ជាតិ
សង្គមជាតិ
សពនារីដែលបាត់ខ្លួន នៅទឹកធ្លាក់ឱម៉ាល់ ត្រូវបានរកឃើញ
02, Aug 2023 , 2:00 pm        
រូបភាព
កម្លាំងសមត្ថកិច្ចស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកំពត
កម្លាំងសមត្ថកិច្ចស្វែងរកជនរងគ្រោះដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការដ្ឋាននគរបាលខេត្តកំពត
សពនារីដែលបានបាត់ខ្លួន អំឡុងពេលបោះតង់នៅតំបន់ទឹកធ្លាក់ឱម៉ាល់ ត្រូវបានរកឃើញ ក្រោយប្រើពេល៤ថ្ងៃ ដើម្បីស្វែងរក។ 

 
ស្នងការខេត្តកំពត លោក ម៉ៅ ច័ន្ទ​មធុរិទ្ធ បានសរសេរសារខ្លីបែបនេះលើទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី២ សីហាថា៖ «សពប្អូនស្រីខួចត្រូវបានរកឃើញហើយ»។ សមត្ថកិច្ច​បានចំណាយពេល៤ថ្ងៃ រាប់ចាប់ពីថ្ងៃកើតហេតុនាយប់​ថ្ងៃទី​២៩​ខែកក្កដា ដើម្បី​ស្វែងរក​សពនារី​​ម្នាក់ ដែលបានបាត់ខ្លួន។ 
 
ជុំវិញករណីនេះ លោក ឃុត ឧសភា  នាយករដ្ឋបាលខេត្តកំពត ប្រាប់សារព័ត៌មានថ្មីៗថា សពដែលត្រូវបានរកឃើញ គឺនៅក្បែរកន្លែងកើតហេតុ ដោយកៀបនឹងថ្ម។ លោកបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានរៀបចំប្រគល់ទៅក្រុមគ្រួសារហើយ។ 
 
គួររំលឹកថា មានយុវជន​៤នាក់ ដែលមានប្រុស២នាក់ និងនារី​២នាក់​បាន​បោះតង់នៅលើតំបន់ទឹកជ្រោះឪម៉ាល់។ ក្នុងចំណោម​៤នាក់នេះ មានបុរសម្នាក់ បានទៅបោះតង់ជាបុគ្គលម្នាក់ឯង។ មានយុវជនមួយក្រុមទៀត ដែលមានបុរសម្នាក់ និងនារី​២នាក់ បានបោះតង់នៅទីនោះដែរ។ នៅពេលកើតហេតុ បុរសម្នាក់ដែល​បោះតង់​ជាលក្ខណៈឯកជន​តែម្នាក់ឯងនោះ មិនមានគ្រោះថ្នាក់នោះទេ។ ផ្ទុយទៅវិញ ទឹកធ្លាក់បានបោកនាំយក​ក្រុមយុវជនបុរស​ម្នាក់និងនារី​២នាក់​ធ្លាក់ជ្រោះ។ ក្នុងឧបទ្ទវហេតុនោះ បុរសម្នាក់​ត្រូវបានរកឃើញ​ដោយនៅមានជីវិត ហើយនារីម្នាក់​ត្រូវបានរកឃើញ​ថាស្លាប់។ នៅសល់តែ​តែនារីម្នាក់ទៀត​ដែល​ទើបត្រូវបានរកឃើញ​នៅ​រសៀលថ្ងៃទី​២ខែសីហានេះ៕
 

Tag:
 ទឹកធ្លាក់ឱម៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com