កីឡាជាតិ
អន្តរជាតិ
Henderson ចេញពី Liverpool ក្រោយរួមរស់ ១២ឆ្នាំ ដើម្បីទៅចូលក្រុម Al-Ettifaq
27, Jul 2023 , 2:32 pm        
រូបភាព
Jordan Henderson ខ្សែបម្រើក្រុម Liverpool បានចាកចេញពីក្រុម ដោយបានលាអ្នកគាំទ្រនៅលើបណ្តាញសង្គមមួយនៅថ្ងៃទី២៦ ខែកក្កដា បន្ទាប់ពីរូបគេបានរួមរស់ជាមួយក្រុមហង្សក្រហមរយៈពេល ១២ឆ្នាំ។ Henderson ត្រូវបានគេរាយការណ៍ថាបានផ្លាស់ទៅកាន់ក្រុម Al-IEttifaq របស់អារ៉ាប៊ីសាអូឌីត។



អតីតប្រធានក្រុម ​Liverpool រូបនេះនឹងចូលរួមជាមួយក្រុមស្ថិតក្នុងក្របខណ្ឌ Saudi Pro League បន្ទាប់ក្រុមក្រុម Al-Ettifaq មួយនេះបានចំណាយប្រាក់ប្រមាណ ១៣លានផោន (១៦,៧លានដុល្លារ) ក្នុងការផ្ទេរយកកីឡាកររូបនេះ។
 
«វាពិតជាពិបាកខ្លាំងណាស់ក្នុងការនិយាយពាក្យនេះ បន្ទាប់ពីបានចំណាយពេល ១២ឆ្នាំ ហើយវាពិតជាពិបាកខ្លាំងណាស់ក្នុងការនិយាយថាលាហើយ។ អរគុណសម្រាប់គ្រប់យ៉ាង អ្នកនឹងមិនធ្វើដំណើរម្នាក់ឯងឡើយ។»។ កីឡាករវ័យ ៣៣ឆ្នាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram បែបនេះ។
 
Henderson បានចូលរួមជាមួយនឹង Liverpool នៅក្នុងឆ្នាំ ២០១១ ដោយបានផ្លាស់ពីក្រុម Southampton និងបានបង្ហាញខ្លួនលេងប្រមាណ ៤៩២ប្រកួត ដោយគេរកបានគ្រាប់បាល់ចំនួន ៣៣គ្រាប់ និងបញ្ជូនបាល់ចំនួន ៦១គ្រាប់រាល់ការប្រកួតទាំងអស់។
 
កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានជួយក្រុមដឹកនាំដោយលោក Jurgen Klopp ឈ្នះពានរង្វាន់ Premier League លើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ក្នុងឆ្នាំ ២០២០។ Henderson ថែមទាំងជួយឱ្យក្រុមហង្សក្រហមឈ្នះពាន FA Cup, League Cup, UEFA Super Cup, Club World Cup និង Champions League។
 
ផ្លាស់ទៅក្រុម Al-Ettifaq នៅទឹកដីអារ៉ាប៊ីសាអូឌីត Henderson នឹងចូលរួមសារជាថ្មីម្តងទៀតជាមួយនឹងអតីតមិត្តរួមក្រុម លោក Steven Gerrard ដែលបានទៅដឹកនាំក្រុមនេះក្នុងនាមជាគ្រូបង្វឹកជាមួយកិច្ចសន្យា ៣រដូវកាលកាលពីដើមខែកក្កដា។
 
ក្រៅពី Henderson ក្លិប Al-Ettifaq ក៏យកបានកីឡាករខ្សែប្រយុទ្ធបន្ថែមមួយរូបទៀតគឺ Moussa Dembele ពីក្រុម Olympique Lyonnais៕
 

Tag:
 Jordan Henderson
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com