ជាតិ
បទសម្ភាសន៍
លោក សម្យ កំសាន្ត នឹងអភិវឌ្ឍន៍គុណភាព​សាលា​ជំនាន់ថ្មី​
30, Jul 2023 , 6:00 pm        
រូបភាព
រូបភាពពីសាលារៀនជំនាន់ថ្មី
រូបភាពពីសាលារៀនជំនាន់ថ្មី
ភ្នំពេញ៖ ពីមួយ​ឆ្នាំ​ទៅមួយឆ្នាំ ការ​អប់រំ​នៅ​សាលារៀន​ជំនាន់ថ្មី នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ តែង​មានការ​ផ្លាស់ប្ដូរ តាមរយៈការ​ពង្រឹង​គុណភាព​សិក្សា, ការ​ផ្លាស់ប្ដូរ​បទពិសោធនៅ​ក្រៅប្រទេស និង​ការ​ច្នៃ​បង្កើតថ្មីជាដើម។ ​លោក សម្យ កំសាន្ត អះអាងថា គុណភាពសាលាជំនាន់ថ្មីមិនអាចនៅដដែលទេ ត្រូវកើនជានិច្ច។

 
 
សូម​អញ្ជើញទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន​ ជាមួយ​លោក សម្យ កំសាន្ត នាយក​រង​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ទទួល​បន្ទុក​សាលា​រៀន​ជំនាន់ថ្មី ដូចតទៅ៖​
 


«ជា​មោទនភាព​ដែរ ដែល​ពួក​យើងនៅ​​ជំនាន់ថ្មីនេះ។ យើង​ធ្វើ​កំណែ​ទម្រង់​ដោយ​តាំង​ចិត្ត​ថា សហការ​ ឬក៏​គាំទ្រ​កម្មវិធី​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​។ យើង​ពិត​ជា​មាន​មោទនភាព​ ដែល​យើង​ប្រឹងប្រែង​ ហើយ​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ ទាំង​គុណភាព​នៃ​ការ​អប់រំ​ ទាំង​សមិទ្ធផល​ទៅដល់​មហាជន​ដែល​គេស្គាល់សាលារៀនជំនាន់ថ្មី»។​ នេះជា​ការ​លើកឡើងរបស់​លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី។​
 
ការ​អប់រំ​នៅ​សាលា​រៀន​ជំនាន់ថ្មី ជាសមិទ្ធផលមួយ នៃការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ។ លើស​ពីនេះ ការ​សិក្សា​នៅ​សាលារៀន​ជំនាន់ថ្មី មិនមែន​រៀន​តាម​សៀវភៅ​ក្រសួង​អប់រំ និង​សម្រាប់តែ​ត្រៀម​ប្រឡង​ទេ។ នៅទីនេះ សិស្ស​ត្រូវ​រៀន​មួយ​ថ្ងៃ​ពេញ ចាប់ពី​​ម៉ោង ៧និង​២០នាទីព្រឹក រហូតដល់​ម៉ោង​៤រសៀល។​
  
លោក សម្យ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលបន្ទុកសាលារៀនជំនាន់ថ្មី
 
ទន្ទឹម​នឹង​នេះ សាលា​ជំនាន់ថ្មី ត្រូវ​ការ​ចាំបាច់​នូវ​ការ​ពង្រឹង​គុណភាព​អប់រំ​របស់​ខ្លួន​ជា​ប្រចាំ​ ដើម្បី​អាច​ចូលរួម​ប្រកួត​ប្រជែង​​ជា​មួយ​បណ្ដា​ប្រទេស​ដទៃ។ ​លោក សម្យ កំសាន្ត បាន​ឱ្យដឹងថា ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំការអប់រំនៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ តែងមានការផ្លាស់ប្ដូរ។ លោក បញ្ជាក់ថា៖ «យើង​ព្យាយាម​មិនឱ្យ​គុណ​ភាព​នៅ​ដដែល​ទេ​ វា​ត្រូវតែ​កើន​ឡើង​។ នៅ​គ្រប់​ការ​ប្រជុំ​ យើងតែង​និយាយថា របារស្ដង់ដារ​​គុណភាព​របស់​សាលាយើង​មិនអាច​នៅ​ដដែលទេ យើងត្រូវ​រំកិលបន្តិចម្ដងៗ»។​
 
ដោយ​ឡែក​បន្ទប់​រៀន​នៅ​សាលា​ជំនាន់​ថ្មី មិនបាន​បែងចែកជា​ថ្នាក់ ក,ខ ឬA, B នោះទេ តែ​បាន​រៀបចំជា​ថ្នាក់​គណិតវិទ្យា, គីមីវិទ្យា និង​ជីវវិទ្យាជាដើម។ ការ​រៀបចំ​​បែបនេះ លោក សម្យ កំសាន្ត ពន្យល់​បែបនេះ៖ «នេះជា​លក្ខណៈ​ពិសេស​មួយ​ខុស​ពី​សាលា​ដទៃ​។ នៅ​សាលា​ដទៃ គេ​មាន​ថ្នាក់​ A,B,C តែ​នៅ​នេះអត់​មាន​ទេ​ មាន​តែ​ថ្នាក់​គីមី​ មុខវិជ្ជាគណិត និង​មុខវិជ្ជា​រូប​​។ មុខវិជ្ជា​ទាំង​អស់សុទ្ធ​តែមាន​ថ្នាក់ គឺ​កូន​សិស្ស​ដល់​ម៉ោង​រៀនអ្វី ត្រូវ​ចូលថ្នាក់នោះទេ»។
  
រូបភាពពីសាលារៀនជំនាន់ថ្មី

បើតា​ម​នាយករងទទួលបន្ទុកសាលារៀនជំនាន់ថ្មីរូបនេះ ការ​បែងចែកបែបនេះ ដើម្បី​ផ្ដល់​ភាព​ងាយស្រួលដល់​សិស្សានុសិស្សព្រោះ​នៅ​តាម​បន្ទប់​មុខវិជ្ជា​នីមួយ ត្រូវ​បាន​បំពាក់​សម្ភារបច្ចេកទេសខុសៗគ្នា​។​ ជាមួយ​គ្នានេះ ការ​សិក្សានៅទីនេះ តែងមាន​ការ​ផ្លាស់ប្ដូរ តាម​រយៈ​ការ​បញ្ជ្រាប​នូវ​បច្ចេកវិទ្យា​, ការ​ផ្លាស់​ប្ដូរ​នូវ​វិធីសាស្រ្ត​បង្រៀន និង​ការ​ទទួល​ទាន​អាហារ​របស់​សិស្ស​​ជាដើម។​
 
នាពេល​ថ្មីៗនេះ សាលារៀនជំនាន់ថ្មី បាន​ប្រមូល​ថវិកា​ពី​ឪពុកម្ដាយ អាណាព្យាបាល និង​សប្បុរសជន​ ដើម្បី​សាងសង់​អាគារ​មួយ ដែល​មាន​សាល​លក់​អាហារដ៏​អនាម័យ​​នៅខាង​ក្រោម។ លោក សម្យ កំសាន្ត អះអាងដូច្នេះ៖ «សូម្បី​តែ​របៀប​ហូប​អាហារ​ក៏​យើង​គិត​​គូរដែរ ពី​មុន​មិនដែល​ខ្វល់​នោះទេ តែ​ឥឡូវ​យើង​ចាប់​ផ្ដើម​គិត​។ ពីមុន​យើង​មិន​មាន​កន្លែង​លក់អាហារ អ្នក​លក់​លក់​ប៉ាតណាប៉ាតណី។ អត់មា​ន​អនាម័យ អត់​ស្ដង់ដារជាដើម​»។ 


 រូបភាពពីសាលារៀនជំនាន់ថ្មី

សូម​បញ្ជាក់ថា សាលារៀន​ជំនាន់ថ្មី នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាសមិទ្ធផល​មួយ នៃ​ការធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដែលបានសម្ភោធដាក់ឱ្យដំណើរការ​កាល​ពីខែមិថុ​​​​​នា ឆ្នាំ២០១៦។ សាលារៀនជំនាន់ថ្មី បានអនុវត្តកម្ម​វិធីសិក្សាថ្មីពេញលេញដំបូងគេនៅសាលារដ្ឋ គឺSTEM-Ed ដែលទាក់ទាញសិស្សពូកែៗ​ចូលរៀន ដោយ​ប្រែក្លាយសិស្សមិនចូលចិត្តរៀនវិទ្យាសាស្ត្រឱ្យចាប់អារម្មណ៍ និងរៀនពូកែ៕ 

Tag:
 អប់រំ
  ជំនាន់ថ្មី
  គុណភាព​
© រក្សាសិទ្ធិដោយ thmeythmey.com