ជាតិ
ប្រធានសហជីព យល់ថា កម្មករគួរបានប្រាក់ខែគោល ២២០ទៅ៣០០ដុល្លារ នៅឆ្នាំ២០២៤
31, Jul 2023 , 9:59 pm        
រូបភាព
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC)
ភ្នំពេញ៖ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាថា កម្មកររោងចក្រកាត់ដេរ គួរទទួលបានប្រាក់ឈ្នួល ក្នុងចន្លោះពី២២០ ដល់៣០០ដុល្លារ ក្នុងមួយខែ ទើបអាចទ្រង់ទ្រងជីវភាពបានសមរម្យ។

 
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំណត់ថ្ងៃកិច្ចប្រជុំ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើ​ដំណើរ​ សម្រាប់​ឆ្នាំ២០២៤ហើយ គឺថ្ងៃទី១៦សីហា ខាងមុននេះ។ កិច្ចប្រជុំនេះ គឺមានបីភាគីចូលរួម មានមន្ត្រីក្រសួងការងារ តំណាងនិយោជក និងសហជីព។ 
 
ក្នុងកិច្ចប្រជុំនេះ មានមេដឹកនាំសហជីពកម្មករ១៧រូបចូលរួម ក្នុងនោះ ក៏មាន ប្រធានសហភាពការងារកម្ពុជាដែរ។ តាមការសិក្សានិងវាយតម្លៃជាបឋមរបស់លោក អាត់ ធន់ បានលើឱ្យដឹងថា កម្មករទាល់តែទទួលបានប្រាក់ខែគោលចាប់ពី២២០ដល់៣០០ដុល្លារ ក្នុងមួយខែ ទើបអាចរស់នៅសមរម្យបាន។ 
 
យ៉ាងណា ប្រធានសហភាពការងារកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗបន្ថែមតាមប្រព័ន្ធតេឡេក្រាមដូច្នេះ៖ «យើងកំពុងសិក្សាបន្ថែម ពីស្ថានភាពរស់នៅកម្មករ ដើម្បីត្រៀមចរចាក្នុងកិច្ចប្រជុំជាមួយនិយោជក។ តែយើងមិនទាន់ចេញតួលេខចុងក្រោយទេ! តួលេខបឋមរបស់យើង គឺ២២២ដល់៣០០ដុល្លារ ទើបអាចឱ្យកម្មកចាយវាយសមរម្យបាន»។ 
 
ពាក់ព័ន្ធនឹងការចរចាប្រាក់ខែគោលនេះ កម្មកររោងចក្រម្នាក់ លោក ឡុង កក្កដា មិនរំពឹងថា បានប្រាក់អប្បបរមាឡើងនោះទេ ដោយគ្រាន់តែសង្ឃឹមថា ខ្លួនអាចមានការងារធ្វើជាប្រចាំ។ លោកអះអាងបែបនេះ ដោយសាររោងចក្រដែលលោកបំពេញការកន្លងមក បានបិទ ហើយសព្វថ្ងៃលោកធ្វើការងារចល័ត ហើយគិតប្រាក់ឈ្នួលជាថ្ងៃតាមបណ្ដារោងចក្រ។ 
 
«រោងចក្រដែលខ្ញុំធ្វើ គឺបិទហើយ! រាល់ថ្ងៃគឺដើរធ្វើតាមរោងចក្រនានា គិតប្រាក់ឈ្នួលជាថ្ងៃវិញ ហើយមិនចង់បានប្រាក់ខែឡើងអីទេ! និយាយឱ្យត្រង់ខ្ញុំសុំតែមានការងារធ្វើ គឺល្អពេកហើយ!»។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក កក្កដា លើកឡើងបែបនេះ។ 
 
សូមជម្រាបថា ប្រាក់ខែគោលកម្មករនៅឆ្នាំ២០២៣ គឺ២០០ដុល្លារ ក្នុង១ខែ៕  
 

Tag:
 កម្មករ
  ប្រាក់ខែគោល
© រក្សាសិទ្ធិដោយ thmeythmey.com