ជាតិ
សមត្ថកិច្ច បន្តស្វែងរកនារីម្នាក់ ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់
31, Jul 2023 , 12:59 pm        
រូបភាព
ក្រុមសមត្ថកិច្ច ស្វែងរកនារីម្នាក់តែបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការខេត្តកំពត
ក្រុមសមត្ថកិច្ច ស្វែងរកនារីម្នាក់តែបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការខេត្តកំពត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១កក្កដានេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បន្តដឹកនាំកងកម្លាំង ចុះស្វែងរកយុវតីម្នាក់ដែលបានបាត់ខ្លួន អំឡុងពេលទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់ កាលពីថ្ងៃទីយប់ថ្ងៃទី២៩កក្កដា។

 
រយៈពេល២ថ្ងៃហើយ ដែលយុវតីម្នាក់ បានបាត់ខ្លួននៅតំបន់ទឹកធ្លាក់ឱម៉ាល់ ក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរលើទំព័រហ្វេសប៊ុក ក្រុមការងារនៅតែបន្តស្វែងនៅឡើយ។ 
 
ក្រុមសមត្ថកិច្ច ស្វែងរកនារីម្នាក់តែបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការខេត្តកំពត 

«ព្រឹកនេះ ខ្ញុំចាប់ផ្តើមដឹកនាំកកម្លាំងស្វែងរកប្អូនស្រី ដែលរងគ្រោះនៅលើជ្រោះឱមាល់បន្តទៀត»។ នេះជាសារខ្លីរបស់ស្នងការខេត្តកំពត នៅថ្ងៃទី៣១កក្កដា ។ ជុំវិញព័ត៌មានលម្អិតដំណើរស្វែងរក សារព័ត៌មានថ្មីៗមិនអាចសុំការឆ្លើយតបពីលោកបន្ថែមបានឡើយ ដោយទាក់ទងទូរស័ព្ទមិនចូល។ 
 
នៅយប់ថ្ងៃទី២៩កក្កដា មានយុវតី៣នាក់បានបាត់ខ្លួន ដោយសារទៅបោះតង់នៅទឹកធ្លាក់ឱម៉ាល់  អំឡុងពេលមានភ្ញៀងធ្លាក់និងខ្យល់។ ជុំវិញករណីនេះ ក្រុមកម្លាំងជួយសង្គ្រោះបានរកឃើញយុវតីតែពីររូបប៉ុណ្ណោះ ក្នុងនោះមានស្លាប់ដោយសារធ្លាក់ចូលជ្រោះ ហើយម្នាក់ទៀតនៅមានជីវិត។ ចំណែក ម្នាក់ទៀត កំពុងបន្តស្វែងរក។ 
 
កាលពីថ្ងៃទី៣០កក្កដា ក្រុមជួយសង្គ្រោះ ក៏បានខិតខំស្វែងយុវតីម្នាក់ដែលបាត់ខ្លួនខាងលើដែរ ប៉ុន្តែមិនទទួលបានដំណឹងអ្វីឡើយ។ តែយ៉ាងណា ថ្ងៃទី៣០កក្កដា ក្រុមជួយសង្គ្រោះបានជួយជម្លៀស ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅទីនោះជាង១០០នាក់ ចេញពីតំបន់ទឹកធ្លាក់ឱម៉ាល់ទៅកាន់ទីសុវត្ថិភាព ខណៈពេលភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់៕ 
 
 


© រក្សាសិទ្ធិដោយ thmeythmey.com