អន្តរជាតិ
នាយករដ្ឋមន្រ្តីកាណាដា និងភរិយា ចែកផ្លូវគ្នា ក្រោយរៀបការ១៨ឆ្នាំ
03, Aug 2023 , 10:25 am        
រូបភាព
លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងភរិយា។ រូបភាព AFP
លោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីកាណាដា និងភរិយា។ រូបភាព AFP
នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ និងភរិយា លោកស្រី Sophie Grégoire Trudeau បានប្រកាសចែកផ្លូវគ្នា ក្រោយជីវិតអាពាហ៍ពិពាហ៍រយៈពេល១៨ឆ្នាំ។

 
ប្រមុខរដ្ឋាភិបាលកាណាដា លោក ចាស្ទីន ទ្រូដូ ដែលមានវ័យ ៥១ឆ្នាំ និងលោកស្រី Sophie Grégoire Trudeau វ័យ ៤៨ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំ២០០៥។ ក្នុងរយៈពេល ១៨ឆ្នាំមកនេះ មេដឹកនាំកាណាដា បានកូនៗចំនួន ៣រូប។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយ គូស្វាមីភរិយាមួយនេះ មានភាពមិនចុះសម្រុងគ្នា និងបង្ហាញមុខនៅទីសាធារណៈកាន់តែតិចជាងមុន។ 
 
តាមរយៈបណ្តាញសង្គម Instagram នៅថ្ងៃទី២ ខែសីហា លោក ទ្រូដូ បានប្រកាសពីការចែកផ្លូវគ្នា  ហើយអះអាងថា ពួកគេ នឹងបន្តភាពជិតស្និទ្ធជាមួយក្តីស្រលាញ់ និងការគោរព។ នេះជាមេដឹកនាំកាណាដាដំបូង ដែលបានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍នៅក្នុងពេលកាន់តំណែង ចាប់តាំងពីឪពុករបស់លោក។ 
 
លោក Pierre Trudeau អតីតនាយករដ្ឋមន្រ្តីកាណាដា និងលោកស្រី Margaret Trudeau ដែលជាឪពុកម្តាយលោកទ្រូដូ បានចែកផ្លូវគ្នានៅក្នុងឆ្នាំ១៩៧៧ និងលែងលះនៅក្នុងឆ្នាំ១៩៨៤។ 
 
ទាក់ទិននឹងការចែកផ្លូវគ្នានេះ បើទោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកផ្លូវគ្នា ប៉ុន្តែលោកទ្រូដូ និងភរិយា នៅតែបង្ហាញមុខជាសាធារណៈជាមួយគ្នាដដែល។
 
«ពួកគេបានធ្វើការជាមួយគ្នា ដើម្បីធានាថារាល់នីតិវិធីច្បាប់ ពាក់ព័ន្ធនឹងសេចក្តីសម្រេចក្នុងការចែកផ្លូវ ត្រូវបានអនុវត្ត»។ សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់បែបនេះ ដោយបន្តថា លោកទ្រូដូ និងលោកស្រី Sophie នឹងចំណាយពេលឈប់សម្រាកជាមួយគ្នានៅសប្តាហ៍ក្រោយ។ 
 
នៅក្នុងខួបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០២២ លោកស្រី Sophie បានអះអាងថា គូស្វាមីភរិយារបស់លោកស្រី បានឆ្លងកាត់រឿងជាច្រើន ទាំងរឿងល្អ រឿងអាក្រក់ជាមួយគ្នា៕ 
 
 

Tag:
 កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com