ជាតិ
ADB ​អនុម័ត​កម្ចី​១០០លានដុល្លារ ​ជួយដោះ​ស្រាយបញ្ហាគម្លាត និងកង្វះខាតជំនាញនៅកម្ពុជា
01, Aug 2023 , 8:19 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បី​ ជួយ​​លើកកម្ពស់ សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹង  ធ្វើឡើងតាមរយៈកំណែទម្រង់ និងការ​វិនិយោគ​លើ​វិស័យអប់រំ និងបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) រួមជាមួយនឹង​ការចូលរួម​ពី​វិស័យឯកជន។ នេះបើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់ ADB ចុះថ្ងៃទី០១ ខែសីហា។

 
​បើតាមសេចក្ដីប្រកាសព័ត៌មានពីទីក្រុងម៉ានីល ADB ​បញ្ជាក់ទៀតថា កម្មវិធីរងទីមួយ នៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត​ នឹងជួយប្រែ​ក្លាយ​កម្ពុជា​ទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិទ្យា​ តាមរយៈការ​ពង្រឹងធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្តល់ការ​បណ្តុះបណ្តាលប្រកបដោយបរិយាបន្នដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់​ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។
 
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មាន​ប្រសាសន៍ថា ​ការកែទម្រង់កម្លាំងពលកម្ម និងការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទាមទារឱ្យមាន​កំណែ​​ទម្រង់ជាបន្តនៃប្រព័ន្ធ TVET តាមរយៈយុទ្ធសាស្ត្រស៊ីជម្រៅ និងការវិនិយោគជាបន្តបន្ទាប់​ ឱ្យទាន់​ពេលវេលា។ លោកស្រី Jyotsana Varma បន្ថែមថា៖ «កំណែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន​TVETទាំងនេះ មានសារសំខាន់សម្រាប់ការរៀបចំកម្ម​វិធីបណ្តុះបណ្តាល ដែលឆ្លើយតបនឹងតម្រូវការទីផ្សារ ធ្វើឱ្យប្រសើរឡើងនូវទីតាំងនិងឧបករណ៍បណ្តុះ​បណ្តាល និងពង្រីកមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។»។
 
មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានសាកល្បងដោយរាជរដ្ឋាភិបាល ក្រោមគម្រោងជំនាញសម្រាប់​ភាពប្រកួត​ឈ្នះ​ ​ផ្តល់ហិរញ្ញប្បទានដោយ ADB ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៩ ដើម្បីបង្កើនជំនាញ និងសមត្ថភាពប្រកួតប្រជែងនៃកម្លាំងពលកម្មដែលកំពុងកើនឡើងរបស់កម្ពុជា។ ការដាក់សាកល្បង SDF នេះ បាននឹងកំពុងឆ្លើយតបទៅនឹងតម្រូវការបណ្ដុះបណ្ដាលជំនាញសម្រាប់វិស័យឧស្សាហកម្ម តាមរយៈ ភាពជាដៃគូសហហិរញ្ញប្បទានជាមួយស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម ភ្នាកងារផ្តល់ការបណ្តុះ បណ្តាល និងដៃគូអភិវឌ្ឍន៍នានា។
 
បើតាម ADB បញ្ហាប្រឈមសំខាន់ៗចំនួនបី រួមចំណែកជាឧបសគ្គទូទៅ​ ដែលកំពុងជាបញ្ហាប្រឈម​សម្រាប់​ប្រព័ន្ធ TVET កម្ពុជាគឺ កង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ​ និងនៃចក្ខុវិស័យអន្តរកម្មរបស់​ឧស្សាហកម្មនានា, និងការផ្តល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍជំនាញ។ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាពនៃ កម្លាំង​ពលកម្ម​បច្ចុប្បន្ននិងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើ​ពិពិធកម្ម និង អន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ចនាពេល អនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។
 
មានអ្នកធ្វើការប្រមាណ ៩​លាន​នាក់​ ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា ដែលក្នុងនោះមាន​ស្ត្រី​​ ៤៩% នៃ​ កម្លាំង​ពលកម្មទាំងនោះ។ គិតត្រឹមឆ្នាំ ២០២១ ប្រជាពលរដ្ឋកម្ពុជា៥៤% មានអាយុក្រោម ៣0 ឆ្នាំ ដែលនេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេសក្នុងការបង្កើនការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និងលើកកម្ពស់ជំនាញរបស់និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្មផងដែរ។ 
 
កម្មវិធីនេះគឺជាធាតុផ្សំដ៏សំខាន់នៃការគាំទ្ររបស់ ADB សម្រាប់រាជរដ្ឋាភិបាលក្នុងការពង្រឹងធនធាន​មនុស្ស និងអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ។ វា​ក៏​​អនុលោម​តាម​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រួម​របស់រាជ​រដ្ឋាភិបាល​ក៏ដូចជា​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​ប្រទេស​កម្ពុជា ឆ្នាំ ២០១៩-២០២៣ ។
 
ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និង​និរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រ​ខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះ​មាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕
 

Tag:
 ADB
  កម្ចី
  ពលកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com