កីឡាជាតិ
ជាតិ
បាល់ទះ៖ សិក្ខាកាម ៤១រូបរៀនវគ្គគ្រូកម្រិត C ដែលបង្រៀនដោយគ្រូកម្រិត A
27, Jul 2023 , 10:59 am        
រូបភាព
កម្មវិធីវគ្គបណ្តុះបណ្តាលគ្រូកម្រិត "គ" បង្រៀនដោយគ្រូគុយបា។ រូបពី VFC
កម្មវិធីវគ្គបណ្តុះបណ្តាលគ្រូកម្រិត "គ" បង្រៀនដោយគ្រូគុយបា។ រូបពី VFC
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត “គ”(C) ឆ្នាំ២០២៣ នាទីស្នាក់ការសហព័ន្ធកីឡាបាល់ទះ ក្នុងបរិវេណពហុកីដ្ឋានជាតិអូឡាំពិក។ សិក្ខាកាមទាំងអស់មានចំនួន ៤១រូប ក្នុងនោះស្រី ៣រូប ដែលទទួលបានការបង្រៀនដោយលោក Barrios Berto Friol គ្រូឧទ្ទេសជនជាតិគុយបា ដែលជាគ្រូកម្រិត “ក” A។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត “គ” ថាកន្លងមកសហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាលកម្រិតជាតិ និងអន្តរជាតិជាច្រើនរូបរួចមកហើយ ក្នុងនោះអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ៣រូប អាជ្ញាកណ្តាលកម្រិតជាតិ “ខ” ២៥រូប ស្រី៥រូប កម្រិត “គ” ២១២រូប ក្នុងនោះមានស្រី ២៣រូប។
 
គ្រូបង្វឹកកម្រិតជាតិ “ខ” B មានចំនួន ២០រូបក្នុងនោះស្រី ១រូប គ្រូបង្វឹកកម្រិតជាតិ “គ” C មានចំនួន ៣២រូប។ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបាល់ទះកម្រិតជាតិ “គ” C នឹងចាប់ប្រព្រឹត្តទៅពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
 
សិក្ខាកាមទាំង ៤១រូបដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលនេះមានមកពីបណ្តាក្លិបកីឡាបាល់ទះ និងសមាគមចំនួន ២២រួមមាន៖ នាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍មានចំនួន ២រូប, វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ២រូប, សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ ២រូប, សមាគមកីឡាបាល់ទះវិសាខា ២រូប, ក្លិបកីឡាបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពត​ ២រូប។
 
ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ២រូប, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ២រូប, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ២រូប, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប ២រូប, ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ២រូប, ក្លិបកីឡាបាល់ទះតាឌីព្រះវិហារ ២រូប និងក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ មានចំនួន១រូប។
 
គួបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិត “គ” C គឺទទួលបានការគាំទ្រឧបត្ថម្ភដោយក្រសួងអប់រំយុវជន និងកីឡាតាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា។ សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះនឹងទទួលបាននូវវិញ្ញាបនបត្រដែលបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា៕
 
 

Tag:
 កីឡាបាល់ទះ
  Barrios Berto Friol
© រក្សាសិទ្ធិដោយ thmeythmey.com