កីឡាជាតិ
ជាតិ
បានចំណូលពីអាជីពគុនខ្មែរ ព្រំ សំណាង យកប្រាក់ពង្រីកអាជីវកម្មបន្ថែម
30, Jul 2023 , 8:20 pm        
រូបភាព
កីឡាករគុនខ្មែរ ព្រំ សំណាង ពេលផ្តល់បទសម្ភាស
កីឡាករគុនខ្មែរ ព្រំ សំណាង ពេលផ្តល់បទសម្ភាស
ដោយ:
«ជាងកន្ត្រៃមាស ជង្គង់ទិព្វ» ព្រំ សំណាង ត្រូវបានគេដាក់រហស្សនាមបែបនេះ គ្រាដែលរូបគេតែងតែផ្តាច់គូប្រគួតឱ្យសន្លប់នៅលើសង្វៀនដោយជង្គង់។ មួយប្រកួតរកបានខ្ទង់ពាន់ដុល្លារ សំណាង លៃលកយកប្រាក់មួយចំនួនទិញដី និងគោចិញ្ចឹមដើម្បីទំនុកបម្រុងគ្រួសារ។ បន្ទាប់ពីជោគជ័យខ្លាំងក្នុងអាជីពជាកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួនមួយចំនួនដើម្បីបម្រុងជីវភាពនាពេលអនាគត។

 
បន្ទាប់ពីដាក់ការតាំងចិត្តតស៊ូហ្វឹកហាត់ជម្នះឧបសគ្គ កីឡាករមានរហស្សនាមថាជង្គង់ទិព្វ ព្រំ សំណាង ទទួលបានប្រជាប្រិយភាពខ្លាំងលើវិស័យកីឡាប្រដាល់គុនខ្មែរ។ ក្រោយពីបានយកឈ្នះកីឡាកររុស្ស៊ី ហ្វ៊ែដាហ្សូវ Firdazov នៅសង្វៀនថៃហ្វៃ (Thai Fight) ប្រទេសថៃ កាលពីឆ្នាំ២០២២ កីឡាករមានដើមកំណើតមកពីខេត្តកំពង់ស្ពឺ ក៏កើនឡើងនូវតម្លៃពលកម្មលើសង្វៀនប្រយុទ្ធ។
 

ម្ចាស់មេដាយមាសស៊ីហ្គេម២០២៣ វិញ្ញាសាគុនខ្មែរ ព្រុំ សំណាង ពេលហ្វឹកហាត់ជាមួយគូសម

យ៉ាងណាតម្លៃខ្លួនហក់ឡើងខ្ពស់មួយប្រកួតរកបានខ្ទង់ពាន់ដុល្លារកីឡាករវ័យជ្រេរ ព្រំ សំណាង បានគិតគូរសម្រាប់គ្រួសារដោយរូបគេយកប្រាក់ដែលរកបានទៅទិញដីស្រែ និងសត្វគោ ដើម្បីចិញ្ចឹម ទុកបម្រុងសម្រាប់ពេលអនាគតដែលខ្លួនមិនអាចប្រកួតលើសង្វៀនបាន។  ក្រៅពីនោះទៀតរូបគេក៏បានបើកអាជីវកម្មហាងកាត់សក់មួយកន្លែងក្នុងរាជធានីភ្នំពេញ។
 
«រកបានប្រាក់មួយចំនួនសងធនាគាររួចសល់តិចតួចទិញគោចិញ្ចឹមនៅស្រុក ផ្តគ់ផ្គង់កូនរៀន។ មួយទៀតខ្ញុំបើកហាងកាត់សក់»។ ព្រំ សំណាង និយាយដូច្នេះក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ ថ្ងៃទី២៥ ខែកក្កដា ស្របពេលខ្លួនកំពុងបុកហាត់ក្នុងក្លិបប្រដាល់គុនខ្មែរមេសថ្ងកខេត្តស្វាយរៀង។ ជាមួយនឹងការបើកហាងថ្មី សំណាង មានក្តីបារម្ភខ្លាំងដោយសារមិនសូវមានអតិថិជនចូលកាត់សក់នៅហាងរបស់ខ្លួន។
 
កីឡាករ ព្រំ សំណាង និយាយថា៖«ហាងកាត់សក់អត់សូវដើរមួយខែខាតតិចតួច ដោយសារយើងជួលផ្ទះគេ ហើយមានជាង៥នាក់»។ ទាំងអស់នេះហើយជាបញ្ហាសម្រាប់អាជីវកម្មថ្មីរបស់កីឡាករគុនខ្មែររបស់កម្ពុជា ប៉ុន្តែអ្នកលេងជង្គង់ទិព្វព្រំ សំណាង បញ្ជាក់ពីគោលជំហររបស់ខ្លួនថាការខាតតិចតួចមិនមែនជាឧបសគ្គសម្រាប់ខ្លួនឡើយ ហើយខ្លួនក៏មិនធ្វើឱ្យអ្នកដែលបានជួយខ្លួនខកបំណងនោះដែរ។ ពង្រីកអាជីវកម្ម ដោយសារអ្នកលេងគុនខ្មែរវ័យ ៣៩ឆ្នាំ គិតគូពីគ្រួសារសម្រាប់ពេលអនាគត។ 
 
សម្រាប់ថ្ងៃទៅមុខទៀត ព្រំ សំណាង បានបង្ហើបប្រាប់ផងដែរថារូបគេមានបំណងចង់បើកក្លិបប្រដាល់គុនខ្មែរ តែបច្ចុប្បន្នមិនទាន់មានថវិការគ្រប់គ្រាន់។ «ក្លិបមានហើយ ប៉ុន្តែមិនទាន់មានលុយទិញសម្ភារៈដាក់ចូល។ ហើយក្មេងៗក៏ចេះតែសួរអំពីការហ្វឹកហាត់នេះដែរ»៕

Tag:
 (កីឡាប្រដាល់គុនខ្មែរ
 ព្រំ សំណាង)
© រក្សាសិទ្ធិដោយ thmeythmey.com