អន្តរជាតិ
អាម៉េរិក អញ្ជើញរដ្ឋមន្រ្តីការបរទេសចិនថ្មី លោកវ៉ាង យី ទៅវ៉ាស៊ីនតោន
02, Aug 2023 , 9:59 am        
រូបភាព
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្នុងខែកក្កដា។ រូបភាព AFP
លោក វ៉ាង យី មន្រ្តីការទូតជាន់ខ្ពស់ចិន ចាប់ដៃជាមួយលោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅក្នុងខែកក្កដា។ រូបភាព AFP
អាម៉េរិក បានអញ្ជើញរដ្ឋមន្រ្តីការបរទេសចិនថ្មី លោក វ៉ាង យី ទៅក្រុងវ៉ាស៊ីនតោន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១ ខែសីហា។ នេះជាការអញ្ជើញលើកដំបូង ចាប់តាំងពីលោកវ៉ាង ចូលកាន់តំណែងជាប្រមុខការទូតចិនថ្មី។

 
លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន​ នៅសប្តាហ៍មុន ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសចិនជាថ្មី ក្រោយលោក ឈីន កាង ត្រូវបានដកតំណែង ដោយគ្មានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ក្រោយទើបកាន់តំណែងជាប្រមុខការទូតចិន លោកវ៉ាង ត្រូវបានអាម៉េរិក អញ្ជើញទៅក្រុងវ៉ាស៊ីនតោន។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ ខែសីហា ការអញ្ជើញលោកវ៉ាង ត្រូវបានផ្តល់ឱ្យក្នុងអំឡុងជំនួបរវាងឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink ជាមួយលោក Yang Tao អគ្គនាយកកិច្ចការអាម៉េរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើភាគីចិន បានទទួលយកការអញ្ជើញនោះឬយ៉ាងណា។ 
 
ការអញ្ជើញនេះ ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកអាន់តូនី ប្លីងខិន ប្រមុខការទូតអាម៉េរិក ធ្វើដំណើរទស្សនកិច្ចទៅចិននៅក្នុងខែមិថុនាកន្លងទៅ។ 
 
ប្រសិនបើលោកវ៉ាង ទទួលយកសំណើនេះ ប្រធានបទតៃវ៉ាន់ នៅតែសំខាន់សម្រាប់ភាគីទាំងពីរ ក្រោយសេតវិមានបានប្រកាសផ្ដល់ជំនួយផ្នែកយោធាថ្មីប្រមាណ៣៤៥លានដុល្លារដល់តៃវ៉ាន់។ ពាណិជ្ជកម្ម បម្រែបម្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងបញ្ហាផ្សេងទៀត ក៏អាចត្រូវបានលោកវ៉ាង និងលោកប្លីងខិន លើកទៅជជែកផង។ 
 
គួររំឭកថា​ នៅក្នុងខែកក្កដាកន្លងទៅ លោកវ៉ាង និងលោកប្លីងខិន បានជួបគ្នាទ្វេភាគី​នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងក្រុងហ្សាការតា ឥណ្ឌូណេស៊ី​៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com