ជាតិ
ក្រុមអភិរក្សថ្មបន្តជួសជុលបង្កាន់ដៃនាគប្រាសាទបន្ទាយសំរ៉ែ
30, Jul 2023 , 9:00 pm        
រូបភាព
ការជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ។ រូបភាពពីអាជ្ញាធរជាតិអប្សរា (1)
ការជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ។ រូបភាពពីអាជ្ញាធរជាតិអប្សរា (1)
សៀមរាប៖ ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តសកម្មភាពជួសជុលបង្កាន់ ដៃនាគប្រាសាទ បន្ទាយសំរ៉ែ ក្នុងន័យលើកតម្លៃប្រាសាទនេះ ឱ្យបន្ដឈរយូរអង្វែង និង ទាក់ទាញទេសចរចូលទៅកម្សាន្ត។

 
លោក ឡុង ណារី ប្រធានក្រុមអភិរក្សថ្ម បានឱ្យដឹងថា នេះជាដំណាក់កាលទី៧ហើយ ដែលក្រុមលោក ជួសជុលបង្កាន់ដៃនេះ ដែលដំណាក់ចុងក្រោយនេះមានប្រវែង ២៤ម៉ែត្រ ។ លោកបន្តថា កាលពីឆ្នាំ២០២២ គម្រោងនេះជួសជុលបានប្រវែង៣២ម៉ែត្រ នៅផ្នែកខាង កើតឈៀងខាងជើង ហើយបច្ចុប្បន្នជួសជុលនៅ ផ្នែកខាងជើងឈៀងខាងកើត។ 
 
បង្កាន់ដៃនាគប្រាសាទបន្ទាយសំរ៉ែនេះ ចាប់ផ្តើមជួសជុលដំបូងពីឆ្នាំ ២០១៣មក ដោយ ស្ថានភាពថ្ម​មានភាពពុកផុយ ខណៈ កន្លែងខ្លះបាក់បែក ដែលអាចបង្កហានិភ័យដល់ ទេសចរបាន។ លោក ឡុង ណារី ពន្យល់ដូច្នេះថា៖« ស្ថានភាពទីមួយមានភាពមិនមាំ អាច គ្រោះថ្នាក់ដល់ទេសចរ ឬក៏អាចធ្លាក់បាក់បែក ព្រោះពេលយើងមកឃើញស្ថានភាព ដំបូង​យើងឃើញកន្លែងក្បាលនាគខ្លះ យើងប៉ះទៅវារង្គើ ហើយកន្លែង​ខ្លះទៀតវារលំធ្លាក់​ទៅក្រោម មានកន្លែងខ្លះទៀតបាក់ជាបីបួនកង់»។ 
 

ការជួសជុលបង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
 
ការងារជួសជុលនៅពេលនេះ មិនខុសពីលើកមុនៗនោះទេ គឺក្រុមការងារបានចាប់ផ្តើមរើថ្ម ជួសជុល បិទភ្ជាប់ដែលបាក់បែក និងកន្លែងខ្លះខូចខាតខ្លាំង គេបានប្រើថ្មថ្មីជំនួសទាំងស្រុង ដើម្បីរក្សាភាព​រឹងមាំ​នៃបង្កាន់ដៃនាគ។ យ៉ាងណា លោក ណារី បញ្ជាក់ថា ការជួសថ្មថ្មី​នេះ​មិន​ច្រើនពេកទេ ដោយការងារជួសជុល អនុលោមតាមអនុសាសន៍​របស់គណៈកម្មាធិការ​អន្ដរជាតិ​ អាយស៊ីស៊ី-អង្គរ។
 
គម្រោងអភិរក្សបង្កាន់ដៃនាគនេះ ចាប់ផ្តើមពីឆ្នាំ២០១៣មក ហើយលោក ណារី សង្ឃឹមថា ក្រុមការងា​រអភិរក្ស ​ នឹងបន្តជួសជុលរហូតចប់រួចរាល់ជាស្ថាពរ ខណៈបច្ចុប្បន្នការងារ​ជួសជុល​នេះ នៅសល់ពីរជ្រុងទៀតតែប៉ុណ្ណោះ។ 
 
នៅជំនាន់បារាំង បង្កាន់ដៃនាគនេះធ្លាប់បានជួសជុលម្ដងហើយ ដោយកាលណោះ បារាំង​បាន​​ចាក់​ស៊ីម៉ង់ត៍នៅចំណុចខ្លះ ដែលមានហានិភ័យខ្លាំង។ យ៉ាងណា លោក ណារី អះអាង ថាស៊ីម៉ង់ត៍ និងដែកបានពុកផុយឬច្រែះអស់ តម្រូវឱ្យរើចេញ ព្រោះវាដល់​អាយុកាល​ហើយ​។
 
ក្នុងនាមជាអ្នកអភិរក្សចាស់វស្សាមួយរូប លោក ឡុង ណារី បានបង្ហាញក្ដីរីករាយ និង​មោទកភាព ដែលអាចចូលរួមការងារជួសជុលបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ​ ឱ្យ​រឹងមាំ​ឡើងវិញ។ លោក ណារី បន្ថែមថា៖ «ការងារអភិរក្ស គឺយើងធ្វើផងរៀនផង គ្មានអ្នក​ណា​ចេះគ្រប់ទេ ត្រូវដើរទន្ទឹមគ្នា»៕

Tag:
 បង្កាន់ដៃនាគ
  បន្ទាយសំរ៉ែ
  ឡុង ណារី
© រក្សាសិទ្ធិដោយ thmeythmey.com