ជាតិ
អាជ្ញាធរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកជន់លិចតំបន់មួយចំនួន នៅកំពង់ស្ពឺនិងកោះកុង
30, Jul 2023 , 2:40 pm        
រូបភាព
ទឹកជន់លិចនៅកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
ទឹកជន់លិចនៅកំពង់ស្ពឺ។ រូបពី រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ អាជ្ញាធរខេត្តកំពង់ស្ពឺ អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន​ ខណៈមេឃបន្តភ្លៀង ដែលបង្កឱ្យតំបន់មួយចំនួនមានការជន់លិច។ លើសពីនេះ ស្ថានភាពទឹកនៅតំបន់អាងទឹកអូរកូនត្រុំ ក្នុងស្រុកភ្នំស្រួច បានឡើងលើសកម្រិតរក្សាទុក ហើយអាជ្ញាធរក៏សម្រេចបើកទ្វារទឹក ដើម្បីបង្ហូរចេញ។

 
 
តំបន់ទំនប់អូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ក្រោយពីមានភ្លៀងធ្លាក់កម្រិតជាង៣០០មីលីម៉ែត្រ  រយៈពេល២ថ្ងៃជាប់គ្នា កាលពីយប់ថ្ងៃទី២៨និង២៩កក្កដា បានបង្កឱ្យមានទឹកជំនន់នៅផ្នែកខាងក្រោមនៃទំនប់អូរកូនត្រុំ។ នេះបើតាមមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចេញផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣០កក្កដា ហើយបានអំពាវនាវទៅពលរដ្ឋយ៉ាងដូច្នេះថា៖ «សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជំនន់ខាងលើនឹងបានធូរស្បើយទៅវិញឆាប់រហ័សប្រសិនបើភ្លៀងមិនបន្តធ្លាក់បន្ថែមទៀត»។ 
 
កាលពីថ្ងៃទី២៩កក្កដា អាជ្ញាធរខេត្តកំពង់ស្ពឺបាន បានសម្រេចបើកទ្វារទំនប់អាងទឹកអូរកូនត្រុំចំនួន៥ ស្ថិតនៅស្រុកភ្នំស្រួច ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឲ្យទឹកឡើងលើសពីកម្រិតរក្សាទុក។
 
ជាមួយគ្នានេះដែរ នៅខេត្តកោះកុង ក្នុងថ្ងៃ៣០កក្កដានេះ ភ្លៀងបន្តធ្លាក់មិនដាច់ ក្នុងកម្រិតពីខ្សោយទៅមធ្យម បណ្តាលឲ្យមានការជន់លិចផ្លូវលំ ផ្ទះសម្បែងប្រជាពលរដ្ឋ និងដំណាំផ្សេងៗដែរ។ តំបន់ដែលជន់លិចនោះ គឺនៅចំណុចអារែង ថ្មដូនពៅ និងឫស្សីជ្រុំ ក្នុងស្រុកថ្មបាំង។ 
 
ចំណែក នៅខេត្តព្រះសីហនុ ស្ថានភាពទឹកនៅស្ទឹងសំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១១៦ នៅថ្ងៃទី៣០កក្កដានេះ ទឹកក៏បានឡើងដល់កម្ពស់ ៥,៧៧ម៉ែត្រ ទៅ៦ម៉ែត្រ។ ទឹកនៅតំបន់នោះ បានហូរកាត់ផ្លូវប្រវែងចន្លោះពី ៥០ម៉ែត្រទៅ១០០ម៉ែត្រ។ ហេតុនេះ អាជ្ញាធរសម្រេចផ្អាកដំណើរការឆ្លងកាត់ជាបណ្ណោះអាសន្ន។ នេះបើតាកក្រសួងធនធានទឹក និងឧតុនិយម៕ 

Tag:
 ជាតិ៖ ទឹកជន់លិច
© រក្សាសិទ្ធិដោយ thmeythmey.com