ជាតិ
សមត្ថកិច្ច បន្តស្វែងពលរដ្ឋម្នាក់ទៀត ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់
30, Jul 2023 , 4:40 pm        
រូបភាព
អាជ្ញាធរចុះជួយសង្គ្រោះភ្ញៀវទេសចរចេញពីតំបន់ទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការខេត្តកំពត
អាជ្ញាធរចុះជួយសង្គ្រោះភ្ញៀវទេសចរចេញពីតំបន់ទឹកធ្លាក់ឱម៉ាល់។ រូបពី ស្នងការខេត្តកំពត
ភ្នំពេញ៖ លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ក្រុមកម្លាំងជួយសង្គ្រោះ កំពុងបន្តស្វែងរកពលរដ្ឋម្នាក់ទៀត ដែលបាត់ខ្លួនអំឡុងពេលបោះតង់នៅតំបន់ទឹកធ្លាក់ឱម៉ាល់។ លោក មិនទាន់ដឹងនោះទេថា អ្នកបាត់ខ្លួននោះ ជាយុវជនឬជាយុវតី។

 
 
លោក ឃុត ឧសភា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣០កក្កដានេះថា ក្រុមកម្លាំងអាជ្ញាធរ បានជួយសង្គ្រោះភ្ញៀវទេសចរជាង១០០នាក់ ចេញពីតំបន់ទឹកធ្លាក់ឱម៉ាល់ទៅកាន់ទីសុវត្ថិភាពហើយ។ ករណីនេះ លោកបញ្ជាក់ថា អាជ្ញាធរបានជូនដំណឹងមុនដែរ ពីស្ថានភាពអាកាសធាតុ ប៉ុន្តែ នៅតែមានភ្ញៀវទេសចរ បន្តទៅកម្សាន្តនិងបោះតង់នៅតំបន់ទឹកធ្លាក់។ 
 
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ កាលពីយប់ថ្ងៃ២៩កក្កដា បណ្ដាលឱ្យយុវជន៣នាក់ ដែលទៅបោះតង់នៅតំបន់ទឹកធ្លាក់ឱម៉ាល់ បានបាត់ខ្លួន។ ហើយនៅព្រឹកថ្ងៃទី៣០កក្កដា អាជ្ញាធរក៏រកឃើញ យុវតីវ័យក្មេង២នាក់ ក្នុងនោះម្នាក់ បានបាត់បង់ជីវិតដោយសារធ្លាក់ចូលជ្រោះ។ 
 
«ព័ត៌មានបឋម បាត់ខ្លួនយុវជន៣នាក់ ហើយក្នុងនោះ បានរកឃើញស្រី២នាក់ តែម្នាក់បានស្លាប់។ ហើយម្នាក់ទៀតកំពុងស្វែងរក ហើយខ្ញុំមិនទាន់ទទួលព័ត៌មានច្បាស់ទេថា ម្នាក់បាត់ខ្លួនដែលក្រុមការងារកំពុងរកជាប្រុសឬស្រី»។នាយករដ្ឋបាលខេត្តកំពតលើកឡើងបែបនេះ។ 
 
សូមជម្រាបថា ជំនន់ទឹកភ្លៀង កំពុងកើតមាននៅតំបន់មួយចំនួនទៀត មានដូចជាខេត្តកំពង់ស្ពឺ និងកោះកុង៕ 
 
 

Tag:
 ទឹកជំនន់
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com