កីឡាជាតិ
ជាតិ
មឿន សុខហ៊ុច ប្តេជ្ញាស្តាកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយផ្លាស់ទៅក្លិបប្រដាល់គុនខ្មែរ«មេសថ្ងក»
27, Jul 2023 , 8:29 am        
រូបភាព
កីឡាករ មឿន សុខហ៊ុច ពេលកំពុងហ្វឹកហាត់
កីឡាករ មឿន សុខហ៊ុច ពេលកំពុងហ្វឹកហាត់
ដោយ:
កីឡាករប្រដាល់គុនខ្មែរចាស់វស្សា មឿន សុខហ៊ុច ជឿជាក់លើសមត្ថភាពរបស់ខ្លួនថានឹងស្តាកេត្តិយសកេរ្តិ៍ឈ្មោះឡើងវិញក្រោយផ្លាស់ប្តូរពីក្លិបប្រដាល់កងនាយកដ្ឋានអង្គរក្ស ទៅកាន់ក្លិបប្រដាល់មេសថ្ងកខេត្តស្វាយរៀង។ ជឿជាក់ ដោយសារ សុខហ៊ុច ទទួលការបង្វឹកពីលោកគ្រូបឺត ខាំ។



ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី២៥ ខែកក្កដា សុខហ៊ុច អះអាងថា៖«ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីយកកេរ្តិ៍ឈ្មោះ និងកេត្តិយសមកឱ្យដូចមុនវិញ»។ កីឡាករគុនខ្មែររូបនេះ បន្តថាទាំងសុខភាព និងកម្លាំងរបស់ខ្លួនគឺនៅមាំមួន និងធន់ល្អអាចប្រកួតបាន៤ទៅ៥ ឆ្នាំទៀត។ ការផ្លាស់ប្តូរមកកាន់ក្លិបប្រដាល់ថ្មី(មេសថ្ងក ខេត្តស្វាយរៀង) កីឡាករមានរហស្សនាមថាអ្នកលេងរន្ទះជើងពិឃាដ មើលឃើញថាការដឹកនាំរបស់ថ្នាក់ដឹកនាំ និងគ្រូបង្វឹកល្អ ជាហេតុនាំឱ្យខ្លួនសម្រេចចិត្តទៅកាន់ទ្រនំថ្មី។
 
កីឡាករគុនខ្មែរ មឿន សុខហ៊ុច ហ្វឹកហាត់នៅក្លិបមេសថ្ងកខេត្តស្វាយរៀង
ការផ្លាស់ប្តូរមកកាន់ក្លិបថ្មីនេះខ្ញុំមើលឃើញពីការដឹកនាំរបស់គាត់ជួយឱ្យក្មេងៗជំនាន់ក្រោយទទួលបានជោគជ័យ និងបានល្អច្រើន»។​ កីឡាករមានដើមកំណើតពីខេត្តកំពង់ចាម មឿន សុខហ៊ុច បញ្ជាក់បន្ថែម។ ឆ្លងកាត់ព្យុះភ្លៀងជាច្រើន សុខហ៊ុច ប្តេជ្ញាថានឹងសម្រេចឱ្យបានជោគជ័យដូចកីឡាកររៀមច្បង (ព្រំ សំណាង) នៅក្នុងក្លិបកីឡាប្រដាល់មេសថ្ងក។
 
មកចូលរួមហ្វឹកហាត់ទើបបានមួយសប្តាហ៍កីឡាករចាស់វស្សាររូបនេះ មើលឃើញពីភាពខុសប្លែកគ្នាអំពីបច្ចេកទេសបង្ហាត់របស់គ្រូបង្វឹកតាមក្លិបនីមួយៗដែលខ្លួនធ្លាប់ហ្វឹកហាត់។  កីឡាករវ័យ ៣២ឆ្នាំរូបនេះបញ្ជាក់ថា ការបង្ហាត់របស់លោកគ្រូ បឺត ខាំ មានភាពវៃឆ្លាត ក្នុងការប្រើបញ្ញា ជាងកម្លាំងបាយ។ ហ្វឹកហាត់ជាមួយលោកគ្រូបឺត ខាំង សុខហ៊ុច ជឿថា ខ្លួនអាចនឹងផ្លាស់ប្តូរច្រើន។
 
គួបញ្ជាក់ថា កីឡាករ មឿន សុខហ៊ុច បានចូលប្រឡូកក្នុងអាជីពអ្នកប្រដាល់១៩ឆ្នាំហើយ គិតចាប់តាំងពីឆ្នាំ២០០៤។ ក្លិបប្រដាល់ដំបូងដែល សុខហ៊ុច ចូលហ្វឹកហាត់មានឈ្មោះថា ខេមប៊ុក(Cambox)បង្ហាត់ដោយលោក សួន សំណាង ក្លិបបន្ទាប់ពុទ្ធសិរីវង្ស បង្ហាត់ដោយលោកគ្រូ ណន រិទ្ធ និងក្លិបកងនាយកដ្ឋានអង្គរក្ស បង្ហាត់ដោយលោក ស៊ន អេលីត៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 មឿន សុខហ៊ុច
© រក្សាសិទ្ធិដោយ thmeythmey.com