កីឡាជាតិ
ជាតិ
ក្រសួងមហាផ្ទៃបញ្ជូនអត្តពលិក ៤៨នាក់ ទៅប្រកួតព្រឹត្តិការណ៍កីឡាប៉ូលិសពិភពលោក​ នៅកាណាដា
25, Jul 2023 , 6:59 pm        
រូបភាព
លោក សរ សិទ្ធិ ប្រធានប្រតិភូ ដឹកនាំអត្ដពលិក រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
លោក សរ សិទ្ធិ ប្រធានប្រតិភូ ដឹកនាំអត្ដពលិក រូបពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្ពុជា បញ្ជូនអត្ដពលិក ៤៨នាក់ ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាប៉ូលិស និងកងពន្លត់អគ្គិភ័យពិភពលោក (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ ​ ម្ចាស់ផ្ទះកាណាដា ដាក់កីឡា៦៧ប្រភេទក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះកម្ពុជាចូលរួមប្រកួតលើ ១៣ប្រភេទកីឡា។

 
លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រតិភូដឹកនាំអត្ដពលិកចូលរួម The 20th World Police and Fire Games  បានថ្លែងក្នុងកិច្ចជួបសំណេះសំណាលជាមួយប្រតិភូកីឡាថា ព្រឹត្តិការណ៍អន្ដរជាតិនេះ គឺធ្វើឡើងសម្រាប់កងកម្លាំងប៉ូលិស បង្ហាញពីសាមគ្គីភាព សមត្ថភាព បំណិន និងទេព្យកោសល្យ តាមរយៈការប្រកួតប្រជែងកីឡា។
 
រូបភាព៖ ក្រសួងមហាផ្ទៃ

ដោយឡែក លោក ចេង ពិរោទ បាននិយាយថា អត្ដពលិកកម្ពុជា បានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍មួយនេះ តាំងពីដើមឆ្នាំ២០២២។ គ្រូបង្វឹករូបនេះ បានអះអាងថាកីឡាករ-កីឡាការិនី បានប្រឹងហ្វឹកហាត់ជាខ្លាំង និងទទួលបានសមិទ្ធផលល្អច្រើន ដូចជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អត្ដពលិកមួយចំនួន ទទួលបានមេដាយ រីឯមួយចំនួនទៀត បំបែកកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង។ «ខ្ញុំ រំពឹងទុកខ្ពស់ដែរ ដោយសារតែខ្ញុំ បានមើលការប្រកួតពីមុនៗ ដូចជានៅហូឡង់ និងចិន។ ដូច្នេះ ខ្ញុំមានការរំពឹកទុកខ្ពស់ក្នុងការបានមេដាយ មិនថាមេដាយក្នុងកម្រិតណាទេ ប៉ុន្ដែសំខាន់ឲ្យពួកគាត់ យកមេដាយមាសជូនជាតិឲ្យបាន។»។ លោក ចេង ពិរោទ បាននិយាយដូច្នេះ។
 
ប្រតិភូកីឡាកម្ពុជា ចេញដំណើរទៅប្រកួត នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ កីឡា ១៣​ប្រភេទនោះ រួមមាន៖ វាយ​កូន​ឃ្លី​លើ​តុ, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់​កាច់​ដៃ,​ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, វាយកូនគោល, បាល់ទះក្នុងសាល, ​ Bench Press និង Push Pull Lifting ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០២៣ ។ ដោយឡែកកម្ពុជា ធ្លាប់ដណ្ដើមបានមេដាយសរុប ៣៣គ្រឿង ក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២២ ក្នុងនោះ មានមេដាយមាស១៥ ប្រាក់៨ និងសំរឹទ្ធ ១០។ 
 
យោងតាមវេបសាយ World Police and Fire Games 2023 ព្រឹត្តិការណ៍នេះ មានអត្ដពលិកចូលរួម សរុបប្រមាណជាង ១៦០០០នាក់ មកពី ៧០ប្រទេស ដោយប្រកួតលើ ៦៧ប្រភេទកីឡា។ ៕
 

Tag:
 The 20th World Police and Fire Games
© រក្សាសិទ្ធិដោយ thmeythmey.com