កីឡាជាតិ
ជាតិ
ជំនួបក្រុមបាត់ដំបងយូណាយធីត-ផ្ការីកគ្រាប់រដូវ បង្ហាញសន្ទុះគាំទ្រខ្លាំង នៅបាត់ដំបង
31, Jul 2023 , 7:59 pm        
រូបភាព
លោក គង់ វង្ស អបអរគ្រាប់បាល់ក្រោយទម្លាយសំណាញ់ទីភ្ញៀវផ្ការីកគ្រប់រដូវ
លោក គង់ វង្ស អបអរគ្រាប់បាល់ក្រោយទម្លាយសំណាញ់ទីភ្ញៀវផ្ការីកគ្រប់រដូវ
ដោយ:
បាត់ដំបង៖ លោក គង់ វង្ស ស្ថាបនិកក្រុមបាល់ទាត់បាត់ដំបងយូណាយធីត រំភើបចិត្តនៅពេលឃើញការគាំទ្រវិស័យកីឡាបាល់ទាត់នៅខេត្តបាត់ដំបងមានសំទុះខ្លាំង ជាពិសេសក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង រវាងក្រុមម្ចាស់ផ្ទះបាត់ដំបងយូណាយធីត និងភ្ញៀវផ្ការីកគ្រប់រដូវ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

 
ជុំវិញការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារបាត់ដំបង មន្ទីរពេទ្យបង្អែកបាត់ដំបង និងប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្តបាត់ដំបង លោក គង់ វង្ស ប្រធានក្លិបបាល់ទាត់បាត់ដំបងយូណាយធីតបញ្ជាក់ថា នេះជាការស្រលាញ់ដែលលោកមានតាំងពិតូច និងមានការតាំងចិត្តចង់ធ្វើដើម្បីរួមចំណែកក្នុងសង្គមជាតិ។
 
ថ្លែងក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ ក្រោយបញ្ចប់ការប្រកួត លោក គង់ វង្ស បញ្ជាក់ថាមានតែការប្រកួតទីបីនេះទេមានអ្នកមកគាំទ្រច្រើនដែលលោកនឹកស្មានមិនដល់ គឺលើសពីការប្រកួតលើកទីមួយ និងទីពីរនាពេលកន្លងមកដែលលោកបានរៀបចំដើម្បីសប្បុរសធម៌ជួយដល់មន្ទីរពេទ្យ និងប្រជាជនក្រីក្រមួយចំនួនក្នុងខេត្តបាត់ដំបង។
 
លោក គង់ វង្ស និយាយថា៖«សម្រាប់ការប្រកួតទីបីនេះមានអ្នកគាំទ្រច្រើនជាងលើកទី១ និងទី២ ដោយសារក្រុមផ្ការីកគ្រប់រដូវរបស់បងពាក់មី មានតារាច្រើន»។ លោកវេជ្ជបណ្ឌិតផ្នែកឆ្អឹងដែលបានបញ្ចប់ការសិក្សាពីប្រទេសបារាំងរូបនេះបន្ថែមថា ការប្រកួតនីមួយៗលោកចំណាយច្រើនខ្ទង់ពាន់ដុល្លារតែលោកក៏បង្ហាញអារម្មណ៍សប្បាយរីករាយពេលមានអ្នកគាំទ្រច្រើន។
 
«ខ្ញុំសប្បាយចិត្តពេលដែលឃើញបងប្អូននៅក្នុងខេត្តបាត់ដំបងមកគាំទ្របាល់ទាត់ច្រើន ពិសេសថ្ងៃនេះអាកាសធាតុល្អ មិនរំខានដល់ការប្រកួតរបស់យើង»។ បុរសវ័យកណ្តាលរូបនេះនិយាយដូច្នេះ។ ស្ថាបនិកការប្រកួតដើម្បីសប្បុរសធម៌ជួយកុមារ និងពលរដ្ឋក្នុងខេត្តបាត់ដំបងក៏សង្ឃឹមថាខ្លួននឹងមានសមត្ថភាពក្នុងការរៀបចំការប្រកួតជាលើកទីបួនសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួនផងដែរ។
 
គួបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌របស់ក្រុមបាត់ដំបងយូណាយធីតនៅក្នុងខេត្តបាត់ដំបងមានបីលើក ដោយប្រកួតដំបូងជាមួយសាកលវិទ្យាជាតិបាត់ដំបង បន្ទាប់ជាមួយជីងចក់ អេហ្វស៊ី និងចុងក្រោយនេះជាមួយក្រុមផ្ការីកគ្រប់រដូវ។ ថវិការដែលចំណាយក្នុងមួយប្រកួតអស់ដល់ ៥០០០ដុល្លារអាមេរិក៕
 
 

Tag:
 កីឡាបាល់ទាត់
 គ់ង វង្ស
© រក្សាសិទ្ធិដោយ thmeythmey.com