កីឡាជាតិ
ជាតិ
កីឡាករកម្ពុជា ៤រូបចេញទៅប្រកួតព្រឹត្តិការណ៍ Davis Cup3 នៅស្រីលង្កា
25, Jul 2023 , 5:19 pm        
រូបភាព
កីឡាករវាយកូនបាល់កម្ពុជា ក្នុងពេលធ្វើដំណើរទៅប្រទេសស្រីលង្កា។ រូបពី Tennis
កីឡាករវាយកូនបាល់កម្ពុជា ក្នុងពេលធ្វើដំណើរទៅប្រទេសស្រីលង្កា។ រូបពី Tennis
ដោយ:
អត្តពលិកកីឡាវាយកូនបាល់កម្ពុជាបានទៅដល់ប្រទេសស្រីលង្កាដោយសុវត្ថិភាពនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup3 ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ទី២៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងប្រទេសស្រីលង្កា។ លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ថាការប្រកួតព្រឹត្តិការណ៍ធំនេះ នឹងត្រូវវាស់ស្ទង់កម្រិតសមត្ថភាពអត្តពលិកកម្ពុជា។

 
ក្នុងដំណើរបេសកម្មថ្មីក្រោយចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបន្តពង្រឹងកាហ្វឹកហាត់របស់កីឡាករ-កីឡាការិនីដើម្បីត្រៀមប្រកួតប្រជែងកម្រិតតំបន់អាស៊ាន និងកម្រិតតំបន់អាស៊ី។ ក្រុមកីឡាករកីឡាវាយកូនបាល់កម្ពុជា នឹងត្រូវជួបប្រកួតជាមួយអត្តពលិកមានកម្រិតសមត្ថភាព និងសក្តានុពលមកពីបណ្តាប្រទេសមួយចំនួនដូចជា ម្ចាស់ផ្ទះស្រីលង្កា, អារ៉ាប៊ីសាអូឌីត, អ៊ីរ៉ង់, ម៉ាឡេស៊ី, ហ្ស៊កដានី និងវៀតណាម។
 
ប្រតិភូគ្រូបង្វឹក និងកីឡាករវាយកូនបាល់កម្ពុជា នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រូបពី Tennis

ចំពោះភារកិច្ចថ្មីនេះដែរលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លើកឡើងថាការប្រកួតនេះមិនមែនជាបទពិសោធថ្មីសម្រាប់កីឡាករវាយកូនបាល់កម្ពុជានោះទេ ព្រោះកីឡាករបានត្រៀមខ្លួនរួចរាល់ហើយជួបក្រុមខ្លាំង សម្រាប់កម្ពុជា នឹងប្រឹងប្រែងយកជ័យជំនះឱ្យបាន គឺមិនមែនចាត់ទុកជាបទពិសោធដដែលនោះទេ។
 
«កន្លងមកយើងបានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីត្រៀមប្រកួតប្រចាំឆ្នាំនៅ Group3 ហ្នឹង! ជួបខ្លាំងក៏យើងកាន់តែល្អដែរគឺអត់មានយកបទពិសោធទៀតទេ គឺយើងនឹងខំឱ្យបានតាមគេ។ បើសិនជួបប្រទេសដែលថាខ្សោយជាងយើង នោះនឹងមានភាគរយខ្ពស់ឈ្នះ»។ លោក ជា ពៅ ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកតេលេក្រាមដូច្នេះ។
 
គួបញ្ជាក់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជូនប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនី ៧រូបចូលរួមប្រកួតព្រឹត្តិការណ៍ Davis Cup3 នៅស្រីលង្កា ក្នុងនោះមានលោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាជាប្រធានប្រតិភូ លោក ប្រាយអេន អានីរ៉ូ ជនជាតិដាណឺម៉ាកជាគ្រូបង្វឹក អ្នកនាង ឯក លក្ខិណា គ្រូជំនួយ កីឡាករ ឡុង សំនៀង, ឡេង សារិនរាជ, ទេព ទីម៉ូធី និងឃ្លាំង ពន្លក៕
 

Tag:
 កីឡាវាយកូនបាល់
 Davis Cup
© រក្សាសិទ្ធិដោយ thmeythmey.com