កីឡាជាតិ
ជាតិ
កីឡាអាស៊ី៖ បាល់ទះបុរសកម្ពុជាជួបជើងខ្លាំងកូរ៉េខាងត្បូង-ឥណ្ឌា ឯបាល់ទាត់នារីប៉ះកូរ៉េខាងជើង-សិង្ហបុរី
28, Jul 2023 , 11:17 am        
រូបភាព
ដោយ:
ក្រុមកីឡាបាល់ទះជម្រើសជាតិផ្នែកបុរសកម្ពុជា ត្រូវជួបជើងខ្លាំងកូរ៉េខាងត្បូង និងឥណ្ឌា នៅពូល C ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២២ (Asian Games 2022) នៅទីក្រុងហានចូវ ប្រទេសចិន ស្របពេលក្រុមបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល C ដូចគ្នា ដោយត្រូវប៉ះកូរ៉េខាជើង និងសិង្ហបុរី។



នៅថ្ងៃទី២៧ ខែកក្កដា គណៈកម្មាធិការកីឡាអូឡាំពិកអាស៊ី បានចាប់ឆ្នោតកីឡាជាក្រុមសម្រាប់បែកចែកពូលត្រៀមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅសណ្ឋាគារ Grand Parkry ទីក្រុងហានចូវ ដើម្បីត្រៀមការប្រកួតចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
  


សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលមាន១៩ក្រុមចូលរួម និងបែងចែកជា ៦ពូលក្នុងនោះយើងឃើញក្រុមមកពីតំបន់អាស៊ានមានចំនួន៤ក្រុម គឺកម្ពុជា (មេដាយប្រាក់ស៊ីហ្គេម២០២៣) ឥណ្ឌូណេស៊ី(មេដាយមាសស៊ីហ្គេម២០២៣) ថៃ(មេដាយសំរឹទ្ធស៊ីហ្គេម២០២៣) និងហ្វីលីពីន ទទួលបានកៅអីពីសហព័ន្ធកីឡាបាល់ទះពិភពលោក (VNL) ដោយសារពួកគេធ្វើសហម្ចាស់ផ្ទះឆ្នាំ២០២៣។
 
ពូល A មានម្ចាស់ផ្ទះចិន, កៀហ្ស៊ីស៊ីស្ថាន, កាហ្សាក់ស្ថាន ពូល B មានអ៊ីរ៉ង់ នេប៉ាល់ និងបារ៉ែន រីឯពូល C មានកម្ពុជា កូរ៉េខាងត្បូង និងឥណ្ឌា ខណៈពូល D មានចិនតៃប៉ិ ប៉ាគីស្ថាន និងម៉ុងហ្គោលី។ ចំណែកពូល E មានកាតា ថៃ និងហុងកុង និងពូល F មានជើងខ្លាំង ជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងអាហ្វហ្គានីស្ថាន។


 
សម្រាប់ក្រុមបាល់ទាត់នារីក៏បានចាប់ឆ្នោតរួចរាល់ផងដែរដោយមាន១៧ក្រុមចូលរួម និងចែកចេញជា៥ពូល ពី A ដល់ E ក្នុងក្រុមនារីកម្ពុជា ស្ថិតនៅពូល C ប៉ះកូរ៉េខាងជើង និងសិង្ហបុរី។ ពូល A មានម្ចាស់ផ្ទះចិន អ៊ូសបេគីស្ថាន និងម៉ុងហ្គោលី ពូល B មាន ឆាយនីសតៃប៉ិ ថៃ​ និងឥណ្ឌា ពូល C កូរ៉េខាងជើង កម្ពុជា និងសិង្ហបុរី ពូល D មានជប៉ុន វៀតណាម នេប៉ាល់ និងបង់ក្លាដែស និងពូល E មាន កូរ៉េខាងត្បូង ហុងកុង ហ្វីលីពីន និងមីយ៉ាន់ម៉ា។
 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២២ ត្រូវបាន​លើកពេល​មក​ឆ្នាំ​២០២៣ (19th Asian Games 2022)។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពី​ថ្ងៃទី២៣ ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៣ នៅខេត្តហានចូវ ប្រទេសចិន៕
 


Tag:
 កីឡាបាល់ទះ
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com