ជាតិ
បោះឆ្នោត៖ ប្រទេសលោកខាងលិចថាសោកស្ដាយ តែប្តេជ្ញាបន្តធ្វើការជាមួយកម្ពុជា
26, Jul 2023 , 3:55 pm        
រូបភាព
មិនមានប្រទេសលោកខាងលិចណាមួយវាយតម្លៃថា ការបោះឆ្នោតនីតិកាលទី៧នៅកម្ពុជា ជាការបោះឆ្នោតដែលមិនអាចទទួលយកបាននោះឡើយ។ សេចក្ដីថ្លែងការណ៍របស់ដៃគូអភិវឌ្ឍទាំងនោះ ហាក់ត្រូវបានធ្វើឡើងដោយប្រយ័ត្នប្រយែង។ ពួកគេ ដែលអាចប៉ាន់ស្មានដឹងមុនអំពីលទ្ធផលនៃការបោះឆ្នោត ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរនោះ បានចេញផ្សាយសេចក្តីថ្លែងការណ៍រិះគន់កម្ពុជាអំពីការខ្វះខាតនៃការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែអះអាងភ្លាមថា ពួកគេនឹងបន្តជួយបំពេញបន្ថែមការខ្វះខាតទាំងនោះ។ សុធី និងសំណាង ដែលជាក្លើនឹងគ្នាបានជជែកវិភាគលើអត្ថន័យនៃប្រតិកម្មរបស់ប្រទេសមហាអំណាចលោកលិចទាំងនេះជាពិសេស។

 
សុធីរ៖ អាណាងឯងយល់យ៉ាងម៉េចចំពោះប្រតិកម្មរបស់ប្រទេសលោកខាងលិច? យើងមិនបាច់និយាយពីប្រទេសចិនទេ។
 
សំណាង៖ អញយល់ពីជម្រៅនៃគំនិតអ្ហែងហើយ។ លោកខាងលិច និងកម្ពុជា វារសើបនឹងគ្នាតាំងពីណាពីណីមកហើយ។ និយាយពីប្រតិកម្មរបស់ពួកគេវិញ អញយល់ថា ដូចជាមិនមានអ្វីថ្មីនោះទេ។ កម្ពុជាដឹងមុនហើយថាពួកគេនឹងនិយាយថា ការបោះឆ្នោតនេះមិនសេរី មិនយុត្តិធម៌ ដោយសារតែអវត្តមានគណបក្សប្រឆាំង និងការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយជាដើម។
 
សុធីរ៖ ពួកគេក៏ដឹងពីលទ្ធផលបោះឆ្នោតមុន ដូចតែយើងហ្នឹងដែរ។ អ៊ីចឹងហើយសេចក្ដីថ្លែងការណ៍បង្ហាញពីការសោកស្ដាយនោះ មានដូចៗគ្នានៅផ្នែកខាងលើ។ តែបន្ទាប់មក ពួកគេក៏សរសេរដូចៗគ្នាដែរថា រដ្ឋាភិបាលរបស់ពួកគេនឹងបន្តធ្វើការជាមួយកម្ពុជា។ សេចក្តីថ្លែងការណ៍ខ្លះសរសេរយ៉ាងច្បាស់ថា ពួកគេនឹងធ្វើការជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយពួកគេដឹងច្បាស់ថា គឺគណបក្សប្រជាជនកម្ពុជារបស់សម្ដេច ហ៊ុន សែន ទៀតផង។
 
សំណាង៖ អ្ហែងនិយាយត្រូវ។ វាធ្វើឱ្យអញនឹកដល់ឃ្លាមួយថា «គ្មានមិត្ត គ្មានសត្រូវ។ មានតែប្រយោជន៍។»។
 
សុធីរ៖ អើ ឯងត្រូវមើលរៀនមើលឱ្យគ្រប់ជ្រុង! ប្រទេសខ្លះចេញសេចក្តីថ្លែងការណ៍ពេលព្រឹក ប្រកាសផ្ដល់ជំនួយពេលល្ងាចទៀតផង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com