពីមួយជំនាន់ទៅមួយជំនាន់។
 
រីឯ បារាំង អង់គ្លេស អូស្ត្រាលី កាណាដា និងសហភាពអឺរ៉ុប វិញ សុទ្ធតែបានសម្តែងការសោកស្តាយចំពោះអវត្តមានគណបក្សភ្លើងទៀត ដែលត្រូវបានចាត់ទុកថា ជាគណបក្សប្រឆាំងដ៏សំខាន់មួយនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងអឺរ៉ុប និងការបរទេសនៃប្រទេសបារាំង ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់ថា ការរារាំងគណបក្សភ្លើងទៀន ប៉ះពាល់ដល់សេរីពហុបក្សក្នុងការបោះឆ្នោត។
 
បារាំងអំពាវនាវឱ្យមានការដោះលែងសមាជិកបក្សប្រឆាំងដែលកំពុងជាប់ឃុំ និងជំរុញឱ្យអាជ្ញាធរកម្ពុជា គោរពតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញាកម្ពុជា រួមទាំងសិទ្ធិជាមូលដ្ឋានដែលចាំបាច់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
 
«ការដកសិទ្ធិពីគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏សំខាន់កាលពីដើមឆ្នាំនេះ បណ្តាលឱ្យមានការបោះឆ្នោតមួយដែលមិនសេរី ឬយុត្តិធម៌»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងបរទេស ខំមិនវែល និងអភិវឌ្ឍចក្រភពអង់គ្លេស។ 
 
ដោយចាត់ទុកថា នេះជាឱកាសដែលខកខានក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា តែក្នុងនាមជាដៃគូដ៏យូរអង្វែង ចក្រភពអង់គ្លេសនៅតែប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍដំណើរការប្រជាធិបតេយ្យ និងលំហពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយគាំទ្រដល់ប្រជាជនកម្ពុជា។
 
សម្រាប់អូស្ត្រាលី ការដកសិទ្ធិឈរឈ្មោះបោះឆ្នោតគណបក្សប្រឆាំងសំខាន់មួយ ក៏ដូចជាការដាក់សម្ពាធលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល មិនអាចឱ្យប្រជាជនកម្ពុជាទទួលបានព័ត៌មាន បញ្ចេញមតិរបស់ពួកគេដោយសេរី និងមានជម្រើសពិតប្រាកដពីរបៀបដែលពួកគេត្រូវបានដឹកនាំនោះទេ។
 
«យើងបង្ហាញពីក្តីបារម្ភរបស់យើងក្នុងនាមជាមិត្តដ៏យូរអង្វែង ហើយបន្តនូវបំណងប្រាថ្នារបស់យើងក្នុងការធ្វើការជាមួយប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅទាំងនេះ»។ នេះជាការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លើការគាំទ្រកម្ពុជាដើម្បីទទួលបាននូវសន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
 
ការដកសិទ្ធិបក្សប្រឆាំងដ៏សំខាន់មួយ សាលក្រមប្រឆាំងលោក កឹម សុខា និងការបិទប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសសហព័ន្ធអាល្លឺម៉ង់ វាយតម្លៃថា ជាការរឹតត្បិតលើសិទ្ធិពលរដ្ឋក្នុងការឈរឈ្មោះបោះឆ្នោត រួមទាំងកាត់បន្ថយលំហរពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោត។
 
ជាដៃគូអភិវឌ្ឍរបស់កម្ពុជា អាល្លឺម៉ង់ លើកឡើងពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនកម្ពុជា រួមទាំងគោលការណ៍នៃការបោះឆ្នោតដោយសេរី យុត្តិធម៌ និងបរិយាប័ន្ន។ អ្នកនាំពាក្យការបរទេសអាល្លឺម៉ង់បន្ថែមថា៖ «យើងសូមលើកទឹកចិត្តដល់សមាជិកសភាដែលទើបជាប់ឆ្នោតថ្មី និងរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ ឱ្យដំណើរការពេញលេញឡើងវិញនូវលក្ខខណ្ឌសម្រាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស»។ 
 
កាដាណា តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា សម្តែងការសោកស្តាយដែលអ្នកបោះឆ្នោតកម្ពុជា បាត់បង់នូវជម្រើសមួយពិតប្រាកដរបស់ខ្លួន។ ក្នុងនាមជាមិត្តដ៏យូរអង្វែងរបស់ប្រជាជនកម្ពុជា កាណាដា នឹងបន្តស្នើដល់រដ្ឋាភិបាលកម្ពុជាឱ្យដោះលែងអ្នកទោសនយោបាយ ការពារសង្គមស៊ីវិល ធានាសេរីភាពសារព័ត៌មាន និងអនុញ្ញាតឱ្យមានការចូលរួមពេញលេញក្នុងដំណើរការនយោបាយ។
 
ចំណែកសហភាពអឺរ៉ុប វិញ បានលើកឡើងពីក្តីបារម្ភចំពោះវិសោធនកម្មច្បាប់បោះឆ្នោតដែលបានអនុម័តពីរបីសប្តាហ៍មុនការបោះឆ្នោត ដោយបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិពលរដ្ឋក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត រួមជាមួយនឹងការអំពាវនាវឱ្យដោះលែងសមាជិកប្រឆាំងដែលកំពុងជាប់ឃុំ។
 
ជាមួយនឹងការលើកឡើងថា តម្លាភាព និងភាពជឿជាក់នៃការបោះឆ្នោតជាឆ្អឹងខ្នងនៃសង្គមប្រជាធិបតេយ្យ សហភាពអឺរ៉ុបក្នុងនាមជាដៃគូរយូរអង្វែង និងទុកចិត្ត រួមទាំងក្នុងបរិបទអាស៊ាន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងលើការលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា ដោយទាមទារឱ្យអាជ្ញាធរគោរពសិទ្ធជាមូលដ្ឋានរបស់ពលរដ្ឋ រដ្ឋធម្មនុញ្ញ និងស្តង់ដារអន្តរជាតិនានាដែលកម្ពុជាបានចុះហត្ថលេខា។
 
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា មានតួលេខអ្នកទៅបោះ៨៤,៥៨ភាគរយ ដែលស្មើជាង៨,២លាននាក់ក្នុងចំណោមជាង៩,៧លាននាក់។ លទ្ធផលបឋមបង្ហាញថា គណបក្សកាន់អំណាចប្រជាជនកម្ពុជា ទទួលបាន១២០កៅអី គណបក្សហ៊្វុនស៊ិនប៉ិចបាន៥កៅអី រីឯ១៦គណបក្សទៀត មិនបានសំឡេងគាំទ្រគាប់ប្រសើរឡើយ។
 
ដូចជាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិផ្សេងទៀតផងដែរ ប្រធាន និងតំណាងគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ហ្វីលីពីន រុស្ស៊ី ឥណ្ឌា ទីម័រខាងកើត សុទ្ធតែបានវាយតម្លៃអំពីទិដ្ឋភាពវិជ្ជមាននៃដំណើរការបោះឆ្នោតនេះ។
 
ក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានកាលពីថ្ងៃទី២៤ ខែកក្កដា ផងដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា។
 
ក្រសួងការបរទេសបានលើកឡើងពីចំណុចខ្លាំងមួយចំនួនដូចជា អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតដែលមានជាង៨,២លាននាក់ ការប្រកាន់ខ្ជាប់នូវគុណតម្លៃប្រជាធិបតេយ្យបើទោះបីមានការអំពាវនាវឱ្យធ្វើពហិការបោះឆ្នោត ការចូលរួមពីអ្នកសង្កេតជាតិ អន្តរជាតិ ភ្នាក់ងារបក្សនយោបាយ ការគោរពតាមច្បាប់ជាធរមាន និងពហុបក្សនយបាយប្រកបដោយបរិយាបន្ន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com