អន្តរជាតិ
ព្យុះ Doksuri បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ បាត់បង់ជីវិតនៅក្រុងប៉េកាំង
01, Aug 2023 , 4:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
អាជ្ញាធរក្រុងប៉េកាំង បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១១នាក់ បានបាត់បង់ជីវិត និង ២៧ផ្សេងទៀត បន្តបាត់ខ្លួនដោយសារព្យុះ Doksuri។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃទី១ ខែសីហា។

 
ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមក ព្យុះ Doksuri បានបោកបក់មកលើចិន និងបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើត និងខាងជើងចិន រួមទាំងក្រុងប៉េកាំង។ គ្រោះមហន្តរាយនេះ បានធ្វើឱ្យមានទឹកជំនន់ ខណៈមនុស្សចំនួន ១១នាក់ បានបាត់បង់ជីវិត និង២៧នាក់ បន្តបាត់ខ្លួន ក្នុងក្រុងប៉េកាំង។ 
 
ទីស្នាក់ការកណ្តាលក្នុងការជួយសង្រ្គោះគ្រោះរាំងស្ងួត និងគ្រប់គ្រងទឹកជំនន់របស់ក្រុងប៉េកាំង បានអះអាងថា មនុស្សចំនួន៤នាក់ បានស្លាប់នៅក្នុងខណ្ឌMentougou និងពីរនាក់ទៀត នៅក្នុងខណ្ឌFangshan។ សង្កាត់ពីរនេះ រងផលប៉ះពាល់ខ្លាំង ដោយសារព្យុះ។ ទន្ទឹមនេះ ខណ្ឌChangping មានអ្នកស្លាប់ចំនួន ៤នាក់ និងខណ្ឌ Haidian មានអ្នកស្លាប់ម្នាក់។ 
 
គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី១ ខែសីហា ក្រុងប៉េកាំង មានកម្រិតទឹកភ្លៀង ២៥៧,៩ មីលីម៉ែត្រ និងជាយក្រុងមានកម្រិត ២៣៥,១មីលីម៉ែត្រ។ ស្របគ្នានេះ ខណ្ឌMentougou និងខណ្ឌFangshan ក្នុងក្រុងប៉េកាំង មានកម្រិតទឹកភ្លៀងធ្លាក់លើសពី ៤១០មីលីម៉ែត្រ។ 
 
ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានបញ្ជាឱ្យមន្រ្តីខិតខំឱ្យអស់លទ្ធភាព ដើម្បីជួយសង្រ្គោះមនុស្ស នៅក្នុងទឹកជំនន់ និងតំបន់រងគ្រោះ។ បើតាមលោកស៊ី វាពិតជាចាំបាច់ណាស់ ក្នុងការផ្តល់ការថែទាំដល់អ្នករងរបួស និងសុខុមាលភាពចំពោះគ្រួសារដែលមានមនុស្សស្លាប់។ ត្រង់ចំណុចនេះ មេដឹកនាំចិន បានចាត់ទុកការជួយសង្រ្គោះមនុស្ស និងទ្រព្យសម្បត្តិ ត្រូវតែធានាជាមួយកិច្ចខិតខំឱ្យបានខ្លាំងបំផុត។ 
 
កន្លងមក ប្រជាជនក្នុងក្រុងប៉េកាំង ប្រមាណ ១២៧០០០នាក់ បានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ពីតំបន់មានភ្លៀងធ្លាក់ខ្លាំង៕ 
 

Tag:
 ចិន
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com