ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីថ្មី នឹងចុះជួបកម្មកររោងចក្រ ក្រោយស្បថចូលកាន់តំណែង
26, Jul 2023 , 9:31 am        
រូបភាព
នាយករដ្ឋមន្ត្រីថ្មី នាអាណត្តិទី៧ នឹងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ ក្រោយស្បថចូលកាន់តំណែង។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ បានប្រកាសបែបនេះ តាមរយៈសារសំឡេងពិសេសជិត៤នាទី នាព្រឹកថ្ងៃទី២៦ កក្កដា។



ក្នុងសារសំឡេងដដែលនេះ សម្ដេច ហ៊ុន សែន មិនបានបញ្ចេញឈ្មោះនាយករដ្ឋមន្រ្តីថ្មី ថាជានរណានោះទេ ដែលត្រូវចុះជួបពលរដ្ឋ។ ប៉ុន្តែតាមរយៈការអះអាងជាមួយកាសែតនៃទូរទស្សន៍ phoenix កាលពីពេលថ្មីៗនេះ សម្ដេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា បេក្ខភាពនាយករដ្ឋមន្រ្តីអាណត្តិថ្មីនេះ គឺមានតែ២រូបប៉ុណ្ណោះ គឺសម្ដេច និងលោក ហ៊ុន ម៉ាណែត ។



 
តាមរយៈសារសំឡេងពិសេសនេះ ប្រមុខរដ្ឋាភិបាល ក៏សុំការយោគយល់អធ្យាស្រ័យពីកម្មកររោងចក្រ និងសាធារណជន ចំពោះការខកខានតាមការសន្យា ក្នុងការចុះជួបសំណេះ​សំណាលជាមួយពួកគេ ក្រោយពេលបោះឆ្នោតនេះ។ មូលហេតុដែលសម្ដេច ខកខានជួបពួកគេនេះ ក្រោមហេតុផលទុកពេលវេលា សម្រាប់ការរៀបចំបង្កើតរដ្ឋាភិបាលថ្មី ក្នុងការដឹកនាំប្រទេស។
 
«ខ្ញុំសូមអភ័យទោសពីកម្មករ កម្មការិនីទាំងអស់ ដែលមានការអាក់ខាន មិនបានទៅសួរសុខទុក្ខតាមការសន្យា។ ប៉ុន្តែត្រូវលើកពេលទៅក្រោយ ដើម្បីទុកពេលបង្កើតរាជរដ្ឋាភិបាលថ្មី។ ខ្ញុំចង់ឱ្យអ្វីៗកើតឡើង នៅក្នុងដំណាក់កាលរាជរដ្ឋាភិបាលថ្មី ដែលត្រូវទៅជួបក្មួយៗ កូនៗ ចៅៗ កម្មករ កម្មការិនីទាំងអស់។»។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានសង្កត់ធ្ងន់ថា នាយករដ្ឋមន្ត្រីថ្មី នឹងចុះជួបប្រជាពលរដ្ឋជំនួសនាយករដ្ឋមន្រ្តីចាស់ នាអាណត្តិទី៧នេះ។
 
ដ្បិតក្នុងសារសំឡេងនេះ ប្រមុខរដ្ឋាភិបាលចាំផ្ទះ មិនបានបញ្ចេញឈ្មោះនាយករដ្ឋមន្រ្តីថ្មីក្តី ប៉ុន្តែសម្ដេចបានព្រលយក្នុងកិច្ចសម្ភាសជាមួយកាសែតនៃទូរទស្សន៍ phoenix ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងថា លោក ហ៊ុន ម៉ាណែត នឹងអាចទទួលតំណែងជានាយករដ្ឋមន្រ្តីថ្មី នៅក្រោយប្រកាសលទ្ធផលឆ្នោតជាផ្លូវការ។
 
«គេបានដឹងឥឡូវនេះ បេក្ខជននាយករដ្ឋមន្រ្តី គឺមានដល់ទៅ២ គឺបេក្ខជន ហ៊ុន សែន ផង បេក្ខជន ហ៊ុន ម៉ាណែត ផង។ ចាំមើលប្រជាជនបោះឆ្នោតប៉ុន្មាន? ត្រង់ហ្នឹងអាចដឹង។ ហើយថាមិនត្រូវ នៅតែត្រឹម ៣ ឬ ៤អាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តី ក៏ថាបាន ហើយចាំមើលអ្នកដទៃ គេថាម៉េច? ស៊ីសង បន្ទាប់ពីនោះទៅ ហ៊ុន ម៉ាណែត ធ្វើការបានអត់? ខ្ញុំជឿថា ម៉ាណែត មានលទ្ធផលខ្ពស់ជាងខ្ញុំ។»។ ​សម្ដេច បាននិយាយបែបនេះ៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com