អន្តរជាតិ
លោកស៊ី ជិនភីង តែងតាំងប្រមុខកងទ័ពគ្រប់គ្រងអាវុធនុយក្លេអ៊ែរថ្មី
01, Aug 2023 , 5:19 pm        
រូបភាព
លោក ស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គមេបញ្ជាការយោធាចិន ឈរនៅកណ្តាលជាមួយមន្រ្តីយោធាជាន់ខ្ពស់ខ្លួន។ រូបភាព Xinhua
លោក ស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គមេបញ្ជាការយោធាចិន ឈរនៅកណ្តាលជាមួយមន្រ្តីយោធាជាន់ខ្ពស់ខ្លួន។ រូបភាព Xinhua
លោក ស៊ី ជិនភីង ប្រធានាធិបតី និងជាអគ្គមេបញ្ជាការយោធាចិនផង នៅថ្ងៃទី៣១ ខែកក្កដា បានតែងតាំងប្រមុខកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរថ្មី។

 
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Xinhua អតីតមេបញ្ជាការរងនៃកងទ័ពជើងទឹកចិន លោក Wang Houbin ត្រូវបានតែងតាំងជាប្រមុខកងកម្លាំងរ៉ុក្កែតនៃកងទ័ពរំដោះប្រជាជនចិន (PLA) ខណៈលោក  Xu Xisheng ត្រូវបានតែងតាំងជាស្នងការនយោបាយ។ មន្រ្តីយោធាជាន់ខ្ពស់ទាំងពីររូប សុទ្ធតែទទួលបានឋានៈជានាយឧត្តមសេនីយ៍។ 
 
មុនទទួលបានឋានៈមួយនេះ លោក Wang បានតំណែងជាមេបញ្ជាការរងនៃកងទ័ពជើងទឹកចិនចាប់តាំងពីឆ្នាំ២០២០។ ពីមុនមក បុរសរូបនេះ ក៏ធ្លាប់កាន់តំណែងជានាយសេនាធិការរងកងទ័ពជើងទឹកផង។ ចំណែក លោក Xu វិញ ជាអតីតមន្រ្តីគ្រប់គ្រងរងផ្នែកមនោគមវិជ្ជានយោបាយ នៃបញ្ជាការភូមិភាគខាងត្បូងរបស់ចិន។ 
 
ការតែងតាំងនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនពេលចិនបារព្ធខួបលើកទី៩៦ នៃកម្លាំងរំដោះប្រជាជនចិន។ យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មាន Xinhua មិនបានបញ្ជាក់ឡើយ ថាតើប្រមុខកម្លាំងរ៉ុក្កែតមុន ត្រូវបានតែងតាំងជាតំណែងអ្វីឡើយ។ 
 
កន្លងមក ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានប្តេជ្ញាអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួនឱ្យក្លាយជាលំដាប់ពិភពលោក ដូចប្រទេសដទៃ និងមានសមត្ថភាពប្រឆាំងជាយុទ្ធសាស្រ្ត។ 
 
សូមបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពទីក្រុងស្តុកខុល (SIPRI) ក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិនមានប្រមាណ ៤១០គ្រាប់ នៅក្នុងឆ្នាំ២០២៣។ ចំនួននេះ នៅតែរំពឹងថា នឹងកើនឡើងថែមទៀត៕ 
 

Tag:
 ចិន
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com