អន្តរជាតិ
លោក ត្រាំ រងបទចោទធ្វើឱ្យមានចលាចលដល់ការបោះឆ្នោតឆ្នាំ២០២០
02, Aug 2023 , 3:39 pm        
រូបភាព
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ រូបភាព AFP
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១ ខែសីហា បានរងបទចោទចំនួន ៤ករណីបន្ថែមលើករណីសមគំនិតឆបោក និងរារាំង ពាក់ព័ន្ធនឹងការបង្កឱ្យមានចលាចលដល់ការបោះឆ្នោត នៅក្នុងឆ្នាំ២០២០។

 
តាមការចោទប្រកាន់លើកចុងក្រោយ ដែលមានកម្រាស់ ៤៥ទំព័រ លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក ត្រូវបានលោក Jack Smith រដ្ឋអាជ្ញា​ពិសេស ចោទពីករណីចំនួន ៤ ក្នុងនោះមានដូចជា បទសមគំនិតបន្លំអាម៉េរិក និងសមគំនិតលើការរារាំងដល់ដំណើរការសភាអាម៉េរិកទាំងពីរថ្នាក់ ក្នុងការបញ្ជាក់ពីជ័យជម្នះរបស់លោក ចូ បៃឌិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២០។ 
 
«គោលបំណងនៃបទសមគំនិតនេះ គឺធ្វើឱ្យមានចលាចលដល់លទ្ធផលស្របច្បាប់នៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ តាមរយៈការទាមទារដោយខុសលើការបោះឆ្នោត»។ ដីកាចោទធ្វើដោយលោក Smith  បានបញ្ជាក់បែបនេះ ដោយបន្តថា បើទោះចាញ់ការបោះឆ្នោតក៏ដោយ លោកត្រាំ នៅតែប្តេជ្ញាចង់បន្តកាន់អំណាចដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទន្ទឹមនេះ ដីកាខាងលើ បានបន្ថែមទៀតថា ក្រោយការបោះឆ្នោតប្រធានាធិបតីអាម៉េរិកជាងរយៈពេល២ខែ លោកត្រាំ បានផ្សព្វផ្សាយពាក្យកុហក ជុំវិញការបន្លំសន្លឹកឆ្នោត និងជ័យជម្នះរបស់លោក។ ត្រង់ចំណុចនេះ លោក Smith បានចាត់ទុកជាការយល់ខុស។ 
 
ជាការឆ្លើយតប លោកត្រាំ បានសរសេរលើបណ្តាញសង្គមរបស់ខ្លួន ដោយចោទសួររដ្ឋអាជ្ញាពិសេសថា ហេតុអ្វីបានជាមិនមានការចោទប្រកាន់លើរូបលោកកាលពីពេលជាង ២ឆ្នាំមុន។ ជុំវិញបញ្ហានេះ លោកត្រាំបានអះអាងថា រដ្ឋអាជ្ញាពិសេសអាម៉េរិក ចង់លូកដៃក្នុងយុទ្ធនាការឃោនាបោះឆ្នោតរបស់ខ្លួន។ លោកត្រាំ ជាបេក្ខជនប្រធានាធិបតីនាំមុខមួយសម្រាប់បក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ឆ្នាំ២០២៤។ 
 
គួររំឭកថា កន្លងមក លោកត្រាំ ត្រូវបានលោក Smith ចោទពីបទមិនទុកដាក់ឯកសាររដ្ឋាភិបាលអាម៉េរិកបានត្រឹមត្រូវ រួមទាំងប្រឈមមុខនឹងការជំនុំជម្រះក្តីពាក់ព័ន្ធនឹងការផ្តល់លុយទៅតារាស្រីអាសអាភាសផង៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com