កីឡាជាតិ
ជាតិ
នាយកប្រតិបត្តិ CPL៖ លីគកំពូលរដូវកាលថ្មីកាន់តែកើនការប្រកួតប្រជែង​ ដ្បិតកើនកូតាកីឡាករបរទេស
28, Jul 2023 , 6:09 pm        
រូបភាព
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League (CPL) បានប្រកាសថា ការប្រកួតលីគកំពូលរដូវកាលនេះ មាន ១៤១ប្រកួត ដោយក្លិបចំនួន១០ ត្រូវជួបគ្នា ៣លើក។ CPL រដូវកាល ២០២៣-២៤ កាន់តែប្រកួតប្រជែងខ្ពស់ ព្រោះក្លិបនីមួយៗ អាចចុះឈ្មោះកីឡាករបរទេសចំនួន៦នាក់ ក្នុងនោះដាច់ខាតត្រូវតែមាន១រូប ជាកីឡាករក្នុងតំបន់អាស៊ាន។



ក្នុងពិធីបង្ហាញឯកសណ្ឋានកីឡាករ របស់ក្លិបទាំង១០ ដែលប្រកួតប្រជែងក្នុងកំពូលកម្ពុជារដូវកាលថ្មី នៅថ្ងៃទី២៨ ខែកក្កដា នៅសណ្ឋាគារ Tribe លោក Saito បានថ្លែថាលីគកំពូលកម្ពុជា នឹងកាន់តែចាប់អារម្មណ៍លើសពីរដូវកាលមុន ដោយសារតែចំនួន នៃការប្រកួតកើនឡើងដល់ទៅ ១៤១ប្រកួត និងកូតាកីឡាករបរទេស កើនដល់៦រូប។ 



១៣៥ ប្រកួត គឺមានន័យថា ក្រុមនីមួយៗ ត្រូវជួបគ្នាចំនួន ៣លើក ចំណែក ៦ប្រកួតទៀត គឺជាការប្រកួតក្រុម ដែលមានចំណាត់ថ្នាក់ ១-៤ (Top 4) ក្នុងតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា។ នោះ បានន័យថា ៤ក្រុមកំពូលតារាងក្រោយឆ្លងកាត់១៣៥ប្រកួត ត្រូវបន្តប៉ះគ្នា ដើម្បីដណ្ដើមយកជើងឯក។
 
«អ្វី ដែលអ្នករំពឹងទុកក្នុងរដូវកាលនេះ គឺមានច្រើន ព្រោះតែក្លិប ដែលប្រកួតប្រជែងក្នុង CPL កើន ទៅដល់១០។ យើង សូមស្វាគមន៍ ISI និង ព្រៃវែង ដែលត្រូវបានឡើងមកលីគកំពូល ជាលើកដំបូង។ អ្វី ដែលសំខាន់មួយទៀត គឺចំនួន នៃការប្រកួត ឡើងទៅដល់ ១៤១ប្រកួត ដែលជាចំនួនច្រើនបំផុត ក្នុងប្រទេសកម្ពុជា។»។ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ដូច្នេះ។
 
ចំណែកកូតាកីឡាករបរទេស​ ក្លិបក្របខណ្ឌលីគកំពូលនីមួយៗ អាចចុះឈ្មោះកីឡាករបរទេស​​ បានចំនួន ៦នាក់ ដោយក្នុងនោះ រាប់បញ្ចូលកីឡាករក្នុងតំបន់អាស៊ានម្នាក់។ ប្រសិនជាមិនចុះឈ្មោះកីឡាករអាស៊ានទេ ក្លិប អាចដាក់កីឡាករបរទេស បានតែ៤រូបប៉ុណ្ណោះ ក្នុងទីលានប្រកួត ដោយក្នុងនោះ មានម្នាក់ជាកីឡាករក្នុងតំបន់អាស៊ី។ ប៉ុន្ដែប្រសិនជា ក្លិប មានកីឡាករអាស៊ាន ក្លិប អាចដាក់សមាសភាពកីឡាករ បរទេស៥រូបក្នុងទីលាន (រាប់បញ្ចូល ម្នាក់ជាកីឡាករអាស៊ាន)។
 
នាយកប្រតិបត្តិ Cambodian Premier League បាននិយាយបន្ថែមថា សមាសភាពកីឡាករ បរទេស អាចជារឿងល្អសម្រាប់ការប្រកួតក្នុងលីគ ដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញឡើង។ «ចំនួនកីឡាករបរទេស ក្នុងទីលានក៏ត្រូវបានកើនឡើងដែរ គឺជាប្រព័ន្ធកូតាកីឡាករអាស៊ានថ្មី នឹងនាំឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំង មិនត្រឹមតែកីឡាករអន្ដរជាតិ ចំណែកកីឡាករកម្ពុជា ក៏អាចចេញទៅលេងនៅប្រទេសក្រៅបានផងដែរ។»។ លោក Satoshi Saito បានប្រាប់បែបនេះ។
 
គួរបញ្ជាក់ផងដែរថា ការប្រកួត Cambodian Premier League នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com